គ្រោង​បង្កើត​គន្លង​ផ្លូវ​ពិសេស សម្រាប់​រថយន្តក្រុង នៅ​ភ្នំពេញ​!

440
ចែករម្លែក

​បន្ទាប់ពី​វេទិកា ស្តីពី​ចល័តភាព​ក្នុង​ទីប្រជុំជន កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៩ រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានប្រកាសថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ កំពុង​សិក្សា​លទ្ធភាព​បង្កើត​គន្លង ផ្លូវ​ពិសេស សម្រាប់​រថយន្តក្រុង និង​កំណត់​បណ្តាញ​ផ្លូវ​មួយចំនួន ជា​ផ្លូវ​ឯកទិស​ដើម្បី​កាត់បន្ថយ ការកកស្ទះ​ចរាចរ​និង​សម្រួលការ​ដឹកជញ្ជូន​អ្នកដំណើរ​តាម​រថយន្តក្រុង កាន់តែ​ឆាប់រហ័ស​។​

​គម្រោង​សិក្សា​បង្កើត​គន្លង​ផ្លូវ​ពិសេស សម្រាប់​រថយន្តក្រុង​នេះ ដោយសារ​ប្រជាពលរដ្ឋ កាន់តែច្រើន នៅ​ភ្នំពេញ បាន​ជិះ​រថយន្តក្រុង​សាធារណៈ ប៉ុន្តែ​នៅតែ​កកស្ទះ​ចរាចរ​ដដែល​។​

​រាជរដ្ឋាភិបាល​បានដាក់​ឲ្យ​ដំណើរការ​ខ្សែ​រថយន្តក្រុង​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ កាលពី ឆ្នាំ​២០១៤ ដែល​ចាប់​ផ្ដើមដំបូង ចំនួន បី​ខ្សែ និង​មាន​អ្នកជិះ​ប្រមាណ ៤.០០០​នាក់ ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​មកដល់​ខែធ្នូ ឆ្នាំ​២០១៩ មាន​រថយន្តក្រុង​ចំនួន ១៣​ខ្សែ ដោយ មាន​រថយន្ត​សរុប ២៣៥​គ្រឿង និង​អាច​ផ្ទុក​អ្នកដំណើរ ១៥ ០០០​នាក់ ក្នុង​មួយថ្ងៃ​។​

សេវា​រថយន្តក្រុង​សាធារណៈ ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ប្រជា ពលរដ្ឋ ក្នុង​រាជធានី​ភ្នំពេញ ក៏​ដូច​អ្នកធ្វើការ មន្ត្រីរាជការ ដោយបាន​ចូលរួម​ក្នុងការ​កាត់បន្ថយ​ចំណាយ លើ​ការធ្វើដំណើរ​។ ក្នុងនោះ កម្មករ កម្មការិនី សិស្ស​និស្សិត កុមារ ជនពិការ និង​ចាស់ជរា មិនត្រូវ​បាន​យក​ថ្លៃ ជិះ​រថយន្តក្រុង​នៅ​ភ្នំពេញ ខណៈ ដែល​តម្លៃ​ជិះ​រថយន្តក្រុង ម្នាក់ ១៥០០ រៀល​។

​រដ្ឋាភិបាល តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រើប្រាស់ មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ទាំងអស់គ្នា​ដើម្បី​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរ គ្រោះ ថ្នាក់​ចរាចរ និង​ការបំពុល​បរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ​។​

​ក៏ប៉ុន្តែ​កន្លងមក នៅមាន​អ្នកធ្វើការ​ក្រុមហ៊ុន​ឯកជន និង​បុគ្គលិក​មន្ត្រីរាជការ​តាម​ស្ថាប័នរដ្ឋ មួយចំនួន មិនបាន​ជិះឡាន​ក្រុង នៅឡើយ​ទេ ដោយសារតែ​រថយន្តក្រុង រត់​យឺត​ដោយសារ តែ​ស្ទះផ្លូវ ហើយក៏​មិនទាន់​ពង្រីក​ឲ្យ​បាន​គ្រប់​ផ្លូវ​នៅឡើយ​ទេ​។​

​នៅពេល​បច្ចុប្បន្ន រថយន្តក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ អាច​មិនបាន​ចូលរួម​កាត់ បន្ថយការកកស្ទះ​ចរាចរណ៍​ទេ បែរជា​នៅ​ផ្លូវ​ខ្លះ បង្កើន​ការកកស្ទះ ហើយ​រថយន្តក្រុង​ខ្លះ នៅ​ផ្លូវ​ខ្លះ ក៏​មិនសូវមាន​អ្នកជិះ​ថែមទៀត​ផង​។ មួយខែ រដ្ឋបាល​រាជធានី​ភ្នំពេញ តាមរយៈ​រដ្ឋាករ​ស្វយ័ត ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង City Bus ចេញ​លុយ​ខាត​រៀងរាល់​តែ​ខែ​។​

​យ៉ាងណាក៏ដោយ បើសិនជា​គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រួមទាំង​អាជ្ញាធរ រាជធានី​ភ្នំពេញ បង្កើត​គន្លង​ផ្លូវ​ពិសេស សម្រាប់​រថយន្តក្រុង និង​កំណត់​បណ្តាញ​ផ្លូវ​មួយចំនួន ជា​ផ្លូវ​ឯកទិស នោះ​សេវា​ដឹកជញ្ជូន​តាម​រថយន្តក្រុង​សាធារណៈ នៅ​ភ្នំពេញ​នឹង​កាន់តែ​ទាក់ទាញ​អ្នកជិះ​បាន​កាត់​តែ​ច្រើន​ថែមទៀត​។ ក្នុងនោះ ការរត់​ទៀងទាត់ តាម​ខ្សែ​រត់​ព្រមទាំង​ការ ពង្រីក​បន្ថែម​ផ្លូវ​រត់ នឹង​កាន់តែ​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកដំណើ​រ​។ ការផ្សព្វផ្សាយ​ពី​សេវា រថយន្តក្រុង បន្ថែម​លើ App លើ​ទូរស័ព្ទដៃ City Bus ក៏​គួរតែ​អាជ្ញាធរ​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន សាធារណៈ​រថយន្តក្រុង បង្កើន​ការផ្សព្វផ្សាយ ដើម្បី​ឲ្យ​សាធារណជន ដឹង​កាន់តែច្រើន ហើយក៏​អាច​សាកល្បង ឈប់​ជិះ​ម៉ូតូ និង​ឡាន​ផ្ទាល់ខ្លួន មក​ជិះ​រថយន្តក្រុង​ដែល​ចំណាយ​ត្រឹម តែ ១៥០០ រៀល ក្នុង​ម្នាក់​ប៉ុណ្ណោះ​៕ ដោយ​៖ ម៉េង​ឆៃ​