គ្រោង​ចំណាយ​១១០​លាន​ដុល្លារ ពង្រីក​ផ្លូវជាតិ​លេខ​៤ ដើម្បី​បង្ការ និង​ទប់ស្កាត់​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​

923
ចែករម្លែក
  • 153
    Shares

ដោយៈ​សុផល / ភ្នំពេញៈ​ក្នុងពេល​ចុះ​ពិនិត្យ កំណាត់​ផ្លូវជាតិ​លេខ​៤ ដែល​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នា​ព្រឹក​ថ្ងៃទី​២០ ខែ កក្កដា ឆ្នាំ​២០១៨​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​លើកឡើងថា កំណាត់​ផ្លូវជាតិ​លេខ​៤​នេះ ត្រង់​គីឡូម៉ែត្រ​លេខ​១១៦ គឺ​លិច​ស្ទើរតែ​រៀងរាល់ឆ្នាំ ដូចនេះ​ក្រុមការងារ​កំពុង​សិក្សា​លើកកម្ពស់​ទ្រូងផ្លូវ ក៏ដូចជា​ធ្វើ​ស្ពាន​ត្រង់​ចន្លោះ​ណាមួយ ដើម្បី​បើកមុខ​ទឹក​ឲ្យ​ហូរ​បាន​លឿន​។​
​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ធនាគារពិភពលោក​បាន​ផ្តល់​កម្ចី​ប្រមាណ​១១០​លាន​ដុល្លារ សម្រាប់​ស្តារឡើងវិញ​ផ្លូវជាតិ​លេខ​៤​នេះ ដោយមាន​ការពង្រីក​ទ​ទឹង​ផ្លូវ​ពី ៧​ម៉ែត្រ ទៅ​១១​ម៉ែត្រ​។ បន្ថែម​ពីលើ​នោះ ក៏​នឹងសិក្សា​ពី​ការរំដោះ​ជំនន់​ទឹក​លិច​ផងដែរ​។​

​ក្រសួង​សាធារណការ​នឹង​ចាប់ផ្តើម​ជួសជុល និង​ស្តារ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​វ​ថ្នល់ ស្ពាន​ឡើងវិញ​ជាបន្ទាន់ បន្ទាប់ពី​ឥទ្ធិពល​សម្ពាធ​ទាប​នេះ បាន​ថយចុះ​ទៅវិញ​ដើម្បី​ធានា​ឲ្យ​មាន​និរន្តរភាព​ចរាចរណ៍​ជា​ប្រក្រតី​។​

​សូមជម្រាបថា​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ ក៏ដូចជា​អាជ្ញាធរខេត្ត​ចុះ​ពិនិត្យ​កំណត់​ផ្លូវជាតិ​លេខ​៤ ដែល​រង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នា​ប៉ុន្មាន​ថ្ងៃនេះ​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់ និង​ស្តារឡើងវិញ​ឱ្យបាន​ទាន់ពេលវេលា​។​ផ្លូវ​នេះ រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង មកពី​ឥទ្ធិពល​សម្ពាធ​ទាប និង​ឥទ្ធិពល​ខ្យល់ព្យុះ​ទី​៩ ឈ្មោះ​សុន ទី​ញ​ក្នុង​ដំណើរ​ចុះមក​ពិនិត្យ​កំណាត់​ផ្លូវ​នា​ព្រឹក​នេះ លោក ស៊ុន ចាន់ថុល ក៏បាន​ជួបពិភាក្សា​ជាមួយ​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​ខេត្តកំពង់ស្ពឺ លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ស្ពឺ​ផងដែរ​។​

​ក្នុងជំនួប​នោះ បាន​ពិភាក្សាគ្នា​ពី​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ដោយសារ​ជំនន់​ទឹកភ្លៀង និង​ការ​ស្តាប់​នូវ​របាយការណ៍​ពី​ផលប៉ះពាល់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ និង​ស្ពាន​ក្នុង​ខេត្ត​ផងដែរ​។​
​លោក វី សំណាង បាន​ឲ្យ​ដឹងថា ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃនេះ បានធ្វើ​ឲ្យ​ខូវ​ផ្លូវ និង​ស្ពាន​ច្រើន ដោយឡែក​ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ​មិនទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេ​។​តែ​ទោះជា​យ៉ាងណា​ជំនន់​ទឹកភ្លៀង​នេះ​មិនបាន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​នោះទេ ពោល​អាជ្ញាធរ​បានចេញ​ប្រតិបត្តិ​ការជួយ​ជម្លៀស​ប្រជាពលរដ្ឋ​រក​ទីទួល​សុវត្ថិភាព​បាន​ទាន់ពេលវេលា​។​

