គ្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ លូ​និង​ផ្លូវ​ជាច្រើន​ទៀត​នៅ​ខណ្ឌមានជ័យ​ដើម្បី​សម្រួល​ចរាចរ​និង​រំដោះ​ការលិចលង់​ជូន​ប្រជាពលរដ្ឋ​

325

 

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើងថា​៖​នៅពេល​ខាងមុខ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​គ្រោង​នឹង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រឡាយ លូ​និង​ផ្លូវ​ជាច្រើន​ទៀត​នៅក្នុង​ខណ្ឌមានជ័យ ដើម្បី​សម្រួល​ចរាចរ​និង​រំដោះ​ការលិចលង់​ជូន​ប្រជាពលរដ្ឋ ខណៈពេលដែល​តំបន់​នេះ ពិសេស​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ការដោះស្រាយ​កង្វល់​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​មិនទាន់បាន​ល្អប្រសើរ​ឡើយ​។​
​អាជ្ញាធរ​រាជធានី​បានការ​ដាក់ចេញ​ជា​គម្រោង​ថ្មី​ទៀត​នេះ បានបង្ហាញ​ឱ្យដឹង កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​រិះរក​វិធី​ថ្មីៗ​ទៀត ក្នុងការ​ដោះស្រាយ​បញ្ហា​ចរាចរ​និង​ការលិចលង់​ជូន​ប្រជាពលរដ្ឋ​។​
​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ខណ្ឌមានជ័យ ពិសេស​នៅក្នុង​សង្កាត់​ស្ទឹង​
​មានជ័យ​ទី​១ ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មិនទាន់មាន​គ្រប់គ្រាន់ ឆ្លើយតប​ទៅនឹង​ការចង់បាន​របស់​ប្រជាពលរដ្ឋ​នូវឡើយ​ទេ ពិសេស​ប្រព័ន្ធ​លូ និង​ផ្លូវ នាំឱ្យ​ពិបាក​ក្នុងការ​ធ្វើដំណើរ​និង​ប្រឈម​នឹង​ការ​លិច ។​លោក​បន្តថា​៖ ទោះបីជា​យ៉ាងណាក្តី​តំបន់​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ស្ថាបនា​លូ​មេ មួយចំនួន ហើយ​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​លិចលង់​នេះ​។​
​គួរ​បញ្ជាក់ថា​៖ នៅ​តំបន់​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី បាន​នឹង​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​
​មាន​ប្រវែង​១៤៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ដោយ​គម្រោង​នេះ បែង​ចែកជា​៤​តំណាក់កាល ។ ក្នុងនោះ​តំណាក់កាល​ទី​១ មាន​ប្រវែង​៣២៦​ម៉ែត្រ សងខាង​ប្រឡាយ​សរុប​ប្រវែង​៦៥២​ម៉ែត្រ ។​
​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ដែរថា​៖ ប្រឡាយ​ស្ទឹងមានជ័យ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុងធ្វើការ​អភិវឌ្ឍ​នេះ​ឆ្លងកាត់​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌមានជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៦២​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែម្តង​។​
​ប្រឡាយ​ស្ទឹងមានជ័យ បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​ការនាំ​ទឹក​ទំលាក់​ចូលទៅ​បឹងទំពុន​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ទំហំ​៨​ម៉ែត្រ​
​ចិញ្ចើម​២ ម៉ែត្រ សាងសង់​ផ្លូវ​បេតុង​ទទឹង​៦​ម៉ែត្រ ផ្លូវ​មុខផ្ទះ​៥​ម៉ែត្រ ដី​នៅសល់​មុខផ្ទះ​១​ម៉ែត្រ​កន្លះ​និង​ក្រោយ​ផ្ទះ​កន្លះ​ម៉ែត្រ​៕​