គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ថ្ងៃបុណ្យ​អុំទូក បី​ថ្ងៃ ស្លាប់​១៦​នាក់ របួស​៦០​នាក់​

848
ចែករម្លែក

ដោយ​៖ ទេព មង្គល​ /
​ភ្នំពេញ​៖ បើតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹងថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ចំនួន ២៨ លើក បណ្ដាលឱ្យ​មនុស្ស​ស្លាប់ ចំនួន ១៦ នាក់ និង​របួស ៦០ នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ គឺ​ឆ្នាំ​២០១៨​នេះ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​អ្នកស្លាប់ បាន​ថយចុះ ក៏ប៉ុន្តែ​ចំនួន​អ្នករងរបួស បាន​កើនឡើង ។​

របាយការណ៍​នេះ បានបង្ហាញ​ពី​ករណី ដែល​បាន​កើតឡើង តាម​ថ្ងៃ​នីមួយៗ ឱ្យដឹងថា នៅ​ថ្ងៃទី​២១ វិច្ឆិកា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ចំនួន ១ លើក បណ្ដាលឱ្យ​ស្លាប់ ៣ នាក់ របួស ១៧ នាក់ ។ នៅ​ថ្ងៃទី​២២ វិច្ឆិកា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ចំនួន ១៥ លើក បណ្ដាលឱ្យ​ស្លាប់ ៥ នាក់ របួស ២៧ នាក់ និង​នៅ​ថ្ងៃទី​២៣ វិច្ឆិកា បានកើត​ឡើង ចំនួន ១២ លើក បណ្ដាលឱ្យ​ស្លាប់ ៨ នាក់ របួស ១៦ នាក់ ។​

​របាយការណ៍​នេះ ក៏បាន​បញ្ជាក់ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស រយៈពេល​បី​ថ្ងៃ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នេះ ក្នុងនោះ​មាន ចំនួន ១៤ នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង ១១ នាក់ មិន​ពាក់មួក​សុវត្ថិភាព ។ រីឯ​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​បី​ថ្ងៃនេះ គឺ​បាន​កើតឡើង ដោយសារ​ការបើកបរ លើស​ល្បឿន​កំណត់ ស្រវឹង ជែង​គ្នា មិន​ប្រកាន់​ស្ដាំ មិន​គោរព​សិទ្ធិ​អាទិភាព បត់​គ្រោះថ្នាក់ និង​កត្តា​យានយន្ត ។ ក្នុងនោះ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​ច្រើនជាងគេ គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង កំពង់ធំ បន្ទាយមានជ័យ ព្រះសីហនុ ស្វាយរៀង ត្បូងឃ្មុំ និង​ខេត្តបន្ទាយមានជ័យ ។

​សូម​បញ្ជាក់ដែរថា ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល បី​ថ្ងៃ ដូចគ្នានេះ កាលពី​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ចំនួន ៣៩ លើក បណ្ដាលឱ្យ​មនុស្ស​ស្លាប់ ចំនួន ២៥ នាក់ និង​របួស ៤៥ នាក់ ៕v