គ្រោង​នឹង​សង់​បង្គន់​សាធារណៈ និង​អគារ​មណ្ឌល​ផ្តល់ព័ត៌មាន​ទេសចរណ៍​ខេត្តស្ទឹងត្រែង​

346

(​ស្ទឹងត្រែង​)៖ មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង គ្រោង​នឹង​សាងសង់​បង្គន់​អនាម័យ​តាម​ទីសាធារណៈ និង​អគារ​មណ្ឌល​ផ្តល់ព័ត៌មាន​ទេសចរណ៍ នៅក្នុង​ក្រុង​ស្ទឹងត្រែង​ឆាប់ៗ ខាងមុខនេះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល សម្រាប់​ភ្ញៀវទេសចរ​។​

​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​នៅ​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៧​ថា មន្ទីរ​ទេសចរណ៍ បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ទៅរក​ទីតាំង​សមរម្យ​ក្នុង​ក្រុង​ស្ទឹងត្រែង ដើម្បី​សាងសង់​បង្គន់​អនាម័យ តាម​ទីសាធារណៈ និង​អគារ​មណ្ឌល​ផ្តល់ព័ត៌មាន​ទេសចរណ៍​ជូន​ភ្ញៀវ ដែល​បាន​មកដល់ ខេត្ត​នេះ​។​

​គម្រោង​នេះ​នឹង​រៀបចំឡើង ដើម្បី​ជា​ចលនា​ក្នុងការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​របស់​ខេត្តស្ទឹងត្រែង​។ ហើយក៏​អាច​និយាយបានថា គឺជា​សេវាកម្ម​ដើម្បី​ងាយស្រួល​សម្រាប់​ភ្ញៀវ​មកពី​ឆ្ងាយៗ ពិសេស​ជនបរទេស​។ មាន​បង្គន់​អនាម័យ​សាធារណៈ និង​អគារ​មណ្ឌល​ផ្តល់ព័ត៌មាន​ទេសចរណ៍​ភ្ញៀវ​ក៏​ងាយស្រួល ក្នុង​ដំណើរ​កម្សាន្ត​សេវាកម្ម​ល្អ​ទីក្រុង​ស្អាត​មកហើយ​ចង់​មក​ម្តងទៀត​។​

​ប្រភពពី​មន្ត្រី​បានឱ្យដឹង​ទៀតថា នៅក្នុង​គម្រោង​នោះ​នឹង​គ្រោង​សង់​បន្ទាន់​ចំនួន​២ និង​អគារ​មណ្ឌល​ផ្តល់ព័ត៌មាន​ទេសចរណ៍​មួយ​ខ្នង​។ បន្ទាប់ពី​ចុះ​សិក្សា​រួច មន្ទីរ​ទេសចរណ៍​គ្រោង នឹងដាក់​សំណើ​ទៅ​ថ្នាក់ជាតិ តាមរយៈ​ការឯកភាព​ពី​លោក​អភិបាលខេត្ត​ស្ទឹងត្រែង​ជាមុនសិន​។​

​ទាក់ទង​ទៅនឹង​គម្រោង​រៀបចំ​ខាងលើនេះ ពលរដ្ឋ​លក់ដូរ​នៅក្នុង​ស្ទឹងត្រែង​អបអរសាទរ​ចំពោះ​គម្រោង​នេះ ហើយ​សង្ឃឹមថា មានការ​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ពីព្រោះថា រាប់​ឆ្នាំ​មកហើយ​គេ​ពុំ​ឃើញ​មាន​បង្គន់​អនាម័យ​នៅតាម​ទីសាធារណៈ​នោះឡើយ​។​

​ជាក់ស្តែង អ្នកលក់ដូរ​មកពី​តាម​ជនបទ ឬក៏​ភ្ញៀវទេសចរ​មកដល់​ខេត្តស្ទឹងត្រែង​ម្តងៗ​ចង់​បត់ជើងតូច ត្រូវ​ចូលក្នុង​គុម្ពោធ​ព្រៃ ឬក៏​សុំ​បន្ទប់ទឹក​ផ្ទះសំណាក់​សណ្ឋាគារ​ជាដើម​៕L ដោយ​៖ សុខុម​