គ្រឿងអលង្ការ​និង​លម្អ​ធ្វើ​ពី​ភ្លុក​ដំរី​២២​គីឡូក្រាម ត្រូវបាន​ចាប់​រឹបអូស​នៅ​ថៃ​

575
ចែករម្លែក
  • 25
    Shares

​ក្រុមមន្ត្រី​ថៃ​បាន​ចាប់​រឹបអូស​យក​ភ្លុក​ដំរី​ចំនួន​៩៣០​ដុំ​ពី​ស្ត្រី​វៀតណាម​ម្នាក់​ដែល​ព្យាយាម​នាំយក​ភ្លុក​ដំរី​ទាំងនេះ ចូល​ប្រទេស​ថៃ​ពី​ប្រទេស​ឡាវ​។​

​លោក Naratchapol Lertratchatapasorn ប្រធាន​គយ​ខេត្ត​ថៃ​បាន​និយាយ​នៅ ថ្ងៃ​ចន្ទ​ទី​១៧​ខែធ្នូ​ថា ស្ត្រី​វៀតណាម ឈ្មោះ Nguen Kee Thanh​អាយុ​៤៣​ឆ្នាំនេះ​ត្រូវបាន​នាំ​​ទៅ​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ស្ត្រី​នេះ​បាន​មកដល់ ដោយ​ជិះ​រថយន្តក្រុង​ពី​ទីក្រុង​នៅ​ខេត្ត​Khammuane ប្រទេស​ឡាវ​។​

​ការឆែកឆេរ​ក្នុង​អីវ៉ាន់​របស់​ស្ត្រី​នេះ បាន​រកឃើញ​ភ្លុក​ដំរី​ចំនួន​៩៣០​ដុំ​និង​គ្រឿង​តុបតែង​អំពី​ភ្លុក​ដំរី​ជាច្រើន​ដោយមាន​ទម្ងន់​២២​គីឡូក្រាម ដែលមាន​តម្លៃ​សរុប​ជាង​មួយ​​លាន​បាត​។​

​មន្ត្រី​គយ​ខេត្ត​នេះ បាន​និយាយថា ជនសង្ស័យ​ដែល​មកពី​ខេត្ត​Ha Tinh របស់​វៀតណាម​នេះ បាន​និយាយថា​គាត់​ត្រូវបាន​ឱ្យប្រាក់​ចំនួន​២.០០០​បាត​ដើម្បី​នាំយក​ភ្លុក​ដំរី​ទាំ​​ង​នេះ​ពី​វៀតណាម​ហើយ​ដាក់​ភ្លុក​ដំរី​ទាំងនេះ​នៅ​ចំណតរថយន្ត​ក្រុង​ខេត្ត Nakhon Phanom ប្រទេស​ថៃ ដើម្បី​ឱ្យគេ​ម្នាក់ទៀត​មក​យក​។​

​ការនិយាយ​របស់​ស្ត្រី​នេះ មិនត្រូវ​បាន​ជឿ​នោះទេ ។ ក្រុម​អាជ្ញាធ​ថៃ បាន​សង្ស័យថា ស្ត្រី​នេះ ជា​សមាជិក​នៃ​ក្រុម​អ្នកជួញដូរ​ភ្លុក​ដំរី​ចូល​ប្រទេស​ថៃ​ហើយ​ត្រូវបាន​ចោទ​​ប្រកាន់​ពីបទ​ជួញដូរ​ភ្លុក​ដំរី ដែល​អាច​ប្រឈម​ការជាប់គុក​៣​ឆ្នាំ​៕

​ក្រុម​អាជ្ញាធរ​ថៃ​ពិនិត្យមើល​ភ្លុក​ដំរី​ដែល​ចាប់បាន​ពី​ស្ត្រី​វៀតណាម កាលពី​ថ្ងៃអាទិត្យ​