គ្រោះថ្នាក់​ចរាចរណ៍ ដល់​ចំណុច​ប្រកាសអាសន្ន​ជាថ្មី​ទៀតហើយ​!

247
ចែករម្លែក

ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆ្នាំ​២០១៩ និង ទិសដៅ​ការងារ​ឆ្នាំ​២០២០ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក​បានប្រកាសថា អត្រាកំណើន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ឆ្នាំ​២០១៩ នៅ​ទូទាំងប្រទេស​កម្ពុជា​បាន​កើតឡើង​ចំនួន ៤.១២១​លើក សម្លាប់​មនុស្ស ១.៩៨១​នាក់ និង​រងរបួស ៦.១៤១​នាក់ ។​គឺ​ដល់​ចំណុច​ប្រកាសអាសន្ន​ហើយ​។

​សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវ​រក​វិធី​ដោះស្រាយ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ ពោលគឺ​រក​វិធី​បែបណា ឲ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ភ្ញាក់រលឹក គោរព​ច្បាប់ មិនមែន​ខ្លាច​ប៉ូលិស​ចរាចរណ៍​ដូច​សព្វថ្ងៃ​នោះទេ​។​

​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បង្ហាញថា គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស នៅ​ឆ្នាំ​២០១៩ បាន​កើតឡើង​ចំនួន ៤.១២១​លើក សម្លាប់​មនុស្ស ១.៩៨១​នាក់ និង​រងរបួស ៦.១៤១​នាក់​។

​របាយការណ៍​ដដែល​ប​ង្ហា​ញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​ឆ្នាំ​២០១៩ ច្រើនជាងគេ កើតឡើង នៅក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ស្ពឺ​។ ចំណែក មូលហេតុ ដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ច្រើនជាងគេ នៅ​ឆ្នាំ​២០១៩ រួមមាន ការបើកបរ​លើស​ល្បឿន​កំណត់ បើកបរ​មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ វ៉ា​ជែង ស្រវឹង កត្តា​យានយន្ត និង​ងងុយដេក ជាដើម​។​
​ ​
​របាយការណ៍​ក៏បាន​បង្ហាញថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទៅ​មិញ កើនឡើង ៨៤៥ លើក ស្មើនឹង ២៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ក្នុងនោះ អ្នកស្លាប់ ក៏បាន​កើន ២២០​នាក់ ស្មើនឹង ១២​ភាគរយ ខណៈ​អ្នករងរបួស​កើន ១៣៧១​នាក់ ស្មើនឹង​ប្រមាណ ២៩​ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨​។​

​របាយការណ៍​បាន​បន្ថែមថា ក្នុងចំណោម​អ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ ២០១៩ ភាគច្រើន ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ដែលមាន​ចំនួន ១៥៤២​នាក់​នៃ​ចំនួន​អ្នកស្លាប់ សរុប ១.៩៨១ នាក់ ស្មើនឹង ៧៨​ភាគរយ​។ ក្នុងនោះ អ្នកស្លាប់ ដោយ​ធ្វើដំណើរ​តាម​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព មាន​ចំនួន ១១៨៦ នាក់ ស្មើនឹង ៧៧​ភាគរយ​។​
​ ​
​ជាមួយនឹង​របាយការណ៍​ខាងលើនេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើក​បង្ហាញ​ពី​បញ្ហា​ប្រឈម​នានា ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​២០១៩ គឺ​រចនាសម្ព័ន្ធ​ផ្លូវថ្នល់ កាន់តែ​ចង្អៀត ដោយសារ​កំណើន​យានយន្ត​តម្រូវ​ការធ្វើ​ចរាចរណ៍ ដឹកជញ្ជូន​កាន់តែ​កើនឡើង កន្លែង​ខ្លះ​ត្រូវ​រង​ការខូចខាត ឬ​ខ្វះ​ស្លាក​សញ្ញា​កង្វះ​ការគ្រប់គ្រង ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និង​ចំណីផ្លូវ បណ្តាលឱ្យ​ផ្លូវ​សម្រាប់ធ្វើ​ចរាចរណ៍​កាន់​តែ​ចង្អៀត​ស្មារតី​នៃ ការគោរព​ច្បាប់​របស់​ប្រជាពលរដ្ឋ​នៅមានកម្រិត ប្រជាពលរដ្ឋ​នៅតែ​ខ្លាច​នគរបាល​ជាង​ខ្លាច ច្បាប់ សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​នៅមានកម្រិត និង​គុណភាព​ការងារ មិនទាន់​ឆ្លើយតប តាម​សំណូមពរ ដោយ​ខ្វះ​មធ្យោបាយ​ឧបករណ៍​សម្ភារៈ​ប្រតិបត្តិការ ជាដើម​។​

