គ្រៀង ក្រៃ អាច​បន្ថែម​ស្ថិតិ​ឈ្នះ​បាន​ឬទេ​?

1021
ចែករម្លែក

(​ភ្នំពេញ​)៖ ព្រឹត្តិការណ៍​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦៥​គីឡូក្រាម លើស​ង្វៀន​អាស៊ីអាគ្នេយ៍ រសៀល​ថ្ងៃទី​១៧​មីនា គេ​មាន​ជំនឿ​ចិត្ត​ថា អ្នក​ប្រដាល់​ថៃ គ្រៀង ក្រៃ (Kreang Krai) នឹង​បន្ថែម​ស្ថិតិ​ឈ្នះ​ក្នុង​កំណត់ត្រា​ប្រកួត​របស់ខ្លួន​បាន​មួយទៀត​ជាមិនខាន ព្រោះ ជឹម ចិ​ត្រា ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ទំនង​មិនមែនជា​ឧបសគ្គ​សម្រាប់​គេ​ឡើយ​។​

​គ្រៀង ក្រៃ គេ​មាន​វ័យ​ច្រើន​បន្តិច​មែន តែ ២​ប្រកួត​របស់គេ សុទ្ធតែ​បានទទួល​ជ័យជំនះ​។ គេ​ជា​អ្នក​ប្រដាល់​ដែល​ល្អ​ជង្គង់ កែង និង កណ្ដាប់ដៃ មិនតែប៉ុណ្ណោះ​គេ​ក៏​ការពារ​បានល្អ​ដែរ ទោះបី​គេ​ជា​អ្នក​ប្រដាល់​ដែល​មិនសូវ​ចូលចិត្ត​វាយប្រហារ លើ​គូប្រកួត​មុន​ក៏ពិតមែន តែ​ការ​វ៉ៃ​ចេញ​របស់គេ​មាន​ប្រសិទ្ធភាព​ណាស់​។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មានចិត្ត​ធ្ងន់ និង​មិន​ឆេវឆាវ​ឡើយ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៤​ដង ឈ្នះ​៧២​ដង ចាញ់​១៩​ដង​ស្មើ​ពិន្ទុ ៣​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​១២​ដង​។​

​ចំពោះ​អ្នក​ប្រដាល់​កម្ពុជា ជឹម ចិ​ត្រា វិញ​ពេលខ្លះ​គេ​វ៉ៃ​បានល្អ តែ​ពេលខ្លះ​ក៏​យ៉ាប់​ដែរ តែ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ​ណាស់​។ ២​ប្រកួត​របស់ ចិ​ត្រា ក្នុង​ព្រឹត្តិការណ៍​នេះ ឈ្នះ​បាន ១​ប្រកួត និង​ចាញ់​១​ប្រកួត​។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៣​ដង ឈ្នះ​៥៨​ដង ចាញ់​១៤​ដង​ស្មើ​ពិន្ទុ ១​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​១០​ដង​។​

​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង ២​រូបនេះ មិនដឹងថា នរណា​ជា​អ្នកឈ្នះ​នោះទេ​។ ពួកគេ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា ព្រោះ​កៅអី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​មានតម្លៃ​ខ្ពស់​ណាស់​។​

​ជំនួប​ក្នុង​ព្រឹត្តិការណ៍​នេះដែរ មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ សេន ឃូ​ម (Sen Khum)​។​

​សេន ឃូ​ម មិនមែនជា​អ្នក​ប្រដាល់​ដែល​ស្រួល​បង្ក្រាប​នោះទេ ២​ប្រកួត​របស់គេ​ក្នុង​ព្រឹត្តិការណ៍​នេះ គេ​បានឈ្នះ​ទាំង ២​ប្រកួត​។ ចំពោះ សុខ​ហ៊ុ​ច វិញ​២​ប្រកួត​របស់គេ​ឈ្នះ​មួយ​ប្រកួត ចាញ់​មួយ​ប្រកួត​។ ការប្រកួត​មួយ​នេះ ប្រសិនបើ សុខ​ហ៊​ច ចាញ់​គេ​នឹង​បាត់បង់​ឱកាស​ទាំងស្រុង សម្រាប់​ដណ្ដើមយក​កៅអី​ផ្ដាច់ព្រ័ត្រ​ហើយ​។​

​សេន ឃូ​ម​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​ដង ឈ្នះ​៦២​ដង ចាញ់​៦​ដង និង​ស្មើ​ពិន្ទុ ១​ដង រីឯ​សុខ​ហ៊ុ​ច វិញ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៨​ដង ឈ្នះ​១១០​ដង ចាញ់​២៤​ដង និង​ស្មើ​ពិន្ទុ​៤​ដង​។ នេះ​ជាការ​ស្វែងរក​សំណាង​ដ៏​សំខាន់​ណាស់​សម្រាប់ សុខ​ហ៊ុ​ច ព្រោះ​គេ​ត្រូវតែ​ឈ្នះ​ដាច់ខាត ចំពោះ​ការប្រកួត​នេះ មិន​ដូច្នោះ​ទេ គេ​អស់​ឱកាស​ហើយ​៕L ដោយ​៖ រ៉ូ​ហ្សា​