​លោក វី សំណាង ក៏បាន​អះអាងថា​ភាពទំនើប​ផ្នែក​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ក៏​ជា​ចំណែក​មួយ​ជួយ​ឲ្យ​ការដោះស្រាយ​បញ្ហា​ទឹកជំនន់​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ផងដែរ​។ លោក​បាន​លើកឡើងថា ដោយសារ​ភាពទំនើប​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​នេះ បានធ្វើ​ឲ្យ​ការផ្សព្វផ្សាយ​ពី​បញ្ហា​គ្រោះទឹកជំនន់​ទៅកាន់​ប្រជាពលរដ្ឋ​បាន​លឿន ហើយ​វិធានការ​នានា ក្នុងការ​ជម្លៀស និង​រំដោះ​ទឹក​ក៏បាន​ទាន់ពេលវេលា​ផងដែរ​។​

​លោក ហ៊ុន ម៉ា​នី បាន​លើកឡើងថា ដោយសារតែ​ខេត្តកំពង់ស្ពឺ​ឧស្សាហ៍​ជួប​គ្រោះទឹកជំនន់ ដូច្នេះ​វិធានការ​ក្នុងការ​ជម្លៀស និង​សង្គ្រោះ​ប្រជាពលរដ្ឋ ធ្វើឡើង​បាន​ទាន់ពេលវេលា​។ តែបើ​ទោះបីជា​យ៉ាងណា លោក​អះអាងថា ការយកចិត្តទុកដាក់​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​យកចិត្តទុកដាក់ ដើម្បី​ធានាថា មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ដល់​អាយុជីវិត​ក្នុង​គ្រោះទឹកជំនន់​នេះ​។​
​សូមបញ្ជាក់ថា ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ផ្លូវ​នា​ព្រឹក​ថ្ងៃនេះ ក្រៅពី​ការពិនិត្យ​កំណាត់​ផ្លូវជាតិ​លេខ​៤​ទៅ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​នឹង​ចុះទៅពិនិត្យ​ផ្លូវជាតិ​លេខ​៣ លេខ​៣៣ លេខ​៣១ និង​៤១​ផងដែរ​។ ផ្លូវ​ទាំងនេះ​មានការ​ខូចខាត​ខ្លាំង​បន្ទាប់ពី​មានការ​ធ្វើ​ធ្វើចរាចរ និង​ដឹកជញ្ជូន​មមាញឹក​បន្ទាប់ពី​ផ្លូវជាតិ​លេខ​៤ ត្រូវ​លិច​ទឹក​។​

​គួររម្លឹកថា​៖​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​នូវ​សម្ពាធ​ទាប និង ឥទ្ធិពល​ខ្យល់ព្យុះ​ទី​៩ ឈ្មោះ​សុន ទី​ញ បាន បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ និង​មាន​ទឹកជំនន់​ទឹកភ្លៀង​ជន់​លិច នៅតាម​បណ្តា​ខេត្ត​មួយចំនួន និង​បានធ្វើ​ឲ្យ​កំណាត់​ខ្សែ​ផ្លូវ ស្ពាន មួយចំនួន​ត្រូវបាន​កាត់ផ្តាច់​ចរាចរណ៍​ទាំងស្រុង ដូចជា​កំណាត់​ផ្លូវជាតិ​លេខ​៤ និង​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៣២ ជាដើម ហើយ​ខ្សែ​ផ្លូវជាតិ​ផ្លូវ​ខេត្ត មួយចំនួនទៀត​ក៏​ទទួលរង​ការខូចខាត​ស្រទាប់​ផ្លូវ​ផ្នែក​ផ្ទៃ​ខាងលើ​ផងដែរ ដូចជា​៖ កំណាត់​ផ្លូវជាតិ​លេខ​២ លេខ​៣ លេខ​៣៣ លេខ​៤១ លេខ​៤៥ លេខ​៤៨ លេខ​៥៧ និង​កំណាត់ ផ្លូវ​ខេត្ត​លេខ​១៤៨ លេខ​៣៧៧ លេខ​១៣៣២ លេខ​១៣៣៣ លេខ​១៣៣៥ លេខ​១៥៩​ដេ​ជាដើម ដែល​បង្ក​អោយ មានការ​លំបាក​ធ្វើ​ចរាចរណ៍​។​

​ក្រសួង​សាធារណការ​នឹង​ចាប់ផ្តើម​ជួសជុល និង​ស្តារ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​វ​ថ្នល់ ស្ពាន​ឡើងវិញ​ជាបន្ទាន់ បន្ទាប់ពី​ឥទ្ធិពល​សម្ពាធ​ទាប​នេះ បាន​ថយចុះ​ទៅវិញ​ដើម្បី​ធានា​ឲ្យ​មាន​និរន្តរភាព​ចរាចរណ៍​ជា​ប្រក្រតី​។​លោក​ទេសរដ្ឋមន្ដ្រី​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន សូមមេត្តា​កុំ​ដឹក​លើស​ទម្ងន់ ដែល​បង្កឱ្យមាន​ការខូចខាត​ផ្លូវ ស្ពាន ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​នាំ​ប៉ះពាល់​ដល់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ​៕ ល​