យូរ​ឆ្នាំ​មកហើយ គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​សមាសភាព​ចម្រុះ រួមទាំង​ភាគី​ពាក់ព័ន្ធ កាកបាទក្រហម អង្គការក្រៅរដ្ឋាភិបាល បាន​ផ្សព្វផ្សាយ ណែនាំ​គ្រប់ មធ្យោបាយ ក្នុង​បំណង​ឲ្យ​ប្រជាពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ ពិសេស​អ្នកបើកបរ គោរព​ច្បាប់ ដោយ​អ្នកបើកបរ​ម៉ូតូ និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ត្រូវ​ពាក់មួក​សុវត្ថិភាព អ្នកបើកបរ និង​អ្នក ធ្វើដំណើរ​តាម​រថយន្ត ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព ហើយ​អ្នកបើកបរ​រថយន្ត​ក៏ត្រូវ​មាន ប័ណ្ណបើកបរ ដោយ​ឆ្លងកាត់​សាលារៀន​បើកបរ ប្រឡង​ត្រឹមត្រូវ ជាដើម​។​
​ ​
ក៏ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅតែ​បន្ត​កើតមាន​រាល់ថ្ងៃ ហើយ​មនុស្ស​ស្លាប់​និង​របួស ជាច្រើន​នាក់​រាល់ថ្ងៃ​។ រហូតដល់​ពេញ​មួយឆ្នាំ កាលពី​ឆ្នាំ​២០១៩ ចំនួន​អ្នកស្លាប់ និង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង​ជាង​ឆ្នាំ​ណា​ទាំងអស់​។​
​ ​
​មន្ត្រី​មាន​សមត្ថកិច្ច ពិសេស​ប៉ូលិស​ចរាចរណ៍ បាន​ពង្រឹង​យន្តការ​ច្បាប់​យ៉ាង​តឹងរ៉ឹង​ខណៈ ដែល​មន្ត្រី​អនុវត្ត​ច្បាប់​គឺ​ប៉ូលិស​ចរាចរណ៍ បាន​សកម្ម ក្នុងការ​ស្ទាក់ចាប់​អ្នក​ល្មើសច្បាប់ ពោលគឺ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព ឬក៏​ម៉ូតូ​មិនមាន​កញ្ចក់​មើល​ក្រោយ ជាដើម​។​
​ ​
យ៉ាងណា​ក៏ដោយចុះ អ្នកធ្វើដំណើរ​តាមផ្លូវ ពិសេស​អ្នកបើកបរ​ម៉ូតូ មិន​ថា ម៉ូតូ​អ្វី​ទេ គួរតែ ស្វែងយល់​ពី​ច្បាប់​ចរាចរណ៍ ហើយ​ឆ្លងកាត់​សាលារៀន​បើកបរ​ត្រឹមត្រូវ ដែល​នេះ​អាចជា មធ្យោបាយ​មួយ ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​។
​ ​
​ជាងនេះទៅទៀត​នៅតាម​សាលារៀន ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ គួរតែមាន​មេរៀន​មួយ​មុខ អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​ក្រសួង​អប់រំ ចាត់ទុកជា​មេរៀន​សំខាន់​ក្នុងចំណោម​មុខវិជ្ជា សំខាន់ៗ​ច្រើន​ទៀត ព្រោះថា បើ​អ្នកបើកបរ មិន​យល់ មិនដឹង​ពី​ច្បាប់​ចរាចរ​ណ៍ហើយ​បើកបរ មិនដឹង​ទិស​តំបន់​ណា នោះ​ហើយ​ជា​គ្រោះថ្នាក់​។ នេះ​ជា​វិធានការ​សម្រាប់​ក្មេងៗ​។​
​ ​
