គ្រោះថ្នាក់​ចរាចរណ៍ សមត្ថកិច្ច​រកឃើញ​មាន​ថ្នាំញៀន ម៉ា​ទឹកកក​៨​ថង់​ធំ ពី​ជន​ជាតិចិន​៣​នាក់ ពេលនេះ​ចាប់បាន​ម្នាក់​​

323
ចែករម្លែក
  • 160
    Shares

ដោ​យ:វណ្ណៈ​/​ព្រះ​សីហ​នុ ៖ ​សមត្ថកិច្ច​រកឃើញ​ជន​ជាតិចិន​ពាក់​ព​ន្ធ័​នឹង​បទល្មើស​គ្រឿងញៀន​នៅ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​៣និង៤០​នាទី​ទៀបភ្លឺ​ថ្ងៃទី២១​ កុម្ភៈ ​២០១៩ លើផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៧-១៥៨ ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

​របាយការណ៍​ពី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០១​ឲ្យដឹងថា ដំបូង​ជាហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត ម៉ាក​ព្រូស ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ​2AS -0632 មាន​ទិសដៅ ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ​ជិះ​គ្នា​០៣​នាក់​( ជា​ជន​ជាតិចិន )​។ មកដល់​ចំណុច​ខាងលើ រថយន្ត​នេះ​មាន​ល្បឿន​លឿន​រេ​ចង្កូត​ទៅ​​ឆ្វេង​ដៃ ជ្រុល​បុក​រថយន្ត​ធំ​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន​ដាយ ពណ៌​ក្រហម ពាក់​ផ្លាកលេខ​ភ្នំពេញ 3B-64 07 (​មិនទាន់​ស្គាល់​អ្នកបើកបរ​) ដែល​ឈប់​ចត​សម្រាក​នៅ​ចិញ្ចើមផ្លូវ​គ្រួស​ក្រហម​ខាងស្តាំ។ ប៉ុន្តែ​រថយន្ត​នេះ​មិនមាន​ការខូចខាត​អ្វី​ធ្ងន់ធ្ងរ​ទេ ហើយ​អ្នកបើកបរ​ក៏បន្តដំណើ​រ​ទៅ​ភ្នំពេញ​បន្តទៀត​មិន​ឈប់​នៅ​រក​ខុសត្រូវ​អ្វី​ឡើយ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច មាន​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០១ និង នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​មក​អន្តរាគមន៍​និង​ត្រួតពិនិត្យ ក៏មាន​ការសង្ស័យ​ទៅលើ​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនជាតិ​ចិន​៣​នាក់​ មាន​យួរ​ស្បោង​ព​ណ៌ស​មួយ​នៅ​ឆ្ងាយ​ពី​គេ។ សមត្ថកិច្ច​សុំ​ត្រួតពិនិត្យ ប៉ុន្តែ​មិនទាន់បាន​ឆែក​ផង ជ​នស​ង្យ័​យ​ទាំង​បីនាក់​ខាងលើ​ក៏រត់គេចខ្លួន​ចូលក្នុង​ចំការ​ដូងប្រេង ទម្លាក់​ស្បោង​នោះ​ចោល ក្នុងនោះ​សមត្ថកិច្ច​បាន​ឆែក​ឃើញ​គ្រឿងញៀន​ប្រភេទ ម៉ា​ទឹកកក​ចំនួន​៨​កញ្ចប់​ធំ ។

​ក្រោយមក​សមត្ថកិច្ច​បា​ន​ដេញ​រុករក​ជនសង្ស័យ​ក្នុងព្រៃ​ចំការ​ដូងប្រេង រហូតដល់​ម៉ោង​៨និង៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ទើប​ប្រទះឃើញ​និង​ចាប់ខ្លួនបាន​ម្នាក់។ រីឯ​២​នាក់​ទៀត​នៅ​​រក​មិនទាន់​ឃើញ​នៅឡើយ​។​

ចំពោះ​មនុស្ស និង​វត្ថុតាង​ខាងលើ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​បន្ត​និតិ​វិធី​នៅឡើយ​៕​B/

#