គ្រូ​ប្រដាល់​សាកល​ជើងចាស់ ឆោម ឆា​រី មាន​ជំងឺ​ប្រចាំកាយ និង​ភ្លេចភ្លាំង​

456
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា / ​ភ្នំពេញ​៖ លោក ឆោម ឆា​រី ដែលជា​អ្នក​ប្រដាល់​សាកល ជម្រើសជាតិនា​ទសវត្សរ៍​ឆ្នាំ​៦០ និង ៧០ នោះ បានកើត​មាន​ជំងឺ​ប្រចាំកាយ និង​ភ្លេចភ្លាំង​ច្រើន​។​

​សព្វថ្ងៃនេះ លោក​បានមក​រស់នៅ ភូមិ​កំ​ព្រំ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។ លោក​បាន​សម្រាក​ពីការងារអាជ្ញាកណ្ដាល ចៅក្រម​ប្រដាល់ ជាច្រើន​ឆ្នាំ​ដែរ​ហើយ ដោយសារ​វ័យ​ជរា និង​ជំងឺ​ប្រចាំកាយ​នេះ តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​សហព័ន្ធ​ប្រដាល់​សាកល​កម្ពុជា និង​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ នៅ​រក្សាទុករបប​ការងារតាម​សង្វៀន​នានា ប្រចាំ​សប្ដាហ៍ ជូន​លោក​ដដែល ។​

​ក្រោយ​សម័យ​ប៉ុល ពត លោក​បាន​ក្លាយជា​តួឯកដ៏​សំខាន់ជាមួយ​អ្នក​ប្រដាល់​ជើងចាស់ជាច្រើនរូប ដូចជា​លោក មិន យូ​វ៉ាន់ លោក នូវ ផេង លោក ជុំ ចំរើន និង​អ្នក​ប្រដាល់​ជើងចាស់ ជាច្រើនរូប​ទៀត បាន​បន្ត​អាជីព​ប្រដាល់ ទោះបី​វ័យ​របស់​ពួកគាត់កាន់តែច្រើន​ក៏ដោយ​។​

​ការឡើង​សង្វៀន​របស់​ពួកគាត់​វិញ កាលនោះ គឺ​ដើម្បី​ស្ដារ​ប្រដាល់​ឡើងវិញ និង​ដើម្បី​ស្វែងរក​អ្នក​ប្រដាល់​ជើងចាស់ដែល​នៅរស់ ជាពិសេសគឺ​ក្នុង​បំណង​បំផុស ក្មេង​ស្រករ​ក្រោយឲ្យ​ចាប់យក​អាជីពប្រដាល់​នេះ​តែម្ដង ។​

​ពេលនេះ អ្នក​ប្រដាល់​ជើងចាស់ ទាំងនោះ បានទទួល​មរណភាព​ទៅហើយ ។ អ្នក​ដែល​បាន​ស្លាប់ មាន​លោក នូវ ផេង លោក ជុំ ចំរើន លោក មិន យូ​វ៉ាន់ ជាដើម ។​សម្រាប់​លោក ឆោម ឆា​រី ពេលនេះមាន​វ័យ​ច្រើន​ហើយៗ ថែមទាំង​មាន​ជំងឺ​ទៀតផង ។ ចំពោះ​ប្រពន្ធ​របស់លោកក៏មាន​ជំងឺ ហើយ​សម្រាកនៅ​មន្ទីរពេទ្យ​ទៀតផង ។​

​ក្រោយពេល​បញ្ចប់​ការងារ ពី​ប្រដាល់ ជីវភាព​របស់លោក ជួប​ការលំបាក​ជាខ្លាំង ។ សព្វថ្ងៃនេះ ពេលខ្លះបាន​ញាតិ​ជិតខាងជួយផ្ដល់​អាហារ ដល់​រូបលោក ។​
​ជាមួយនឹង​ការលំបាក​នេះ ទើប​ថ្មីៗ​នេះ មន្ត្រី​បច្ចេកទេសរបស់​សហព័ន្ធ​ប្រដាល់ ដែល​បំពេញការងារ តាម​ស្ថានីយទូរទស្សន៍​នានា ដូចជា ទូរទស្សន៍ SEA-TV ស្ថានីយទូរទស្សន៍ TV5 ស្ថានីយទូរទស្សន​បាយ័ន និង​ស្ថានីយទូរទស្សន៍ CTN CNC MYTV សរុប​ចំនួន ១.២១០.០០០ រៀល ជូន​ដល់​គាត់ សម្រាប់​ជួយ​ដោះស្រាយជីវភាព​បាន​ខ្លះ​។​

​សហព័ន្ធ​ប្រដាល់​សាកល​កម្ពុជា សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បានប្រកាស​អំពាវនាវ ដល់​សប្បុរសជន​នានា ដែលមាន​បំណង​ជួយដល់​លោក ឆោម ឆា​រី សូម​ទាក់ទង​មក​លេខ​ទូរស័ព្ទ របស់លោក ជួន សុខ​វ៉ានឌី​គឺ ០១២ ៨៩៨ ៨១៥ ៕v/Ha

លោក ឆោម ឆា​រី