គ្រោះថ្នាក់​ចរាចរ​ឈានដល់​កម្រិត ព្រឺក្បាល​សំពោង​!

410
ចែករម្លែក

ទិវា​សប្តាហ៍​ជាតិ ស្ដីពី សុវត្ថិភាព​ចរាចរណ៍ លើក​ទី​១២ ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ស្រុក ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​។ ក្នុង​ទិវា​នេះ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​អំពាវនាវ​ជាថ្មីទៀត​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកបើកបរ​បង្កើន​ការប្រុងប្រយ័ត្ន​ព្រោះ​សម្ដេច កំពុងមាន​ការព្រួយបារម្ភ​ខ្លាំង ចំពោះ​កំណើន​គ្រោះថ្នាក់​ចរាចរ​នៅ​ឆ្នាំ​២០១៩ ដែល​សម្ដេច​ថា វា​ឈានដល់​កម្រិត ប្រកាសអាសន្ន​ហើយ​។

​សម្តេច​ក្រឡាហោម ស ខេង លើកឡើងថា រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​ចំនួន​អ្នក ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​មិនមាន​ការថយចុះ​នោះទេ ខណៈ​របាយការណ៍​ត្រឹម រយៈពេល​បី​ខែ ក្នុង​ឆ្នាំ​២០១៩ បង្ហាញថា គ្រោះថ្នាក់​ចរាចរ​បាន​កើនឡើង​ជាង​៣១ ភាគរយ មាន​អ្នកស្លាប់ ៥១៣​នាក់ និង​របួស​ជាង ១៥០០ នាក់​។

​សម្ដេច​ក្រឡាហោម​បាន​បញ្ជាក់ថា កំណើន​គ្រោះថ្នាក់​ចរាចរ​នេះ គឺ​ដោយសារតែ​អ្នក បើកបរ​មួយចំនួន នៅតែ​មិន​គោរព​ច្បាប់ គ្មាន​សីលធម៌ និង​មិន​មានការ​អធ្យាស្រ័យ ក្នុងការ​បើកបរ បូកផ្សំ​នឹង​សន្ទុះ​នៃ​ការអភិវឌ្ឍ និង​សេដ្ឋកិច្ចជាតិ ដែល​ផ្ដល់​លទ្ធភាព ឲ្យ​ពលរដ្ឋ​ទិញ​មធ្យោបាយ​ធ្វើដំណើរ ម៉ូតូ និង​ឡាន​កាន់តែច្រើន​។ កំណើន​នៃ​គ្រោះថ្នាក់ ចរាចរ​នេះ​ជា​សញ្ញា​ឈានទៅ​ប្រកាសអាសន្ន​ហើយ​គ្រប់ភាគី​ត្រូវ​ពង្រឹង​ការងារ​សុវត្ថិភាព​ចរាចរណ៍​ឲ្យ​បាន​ខ្លាំងក្លា​។

​ជា​វិធានការ​ចំពោះមុខ​កំណើន​នៃ​គ្រោះថ្នាក់​ចរាចរ​នាពេលនេះ នៅក្នុង​ទិវា​សប្តាហ៍​ជាតិ ស្ដីពី សុវត្ថិភាព​ចរាចរណ៍ សម្ដេច​ក្រឡាហោម ស ខេង​បាន​បញ្ជា​ឲ្យ​គណៈកម្មាធិការ ជាតិ និង​អនុគណៈកម្មការ​សុវត្ថិភាព​ចរ​ចរណ៍​ផ្លូវគោក រាជធានី​ខេត្ត ត្រូវ​ពង្រឹង​យន្ដការ ដែលមាន​ស្រាប់ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បន្ត​អប់រំ ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់ ឲ្យ​បាន​តឹងរឹង​ចំពោះ​អ្នកបើកបរ ស្ថិតក្នុង​ភាពស្រវឹង និង​ការបើកបរ បង្ក​ឲ្យ​មនុស្ស​ស្លាប់ ព្រមទាំង​ទប់ស្កាត់​ឲ្យ​បាន​នូវ​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​ដែល​ប្រើ ប្រាស់​គ្រឿងញៀន​។