​សម្រាប់​មនុស្ស​ចាស់ និង​វ័យ​កណ្តាល​វិញ ក៏​គួរតែបង្កើត​កម្មវិធី​តា​ម​សហគមន៍​ដោយ​មន្ត្រី ជំនាញ បើក​បង្រៀន​ដោយ​ឥតគិតថ្លៃ ពី​ច្បាប់​ចរាចរណ៍ ស្លាក​សញ្ញា​ចរាចរណ៍ នៅតាម​វត្ត និង​តាម​សាលារៀន ក្នុងភូមិ​ឃុំ​សង្កាត់​នីមួយៗ​។ បើ​អាច មន្ត្រី​មូលដ្ឋាន​ភូមិ​ឃុំ​សង្កាត់​រួមទាំង ប៉ូលិស​ប៉ុស្តិ៍​ឃុំ​សង្កាត់ ចុះ​បង្រៀន​តាម​ខ្នង​ផ្ទះ ដោយ​ត្រូវ​ប្រាកដថា សមាជិក​ក្នុង​គ្រួសារ​នីមួយៗ ត្រូវ​ចេះ​ច្បាប់​ចរាចរណ៍ ស្គាល់​ស្លាក​សញ្ញា​ចរាចរ​ណ៍ និង​បើកបរ​ម៉ូតូ​ឡាន ត្រឹមត្រូវ​មិនមែន ចេះ​តាម​គ្នា គ្មាន​ក្បួនច្បាប់ ហើយ​សូកលុយ ទិញយក​ប័ណ្ណបើកបរ​ឡើយ​។​
​ ​
សំខាន់​ជាងនេះទៅទៀត អ្នកបើកបរ​ម៉ូតូ អ្នកបើកបរ​ឡាន រួមទាំង​អ្នករួមដំណើរ​តាម​ម៉ូតូ និង​តាម​ឡាន ក៏​ត្រូវតែ​ស្វែងយល់​ពី​ច្បាប់ ស្លាក​សញ្ញា និង​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាមផ្លូវ​។ មូលហេតុ បើ​មាន​គ្រោះថ្នាក់ គឺ​ខ្លួន​អ្នកនេះ​ហើយ​ជា​ជន​រង គ្រោះ​។ បើ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព នោះ​ពេល​ដួល​ម៉ូតូ​ជួប​គ្រោះថ្នាក់ ដោយ​ចៃដន្យ​ណាមួយ គឺ​អ្នក​នេះឯង ដែល​បែកក្បាល របួស ហើយ​បើ​ធ្ងន់ធ្ងរ រហូតដល់​ស្លាប់​។​
​ ​
ជារួម យើង​មិនគួរ​រង់ចាំ រាប់​តួលេខ​អ្នកស្លាប់ និង​របួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដូច​សម័យ​រាប់​ចំនួន​អ្នកស្លាប់ និង​របួស ដោយសារ​សង្គ្រាម ក្នុង​អតីតកាល​ទៀត​នោះទេ​។ យើង​គួរ​ចាប់ផ្តើម​ពី​ក្រុមគ្រួសារ​នីមួយៗ ពោលគឺ​កូនចៅ ត្រូវមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ ទើប​អាច​កាន់ចង្កូត បើកបរ​ម៉ូតូ បើកបរ​ឡាន ហើយក៏​ត្រូវ​ឆ្លងកាត់​សាលារៀន​បើកបរ​ត្រឹមត្រូវ​។ រីឯ​អាជ្ញាធរ​សមត្ថកិច្ច រាប់​ចាប់ពី​ថ្នាក់​ក្រុម​ភូមិ​ឃុំ​សង្កាត់ និង​ប៉ូលិស​ឃុំ​សង្កាត់ ក៏​គួរតែ​ចូលរួម ចុះ​បង្រៀន​ដល់​ខ្នង​ផ្ទះ ឬ​នៅតាម​សាលារៀន និង​នៅតាម​វត្ត អំពី​ច្បាប់​ចរាចរណ៍​ស្លាក សញ្ញា​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ ចាស់​ក្មេង​ទាំងអស់ នៅតាម​មូលដ្ឋាន​។ យើង​អាច​ធ្វើបាន បើសិនជា​យើង​ធ្វើ​៕ ដោយៈ ម៉េង​ឆៃ​

ទិដ្ឋភាព​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​កន្លងទៅ​(​រូប​ឯកសារ​)