គ្រោង​បញ្ជូន​គ្រូ​បន្ថែមទៀត​ដើម្បី​ពង្រឹង​វិស័យ​អប់រំ​នៅ​តំបន់​ដែនទឹក​បឹង​ទន្លេសាប​

468
ចែករម្លែក
  • 449
    Shares

ដោយ:គ្រញូង​/បាត់ដំបង ៖ ឆ្នាំ​២០១៩​នេះ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​មាន​គម្រោង​ជ្រើសរើស​គ្រូ​ក្របខណ្ឌ និង​គ្រូ​ស្ម័គ្រចិត្ត​កិច្ចសន្យា​បន្ថែមទៀត ​ដើម្បី​លើក កម្ពស់​វិស័យ​អប់រំ​នៅ​តំបន់​ដែនទឹក​បឹង​ទន្លេសាប ​ខេត្តបាត់ដំបង​។​

នៅឯ​ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អគារសិក្សា ក្នុងស្រុក​ឯក​ភ្នំ​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ ​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ បាន​លើកឡើងថា ​”​ឆ្លើយតប​តាម​សេចក្តី​ត្រូវ​​ការ​ដ៏​ចាំបាច់​និង​យោងតាម​សំណើរ​របស់​អាជ្ញា​ធរ​ស្រុក​ពិសេស​មាតាបិតា​សិស្ស​ នៅ​តំបន់​បឹង​ទន្លេសាប ​ក្រសួង​បាន​ឯកភាព​ផ្តល់ឱកាស​ដល់​បេក្ខភាព​ប្រឡង​បំពេញ​ក្របខណ្ឌ​គ្រូ​បង្រៀន ​និង​គ្រូ​ស្ម័គ្រចិត្ត​កិច្ចសន្យា​ទៅ​បង្រៀន​នៅក្នុង​ឃុំ​កោះ​ជី​វាំង និង​ឃុំ​ព្រែក​ចាស់ ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង ដើម្បី​បំពេញតម្រូវការ​ចាំ​បាច់​សំដៅ​ពង្រឹង​និង​លើកកម្ពស់​វិស័យ​អប់រំ​នៅ​តំបន់​ដែនទឹក​ដាច់ស្រយាល​។​

លោក​បណ្ឌិតសភា​ចា​រ្យ​បាន​បន្ថែមថា ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ បេក្ខភាព​ដែល​ស្ម័គ្រចិត្ត​ទៅ​បង្រៀន​នៅក្នុង​ឃុំ​ទាំង​២​ខាងលើ ​មុននឹង​ដាក់​​ពាក្យ​ប្រឡង​ត្រូវ​ជួប​ជាមុន​ជាមួយ​នាយក​សា​លា​ ដើម្បី​បំពេញ​កិច្ចសន្យា​កុងត្រា​ឲ្យ​បាន​ត្រឹម​ត្រូវ​ ស្របទៅតាម​ទម្រង់​ច្បាប់​ជៀសវាង​ប្រឡង​ជាប់​ហើយ ​បែរជា​មិន​ទៅ​បង្រៀន​នៅ​តំបន់​ដែល​ខ្វះខាត​នោះ​ ពុំ​នោះទេ​ក្រសួង​ក៏​មិន​ផ្តល់ សញ្ញាប័ត្រ​និង​ក្របខណ្ឌឲ្យ​ដែរ​ទើប​ទាម​ទារឲ្យធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ​។​

លោក​ ងី សែត ប្រធាន​មន្ទីរអប់រំ​ យុវជន ​និង​កីឡា​ ខេត្តបាត់ដំបង​បាន​បញ្ជាក់ថា​ក្នុងភូមិ​សាស្ត្រ ​ឃុំ​កោះ​ជី​វាំង​ និង​ឃុំ​ព្រៃ​ចាស់ ទាំង​គ្រូ ទាំង​សិស្ស​បាន​ជួប​បញ្ហាលំបាក​ខ្លាំង​ទាំង​ការធ្វើដំណើរ ការ​ស្នាក់នៅ​ដោយសារ​ជា​តំបន់​ទឹក​និង​ផ្លូវ​ឆ្ងាយ កន្លងមក​មន្ទីរ​បាន​បែងចែក​បញ្ជូន​គ្រូ​ទៅ​តំបន់​នោះ​ជា​រៀងរាល់ឆ្នាំ​ ពេល​ចាប់​ប៉ុស្តិ៍ ប៉ុន្តែ​នៅតែ​ខ្វះខាត​ដោយសារ​ក្រោយពេល​ចប់​ការកំណត់​៣​ឆ្នាំ ​ពួកគាត់​បានស្នើពាក្យ​មក​បង្រៀន​នៅ​តំបន់​គោក​វិញ​អស់​។​

បច្ចុប្បន្ន​ស្រុក​ឯក​ភ្នំ​មាន​១​វិទ្យាល័យ អនុ​វិ​ទ្យា​ល័យ​ចំនួន​៨ សាលាបឋមសិក្សា​៣៧ និង​មត្ដេយ​សិក្សា​ចំនួន​២២ ដោយឡែក​សម្រាប់​គ្រូបង្រៀន​នៅ​ឃុំ​កោះ​ជី​វាំង​និង​ឃុំ​ព្រែ​កចាស់​នេះ​មាន​គ្រូ​ក្របខ័ណ្ឌ​ចំនួន​៤៩​នាក់ ស្រី​១៦នាក់ ​និង​គ្រូ​កិច្ចសន្យា​ចំនួន​២៩​នាក់ ក្នុងនោះ​គ្រូ​ស្រី​ចំនួន​២៣​នាក់​៕B/