គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ កើតឡើង​៨១៩​លើក ស្លាប់​៤៨០​នាក់ និង​របួស​ជាង​១​ពាន់​នាក់​

1427
ចែករម្លែក
  • 38
    Shares

​ដោយ​: ដេប៉ូ / ភ្នំពេញ​: គ្រោះថ្នាក់​ចរាច​ណ៍ ដែល​កើតឡើង​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៨​កន្លងមក ត្រូវបាន​គេ​រកឃើញថា មាន​ចំនួន​៨១៩​លើក ដែល​ក្នុងនេះ បណ្តា​ឱ្យ​បាត់បង់​ជីវិត​ចំនួន​៤៨០​នាក់ និង​របួស​ចំនួន​១២៣៤​នាក់​។​

​យោងតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៨ ដែល​រស្មី​កម្ពុជា​ទទួលបាន​កាលពី​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៨ បញ្ជាក់​ឱ្យដឹងថា ក្នុងចំណោម​គ្រោះថ្នាក់​ក្នុង​ត្រីមាស​ទី​១​កន្លងមក ភាគច្រើន​កើតឡើង​នៅ​រាជធានី​ភ្នំពេញ មាន​អ្នក​បាត់បង់​ជីវិត​រហូតដល់​៤៩​នាក់ ខេត្តកណ្តាល​៤៣​នាក់ និង​ខេត្តកំពង់ធំ​៤០​នាក់​។​

​របាយការណ៍​ដដែល​នេះ បាន​បញ្ជាក់ថា ជា​មធ្យម​ជនរងគ្រោះ​បាត់បង់​ជីវិត​ក្នុង​មួយថ្ងៃ​៥,៣​នាក់ និង​រងរបួស​ចំនួន​១៣,៧​នាក់​។​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​ប្រចាំត្រីមាស​ទី​១ និង​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំ​ខែមេសា ឆ្នាំ​២០១៨ នា​ព្រឹក​ថ្ងៃទី​១០​ខែឧសភា​នេះ លោកស្រី មីន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន ផ្តើមចេញ​មកពី​ការបើកបរ​លើស​ល្បឿន​កំណត់​៣៦​ភាគរយ មិន​គោរព​សិទ្ធ​១៩​ភាគរយ មិន​ប្រកាន់​ស្តាំ ១៤​ភាគរយ វ៉ា​ជែង​១២​ភាគរយ បត់ ៨​ភាគរយ ស្រវឹង ៦​ភាគរយ កត្តា​យានយន្ត ៥​ភាគរយ និង​ងងុយដេក​១​ភាគរយ​។​

​លោកស្រី​បន្ត​ឱ្យដឹងថា ចំនួន​គ្រោះថ្នាក់​នេះ បើ​ធៀប​ទៅនឹង​ត្រីមាស​ទី​១​ឆ្នាំ​២០១៧​កន្លងមក គេ​បាន​រកឃើញថា គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយចុះ​ចំនួន​១៧០​លើក ស្មើនឹង​១៧​ភាគរយ បាត់បង់​ជីវិត​ថយចុះ​១២​នាក់ ស្មើ​២​ភាគរយ និង​របួស​ថយ​ចំនួន ២៣៤​នាក់​ស្មើ​១៦​ភាគរយ​៕ ល​