គ្រឿងញៀន​កូកាអ៊ីន​ច្រើន​តោន​អណ្តែត​មក​ទើរ​ឆ្នេរសមុទ្រ​ហ្វីលីពីន​

428
ចែករម្លែក

​គ្រឿងញៀន​កូកាអ៊ីន​ជាច្រើន​តោន បាន​រសាត់អណ្តែត​មក​ទើរ​លើ​ឆ្នេរសមុទ្រ​ហ្វីលីពីន នៅក្នុង​អ្វីដែល​ក្រុម​អ្នក​អនុវត្ត​ន៍ច្បាប់​និយាយថា​មាន​ការកើនឡើង​យ៉ាង​ខ្លាំង​ក្នុងការ​​ប្រើប្រាស់​ផ្លូវទឹក​ដើម្បី​ដឹក​ជញ្ជូន​គ្រឿងញៀន​នៅ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក​ពី​សហរដ្ឋ​អាម៉េរិក​និង​អាម៉េរិក​ខាងត្បូង​​ ហើយ​នឹង​ការរីកចម្រើន​នៃ​ការផលិត​ថ្នាំញៀន​នៅ​ទូទាំង​តំបន់​​អាស៊ីអាគ្នេយ៍ ។​

​នៅក្នុង​ឧបទ្ទវហេតុ​ចុង​ក្រោយនេះ ដុំ​បន្ទះ​ម្សៅ​ដែល​គេ​សង្ស័យថា​ជា​គ្រឿងញៀន​កូកាអ៊ីន​ចំនួន​៧​ដុំ​ត្រូវបាន​គេ​រកឃើញ​កាលពី​ថ្ងៃអាទិត្យ​ ដែល​អណ្តែត​មក​ទើរ​នៅ​ជិត​ឆ្នេរ​​ខ្សាច់​មួយ​នៅ​ក្រុង​Mauban ក្នុង​ខេត្ត Quezon ចម្ងាយ​ប្រហែល ១៥០​គីឡូម៉ែត្រ​ពី​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ម៉ានីល​។​

​លោក Ramil Montilla មេ​ប៉ូលិស​ខេត្ត​Quezon បាន​និយាយថា បន្ទះ​ដុំ​គ្រឿងញៀន​ទាំងនេះ​មាន​តម្លៃ​ប្រហែល​ជា​៣៥​លាន​ប៉េសូ​(៧០៨.៣៨៧​ដុល្លារ​)​។​

​កាលពី​ខែ​ឧសភា ពួក​អ្នកនេសាទ​នៅ​ខេត្ត​Sorsogon ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​ខេត្ត​Quezon​បាន​បង់សំណាញ់​ជាប់​ឡាំង​ចំនួន​១២​ដែល​ផ្ទុក​គ្រឿងញៀន​កូកាអ៊ីន​ចំនួន​៣៩​ដុំ​​ដែល​មាន​តម្លៃ​សរុប​ជាង​២០០​លាន​ប៉េសូ​។

​កាលពីដើម​ខែ​កុម្ភៈ​ឆ្នាំ​មុន គ្រឿងញៀន​កូកាអ៊ីន​តម្លែ​៤៧២​លាន​ប៉េសូ ដែល​ដាក់​ជា​កញ្ចប់​ត្រូវបាន​រក​ឃើញ​អណ្តែត​មក​ជិត​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ចំនួន​៤​នៅ​ទល់មុខ​នឹង​សមុទ្រ​​ប៉ា​ស៊ី​ហ្វិ​ក។​

​ប៉ូលិស​បាន​និយាយថា ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ មាន​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ខ្លាំង​ដោយ​ដឹក​តាម​ទូក​ពី​សហរដ្ឋអាម៉េរិក​និង​អាម៉េរិក​ខាងត្បូង​ទៅ​អូស្ត្រាលី​កាត់​​តាម​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក៕​ដោយ​៖​សុខា​/sn/Ha

ប៉ូលិស​ហ្វីលីពីន​នៅ​ទីក្រុង​Davao បង្ហាញ​គ្រឿងញៀន​កូកាអ៊ីន​ដែល​បាន​រសាត់​មកទើ​រលើ​ឆ្នេរសមុទ្រ​