គ្រោះថ្នាក់​ចរាចរណ៍​ក្លាយជា​អគ្គិភ័យ​នៅ​ប៉ោយប៉ែត​: ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ ឆេះ​ផ្ទះ​តូប​១២​ខ្នង រថយន្ត​២​គ្រឿង ម៉ូតូ​៣​គ្រឿង និង​លុយ​ប្រមាណ​១​ម៉ឺ​ដុល្លារ​

322
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: គ្រោះថ្នាក់​ចរាចរណ៍ ក្លាយជា​អគ្គិភ័យ​លើ​កន្លែង​លក់​ហ្គាស នៅ​ក្រុង​ប៉ោយប៉ែត បង្ក​ឲ្យ​ស្លាប់​ម្នាក់ ឆេះ​ផ្ទះ​តូប​លក់​ហ្កា​ស​១០​ខ្នង រថយន្ត​២​គ្រឿង​។ ប៉ុន្តែ​កម្លាំង​នគរបាល កម្លាំង​ពាក់ព័ន្ធ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​តស៊ូ​គ្រប់គ្រង​បាន​វិញ​។​

​លោក​វរ​សរ​សេនីយ៍ ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៥​ខែតុលា​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្លាយជា​អគ្គិភ័យ​ផ្ទុះ​ធុង​ហ្គាស​នោះ កើតឡើង​ពី​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ម៉ុង​ចិន ក្នុងភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​លោក​បន្តថា ដំបូង​គឺ​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម ពាក់​ផ្លាកលេខ ភ្នំពេញ E ៧៤៧៧ បាន​បើក​មកពី​ទឹ​ស​ខាងលិច​។ លុះដល់​ចំណុចកើតហេតុ ក៏បាន​ទៅបុក​ម៉ូតូ​កង់​បី ហើយ​បន្ត​ទៅបុក​ម៉ូតូ ដែល​បញ្ឈ​ទុក​នៅលើ​ចឹ​ញ្ចើ​ម​ផ្លូវ ដោយ​អូស​ជាប់​ជនរងគ្រោះ ពីមុខ​រថយន្ត​រុល​ទៅបុក​ផ្ទះ​តូប​លក់​ហ្គាស់ បណ្តាល​ផ្ទុះ​ឆេះ​តែម្តង​។ បង្ក​ឆេះ​ខ្លោច​ស្លាប់​មនុស្ស​ម្នាក់​ឈ្មោះ​ធី សុធី ភេទ​ស្រី​អាយុ​២៩​ឆ្នាំ ប្រកប​របរ​លក់​ស្បែកជើង​នៅ​ផ្សារ​រោង​ក្លឿ​ឃុំ​ខ្លង​លឹក​ស្រុក​អារញ្ញ​ប្រាថេត​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ហើយ​ស្នាក់នៅ​បន្ទប់​ជួល​នៅ​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត និង​មាន​ស្រុកកំណើត​នៅ​ភូមិ​/​ឃុំ​ស្លា​កែ​ត ស្រុក​/​ខេត្តបាត់ដំបង ។ រលាក​របួសធ្ងន់​មនុ​ស្សៈ​២​នាក់ ភេទ​ប្រុស​។ ក៏បាន ឆេះ​ឡាន​២​គ្រឿង​។ ១​គ្រឿង ម៉ាក​តូយ៉ូតា​កាមរី​ឆ្លាម និង​ម៉ាក​ធុន​ត្រា​។ ម៉ូតូ​៣ គ្រឿង​។ ម៉ូតូ​កង់​បី​១ គ្រឿង​។ ក្នុងនោះ តូប​លក់​ហ្គាស់​៦​តូប​។ តូប​លក់​ចាបហួយ​១ តូប​។ តូប​ជួសជុល​ម៉ូតូ​១​តូប​។ តូប​លាង​ម៉ូតូ​១​តូប​។ តូប​ស្នាក់នៅ​៣​តូប​។ និង​ធុង​ផ្ទុក​ហ្គាស់​តូចធំ និង​ស​ម្មួ​ភារៈ​មួយចំនួន​។ ហើយ​បាត់បង់​ឬ​ឆេះ​ប្រាក់​ខ្មែរ​៤.៦០០.០០០​រៀល​។ ប្រាក់​បាត ២៦.០០០​បាត​។ ប្រាក់​ដុល្លា​៨.០៥០​ដុល្លារ​។​

​ទោះយ៉ាងណា លោក ធិ​ន ស៊ិន​ដេ​ត បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ កម្លាំង​នគរបាល ក្រុមហ៊ុន​កាស៊ីណូ និង​ផ្នែក​ឯកជន​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង គឺ​រថយន្ត​ក្រុមហ៊ុន​ត្រូ​ពី​កា​ណា​១​គ្រឿង រថយន្ត​ក្រុមហ៊ុន​កាស៊ីណូ​ផ្កាយ​ប្រាំ​គ្រឿង រថយន្ត​នគរបាល​ស្រុក​អូរជ្រៅ​០១​គ្រឿង រថយន្ត​នគរបាល​ក្រុង​ប៉ោយប៉ែត​០១​គ្រឿង​។ ពោលគឺ​ប្រើប្រាស់​ទឹក​អស់​ចំនួន​១១​ជើង​។ ពោលគឺ​អគ្គីភ័យ​ត្រូវបាន​រលត់​ទាំងស្រុង ហើយ​សមត្ថ​កិ​ច​កិច្ច​គ្រប់គ្រង​បាន​ដល់​ទៅ​ម៉ោង​៣ រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០១៩​។​

​នៅ​ថ្ងៃទី​១៥​ខែតុលា មន្ត្រី​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ បាន​ចុះទៅពិនិត្យ អង្កេត និង​ចាត់ការ​តាម​ជំនាញ​ខ្លួន​។ ក្នុងនោះ​មាន​តាម​ចាប់ខ្លួន​ជនបង្ក​។ ស្រាវជ្រាវ​ឈ្មោះ​ជ​រងគ្រោះ និង​ស្រង់​ទិន្នន័យ​ខូចខាត​។ ក៏​សម្រួល​ចរាចរណ៍​ដែល​កកស្ទះ​និង​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ទី​កើតហេតុ​ឡើងវិញ​ផងដែរ​៕ ល​