​របាយការណ៍​របស់​នា​យក​ដ្ឋា​នន​គរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ បង្ហាញថា នៅ​ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ បានសម្លាប់​មនុស្ស ១.៧៦១ នាក់ និង​របួស ៤.៧៧១ នាក់​។ ក្នុងចំណោម​ល​អ្នកស្លាប់ និង​របួស​ទាំងនេះ គឺមាន​អ្នកធ្វើដំណើរ​តាម​ម៉ូតូ រហូតដល់​ជិត ៨០​ភាគរយ ហើយ​ជនរងគ្រោះ​ភាគច្រើន មិន​ពាក់មួក​សុវត្ថិភាព​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​លើកឡើងថា គ្រោះថ្នាក់​ចរាចរ ក៏បាន បណ្ដាល​ឲ្យ​ខាតបង់​ថវិកា​ជិត ៤០០​លាន​ដុល្លារ ក្នុង​មួយឆ្នាំ​ព្រមទាំង​ទ្រព្យសម្បត្តិ ជាច្រើន​ទៀត​។

​កន្លងមក មន្ត្រី​ជំនាញ និង​ប៉ូលិស​ចរាចរណ៍ បាន​ចុះ​អប់រំ ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​អំពី ច្បាប់​ចរាចរណ៍​ផ្លូវគោក ពិសេស​វិធានការ ១០ ចំណុច​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ រួមមាន ១-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច ក្នុងពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត (​ម៉ូតូ ) ២-​មិនត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ដាច់ខាត ៣-​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង​ជាដាច់ខាត ៤-​ត្រូវគោរព​សិទ្ធិ​អាទិភាព​គោរព​សញ្ញា​ចរាចរណ៍ និង​ប្រកាន់​ស្ដាំ​ជានិច្ច ៥-​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ជានិច្ច​ក្នុងពេល​ធ្វើដំណើរ​ទៅ តាម​រថយន្ត​៦-​មិនត្រូវ​បត់ ឬ​ជែង​ក្នុង​ភាព​ប្រថុយប្រថាន ឬ​ប្រើ​ទូរ​សព្ទ​ក្នុងពេល​បើកបរ ដោយ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង​ទំនាក់ទំនង​ឡើយ ៧-​ត្រូវ​ពិនិត្យ​លក្ខណៈ​បច្ចេក ទេស​យានយន្ត​ជានិច្ច ពិសេស​ពិនិត្យមើល​កង់ ចង្កូត ហ្វ្រាំង និង​ភ្លើង​បំភ្លឺ​។​ល​។ មុនពេល ចេញ​ធ្វើដំណើរ ៨-​សូមកុំ​ផ្ទុក​អ្នកដំណើរ ឬ​ទំនិញ​លើស​ច្បាប់​កំណត់ ចំពោះ​រថយន្ត ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹក​កម្មករ មិនត្រូវ​ផ្ទុក​អ្នកដំណើរ ឬ​កម្មករ​លើដំបូល និង​សូម មេត្តា កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ ៩-​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជាដាច់ខាត និង​១០-​ត្រូវ​បើកបរ ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ប្រកបដោយ​សីលធម៌​យោគយល់ អធ្យាស្រ័យ​គ្នា​។​

​ក្រៅពី​វិធានការ​ទាំង ១០ ចំណុច​នេះ អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ មិន​ថា ម៉ូតូ ឬ​ឡាន​ទេ គឺ​មិនត្រូវ​ស្ថិតក្នុង​ភាពស្រវឹង ពិសេស​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​គឺ​មិនមែន ជា​អ្នក​ដែល​ប្រើប្រាស់​គ្រឿងញៀន​នោះឡើយ​។​

