គ្រោះថ្នាក់​ចរាចរ​ឆ្នាំ​២០១៨៖ ស្លាប់១៧៦១នាក់ និង​របួស៤៧៧១នាក់ ថយចុះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧

2420
ចែករម្លែក
  • 7
    Shares

.​នៅ​ខែធ្នូ ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​សម្លាប់​មនុស្ស១៤០​នាក់ និង​របួស៤២៥​នាក់


ដោយ:ម៉េង​ឆៃ​,​សាវ​រក្ស​/ភ្នំពេញ​៖ របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា នៅ​ឆ្នាំ​២០១៨ គិត​ចាប់ពី​ខែមករា ដល់​ខែធ្នូ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក បានសម្លាប់​មនុស្ស​សរុប ១.៧៦១ នាក់ និង​របួស ៤.៧៧១​នាក់​។ ចំនួន​អ្នកស្លាប់ និង​របួស​នេះ បាន​ថយចុះ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។ ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរ បានសម្លាប់​មនុស្ស ១៧៨០ នាក់ និង​របួស ៥៥៣៩ នាក់​។​


របាយការណ៍​ប្រចាំថ្ងៃ​របស់​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បង្ហាញថា ឆ្នាំ​២០១៨​នេះ​នៅ​ខែមករា គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​កើតឡើង ៣០៤ លើក បណ្តាល​ឲ្យ​ស្លាប់ ១៦៨ នាក់ និង​របួស​សរុប ៣៩៥ នាក់​។ ខែកុម្ភៈ​គ្រោះ កើតឡើង ២៥៣ លើក បណ្តាល​ឲ្យ​ស្លាប់ ១៥៧ នាក់ និង​របួស​សរុប ៤១២ នាក់​។ ខែមីនា​កើតឡើង ២៦២ លើក ស្លាប់ ១៥៥ នាក់ និង​របួស​សរុប ៤២៧ នាក់​។ ខែមេសា​កើតឡើង ៣១៦ លើក បណ្តាល​ឲ្យ​ស្លាប់ ១៧៧ នាក់ និង​របួស ៤៧៤ នាក់​។ ខែឧសភា កើតឡើង ២៥៥ លើក បណ្តាល​ឲ្យ​ស្លាប់ ១៤១ នាក់ និង​របួស ៣១៨ នាក់​។ ខែមិថុនា កើតឡើង ២៤៣ លើក បណ្តាល​ឲ្យ​ស្លាប់ ១៣២ នាក់ និង​របួស ៣៧៣ នាក់​។ ខែកក្កដា​កើតឡើង ២៣៨ លើក បណ្តាល​ឲ្យ​ស្លាប់ ១៣០ នាក់ និង​របួស ៣៦១​នាក់​។ ខែសីហា​បានកើត​ឡើង ២៥៧ លើក ស្លាប់ ១២២​នាក់ និង​របួស​សរុប ៣៣៥​នាក់​។ ខែកញ្ញា​កើតឡើង ២៥០ លើក បណ្តាល​ឲ្យ​ស្លាប់ ១៣១ នាក់ និង​របួស ៣៣២ នាក់​។ នៅ​ខែតុលា កើតឡើង ៣០៩ លើក បណ្តាល​ឲ្យ​ស្លាប់ ១៦៦​នាក់ និង​របួស​សរុប ៤៧៧​នាក់​។ ខែវិច្ឆិកា កើតឡើង​ចំនួន ២៨៧​លើក ស្លាប់ ១៤២​នាក់ និង​របួស ៤៤២​នាក់​។ ខែធ្នូ បានកើត​ឡើង ២៩៣​លើក បណ្តាល​ឲ្យ​ស្លាប់ ១៤០​នាក់ និង​របួស ៤២៥​នាក់​។​

ចំណែក​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស ក្នុង​ឆ្នាំ​២០១៨ គឺ​កើតឡើង​ច្រើនជាងគេ ដោយសារ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ បើកបរ​ប្រជែង មិន​គោរព​សិទ្ធិ និង​បើកបរ​មិន​ប្រកាន់​ស្តាំ ជាដើម​។ ចំណែក រាជធានី​-​ខេត្ត ដែល​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើនជាងគេ នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្តកណ្តាល ជាដើម​។​

របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ ក៏បាន​បង្ហាញថា កាលពី​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានសម្លាប់​មនុស្ស ១៧៨០ នាក់ និង​របួស ៥៥៣៩ នាក់​។ កាលពី​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានសម្លាប់​មនុស្ស ១៧១៧ នាក់ និង​របួស ៦៦០៧ នាក់​៕B/