គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​បីនាក់ និង​របួសធ្ងន់​ពីរ​នាក់ នៅ​ស្រុក​ភ្នំព្រឹក​

763
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: មនុស្ស​ប្រុស​ស្រី​បីនាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​ពីរ​នាក់​រងរបួស​ធ្ងន់ ក្នុង​ឧប្បហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៌​រវាង​ម៉ូតូ​បុក​ម៉ូតូ​បើក​បញ្ច្រាសទិស​គ្នា កាលពី​យប់​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ហើយ​ខូចខាត​ម៉ូតូ​ចំនួន​២​គ្រឿង​។​

​លោក​វរសេនីយ៍ត្រី ពុទ្ធ ថូ​រ៉ា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ភ្នំព្រឹក បាន​ដកស្រង់​សំដី​សាក្សី​ដែល​បានឃើញ​ហេតុ​កាណ៍​មក​បញ្ជាក់​ឱ្យដឹងថា មុនពេល​កើតមាន​ម៉ូតូ​ម៉ាក​ឃ្លិ​ច​ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង 1U 5772 បើកបរ​ដោយ​ឈ្មោះ ឈឿង ឆៃ​ដែន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​(​ស្លាប់​) អ្នករួមដំណើរ​ជាមួយ​ឈ្មោះ ចិត្ត ជី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​(​របួសធ្ងន់​)​ទាំង​២​នាក់ រស់នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ចំណែក​ភាគី​ម៉ូតូ​ម្ខាង​ទៀត គឺ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង 1C 7692 បើកបរ​ដោយ​ឈ្មោះ ពេជ្រ ភា​រុន ហៅ​សៅ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​(​ស្លាប់​) អ្នកជិះ​ជាមួយ​ឈ្មោះ​ផន ស្រី​ដា ភេទ​ស្រី អាយុ​២៥​ឆ្នាំ​(​ស្លាប់​) និង​ឈ្មោះ សេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​របួសធ្ងន់​)​ទាំង​២​នាក់ រស់នៅ​ភូមិ​ភ្នំ​តូច​ឃុំ​ពេជ្រ​ចិន្តា​ស្រុក​ភ្នំព្រឹក​។​

​លោក​មេបញ្ជាការ​ប៉េអឹម​ខេត្ត​បាន​បញ្ជាក់ថា មូលហេតុ​ដោយសារតែ​ម៉ូតូ​ទាំង​២​គ្រឿង​នេះ បើកបរ​ល្បឿន​លឿន​ក្នុងទិសដៅ​ផ្ទុយគ្នា​ពី​លិចទៅ​កើត​។ លុះដល់​ចំណុច​ខាងលើ បាន​បុក​គ្នា​ពេញទំហឹង បណ្តាលឱ្យ​ស្លាប់​៣​នាក់ និង​របួស​២​នាក់​តែម្តង​។​

​ក្រោយ​សមត្ថកិច្ច​ជំនាញ​វាស់វែង​រួច បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​អ្នករបួសធ្ងន់​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​។ រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​យកទៅ​រក្សាទុក​នៅ​អធិការនគរបាល​ស្រុក​ភ្នំព្រឹក ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​៕ ល​