គ្រឿងចក្រ​និង​សម្ភារ​បោសសម្អាត​មីន​តម្លៃ​ជាង​​៥​លាន​ដុល្លារ​របស់​ជប៉ុន​ប្រគល់​ឲ្យ​ស៊ីម៉ាក់​

1229
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​មជ្ឈមណ្ឌល​កំចាត់មីន​ខេត្តបាត់ដំបង បាន​ប្រា​រព​ពិធី​ផ្ទេរ​ប្រគល់​គ្រឿងចក្រ និង​សម្ភារ​បោសសម្អាត​មីន នៃ​គម្រោង​សមាហរណកម្ម​បោសសម្អាត​មីន និង​ស​ង្រោះ​ជនពិការ​ដោយសារ​មីន​ដំ​ពាក់​កាល​ទី​៣ ក្រោម​ជំនួយ​ឧបត្ថម​របស់​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន​ជិត​៥,២​លាន​ដុល្លារ ជូន​ដល់​អង្គភាព​ស៊ីម៉ាក់​បោសសម្អាត​មីន ផ្តល់​ផលប្រយោជន៍​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ចំពោះ​ពលរដ្ឋ​ចំនួន​៤៥.២៦១​គ្រួសារ នៅ​ថ្ងៃទី​៨ ខែឧសភា នេះ​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​លោក ហូ​រិ​នូ​ឈិ ហិ​ដេ​ហិ​សា (Horinouchi Hidehisa) ឯកអគ្គរដ្ឋទូត​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​លោក ហេង រតនា ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា គ្រឿងចក្រ​និង​សម្ភារ​បោសសម្អាត​មីន នៃ​គម្រោង​សមាហរណកម្ម​បោសសម្អាត​មីន និង​ស​ង្រោះ​ជនពិការ ដោយសារ​មីន​ដំ​ពាក់​កាល​ទី​៣ រួមមាន​គ្រឿងចក្រ​កម្ទេច​មីន​ធុន​ធ្ងន់​ចំនួន​៥​គ្រឿង គ្រឿងបន្លាស់​គ្រឿងចក្រ និង​តង់​ស្នាក់នៅ​ចំនួន​៣៨​តង់ សរុប​ទឹកប្រាក់​ទាំងអស់​ចំនួន​៥២៥.៧០០.០០០​យ៉េន ឬ​ជិត​៥,២​លាន​ដុល្លា​អាមេរិក​។ គម្រោង​នេះ ត្រូវបាន​អនុវត្ត​លើ​ស្រុក​គោលដៅ​ចំនួន​៤ នៃ​ខេត្តបាត់ដំបង ដែលជា​ស្រុក​មាន​គ្រាប់មីន​ច្រើនជាងគេ​រួមមាន ស្រុក​សំឡូត ស្រុក​បាណន់ ស្រុក​រតនៈមណ្ឌល និង​ស្រុក​ប​វេ​ល​។ គម្រោង​នេះដែរ និង​ផ្តល់​ផលប្រយោជន៍​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ចំពោះ​ពលរដ្ឋ​ចំនួន​៤៥.២៦១​គ្រួសារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​ការសួរសុខទុក្ខ​ពី​សំណាក់​សម្តេច​ទាំងពីរ​ដល់​បង ប្អូន អ៊ុំ ពូ មីង និង​មន្ត្រីរាជការ​ទាំងអស់ និង​បាន​លើកឡើងថា​អ​តី​ក​កាល​ផ្ទៃដី​ព​ពេញ​ដោយ​គ្រាម់​មីន​ចូល​មិន​ចុះ តែ​ឥឡូវ​បានប្រែក្លាយ​ទៅជា​ចំការ និង​លំនៅដ្ឋាន​ទាំងនេះ ជាការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដែល​ផ្តើមចេញពី​ប្រទេស​មាន​សន្តិភាព ទើប​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​រីករាយ​។​

​សូម​បញ្ជក់​គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតមកដល់​ខែមីនា​ឆ្នាំ​២០១៨​កន្លងមកនេះ ស៊ីម៉ាក់​បានសម្រេច​លទ្ធផល​រុករក និង​កម្ទេចចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស មីន​ប្រឆាំង​រថ​គ្រោះ គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ សរុប​រួមទាំង​អស់ទាំង​គ្រាប់មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ គឺ​ជិត​២.៧​លាន​គ្រាប់​៕ ល​