គ្រូ​គណិតវិទ្យា​បង្គាប់​ឱ្យ​សិស្ស​បឋមសិក្សា​រាប់​អង្ករ​ឱ្យ​គ្រប់ ១០០ លាន​គ្រាប់​

1170
ចែករម្លែក

លំ​ហាត់​កិច្ចការ​ផ្ទះ​ដ៏​ពិសេស​ដែល​ដាក់ឱ្យ​សិស្ស​ថ្នាក់​ទី​៤ នៃ​សាលាបឋមសិក្សា​មួយ​ក្នុង ខេត្ត​ហ្វូ​សាន (Foshan) ខេត្ត​គ័ង​ទុង (Guangdong) ប្រទេស​ចិន បានធ្វើ​ឱ្យមាន​ការជជែក វែកញែក​យ៉ាង​ក្តៅគគុក ក្នុងចំណោម​ឪពុកម្តាយ​សិស្ស និង​បណ្តា​អ្នក​ប្រើ​អ៊ិន​ធឺ​ណិ​ត ពីព្រោះ​តែ អ្នកគ្រូ​ម្នាក់​បានឱ្យ​ក្មេងៗ​រាប់​អង្ករ​ឱ្យបាន ១០០ លាន​គ្រាប់​។

​គ្រូ​គណិតវិទ្យា​ស្រី​ដែលមាន​ក្រ​កូ​ល ស៊ូ (Su) ខាងលើ​បាន​បង្គាប់​ឱ្យ​សិស្ស​របស់គាត់​ធ្វើ​លំ​ហាត់ កិច្ចការ​ផ្ទះ​ដ៏​ពិសេស​នេះ​ឱ្យ​ចប់​ក្នុង​រយៈពេល​ពីរ​ថ្ងៃ ហើយ​អ្នក​ដែល​រាប់​មិន​ចប់​ត្រូវ​រាប់ បន្ត​នៅ​ចុង​សប្តាហ៍​។

​ឪពុកម្តាយ​សិស្ស និង​បណ្តា​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​មួយចំនួន​បាន​ចោទ​សួរថា តើ​វា​ជា​អាចទៅរួច​ទេ ពីព្រោះ ១០០ លាន​គ្រាប់​ស្មើ​អង្ករ​រហូតដល់​ទៅ​ប្រមាណ​ជាង ១២ បាវ ហើយ​ទាល់តែ​ប្រើពេល​ជាង​មួយឆ្នាំ​ទើប​រាប់​ចប់​។

​ទោះជា​យ៉ាងណា អ្នក​ខ្លះទៀត​និយាយថា ពួកគេ​គាំទ្រ​លំ​ហាត់​កិច្ចការ​ផ្ទះ​ដ៏​ពិសេស​នេះ ពីព្រោះ​វា​ជួយ​ជំរុញ​ឱ្យ​សិស្ស​ប្រើ​ខួរក្បាល​សកម្ម​។

​អ្នកគ្រូ ស៊ូ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា “​ខ្ញុំ​មិន​សង្ឃឹមថា​សិស្ស​របស់ខ្ញុំ​រាប់​អង្ករ មួយ​គ្រាប់​ម្តងៗ​នោះទេ​។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា សិស្ស​របស់ខ្ញុំ​នឹង​រាប់​គ្រាប់​អង្ករ ១០០ គ្រាប់​ដំបូង បន្ទាប់មក​យក​តួលេខ​នោះ​ទៅ​គុណ​នឹង ១០ ឬ​គុណ​នឹង ១០០ រហូតដល់​គ្រប់ ១០០ លាន​គ្រាប់​”​។

​គាត់​បាន​បញ្ជាក់ថា គាត់​រីករាយ​ដែល​សិស្ស ១០ នាក់​ក្នុងចំណោម​សិស្ស​ជាង ៤០​នាក់ របស់គាត់​បានធ្វើ​លំ​ហាត់​កិច្ចការ​ផ្ទះ​ដ៏​ពិសេស​នេះ​ចប់​ជា​ស្ថាពរ​ដោយ​ការប្រើ​រង្វាស់​ពែង ឬ​ឧបករណ៍​ផ្សេងៗ​ដើម្បី​រាប់​អង្ករ​ទាំងនោះ​។​

​ជា​ចុងបញ្ចប់ អ្នកគ្រូ​បានផ្តល់​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ថា “​លំ​ហាត់​ពិសេស​នេះ​ជួយ​ឱ្យ​សិស្ស អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការវិភាគ និង​ដោះស្រាយ​បញ្ហា​”៕ ប្រែ​សម្រួល​: ខុម​

#