​អ្នក​ស្រវឹង​បើកបរ​ម៉ូតូ ឬក៏​ឡាន គឺ​មិន​ត្រឹមតែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​តែ​ម្នាក់ ប៉ុណ្ណោះ​ទេ​តែ​ក៏​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ជា​អ្នករួមដំណើរ​ជាមួយ និង​ជា​អ្នក ធ្វើដំណើរ​តាមផ្លូវ ឬក៏​អ្នករស់នៅ​ជាប់​ផ្លូវ ជាដើម​។ បើ​ស្រវឹង កុំ​បើកបរ​។ ផ្ញើ​ម៉ូតូ ឬ​ឡាន នៅ​កន្លែង​ផឹកស៊ី​នោះ ហៅ​ម៉ូតូឌុប ឬក៏ Passapp ឬ​ឡាន​តាក់ស៊ី​ម៉ែត្រ ជិះ​ទៅផ្ទះ ឬ​ទៅ​ដេក​នៅផ្ទះ​សំណាក់​សណ្ឋាគារ ក៏​មិន​ខាតបង់​អ្វី​ច្រើន​ឡើយ​។ ពោលគឺ​អស់​លុយ ថ្លៃ​ម៉ូតូឌុប ឬក៏​ថ្លៃ​ជិះ​ម៉ូតូ​កង់​បី ឬ​ឡាន​តាក់ស៊ី តែ​ប៉ុន្មាន​ម៉ឺន​រៀល គឺ​ប្រសើរ​ជាជាង បង្ក​គ្រោះថ្នាក់​ចរាចរ បណ្តាល​ឲ្យ​ខូច​ម៉ូតូ​ឡាន ហើយ​បើ​ធ្ងន់ធ្ងរ​បុក​គេ​របួស ឬ​ស្លាប់ ទៀត​នោះ គឺ​កាន់តែ​ធ្ងន់​ក​។ ពោលគឺ​ពេល​ផឹកស្រា សប្បាយ តែ​ដល់ពេល​បង្កបញ្ហា គ្រោះថ្នាក់​ចរាចរណ៍ បែរជា​ក្លាយជា​ទុក្ខ​ទៅវិញ​។​

​ដូចគ្នា​ដែរ ម្ចាស់​ក្រុមហ៊ុន​ឡាន​ដឹកទំនិញ ពិសេស​ឡាន​កុងតឺន័រ​ក៏​គួរតែ​គិតគូ​ជ្រើសរើស អ្នកបើកបរ​ឡាន​របស់ខ្លួន ដែលជា​អ្នកមាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ និង​បើកបរ​ដោយ សុជីវធម៌ មិន​បង្ក​គ្រោះថ្នាក់​ចរាចរ ពិសេស​មិនមែនជា​អ្នកប្រើប្រាស់​គ្រឿងញៀន នោះទេ​។ កាលណា​អ្នកបើកបរ បង្កបញ្ហា​គ្រោះថ្នាក់​ចរាចរ និង​ជា​មនុ​ស្សញៀន​ថ្នាំ គឺ​អ្នកខាតបង់ ជា​ម្ចាស់​ក្រុមហ៊ុន ថៅកែ​ឡាន​តែម្តង ព្រោះថា តែមាន​បញ្ហា​អី​អ្នកបើកបរ នោះ នឹង​រត់ចោល​ឡាន ហើយ​ថៅកែ​ក្រុមហ៊ុន ត្រូវ​ចេញមុខ​ដោះស្រាយ​ខណៈដែល ឡានធំៗ​ដឹកទំនិញ​ទាំងនោះ មានតម្លៃ​រាប់សិប​ម៉ឺន​ដុល្លារ បូករួម​ទាំង​ទំនិញ​ទៀតផង​។ ដូច្នេះ កុំ​ឲ្យ​ខាតបង់​ពេលវេលា និង​លុយកាក់ ហើយ​បើ​ធ្ងន់ធ្ងរ​រហូតដល់​បង្ក​គ្រោះថ្នាក់ ចរាចរណ៍ មាន​មនុស្ស​ស្លាប់ គឺ​ត្រូវ​ប្រឈមមុខ​នឹង​ទោស​ជាប់ពន្ធនាគារ​ថែមទៀត​នោះ គឺ​ម្ចាស់​ក្រុមហ៊ុន ថៅកែ​ឡាន គួរតែ​ជ្រើសរើស​អ្នកបើកបរ ដែល​គោរព​ច្បាប់ទម្លាប់ និង​មិនមែនជា​អ្នកប្រើប្រាស់​គ្រឿងញៀន​។​

​សរុបមក មានតែ​ការចូលរួម​ទាំងអស់គ្នា​ទេ ទើប​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​។ ចូលរួម​សំខាន់​ជាងគេ គឺ​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ពិសេស​ម៉ូតូ​ឡាន​គួរតែ​គោរព ច្បាប់ ភ្លើង​សញ្ញា​ចរាចរណ៍ ពាក់មួក​សុវត្ថិភាព ដាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​បើកបរ ចេះ​អធ្យាស្រ័យ​គ្នា បើកបរ​ដោយ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​។ រីឯ​ប៉ូលិស​ចរាចរណ៍ ក៏ត្រូវ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ដោយ​ចាប់​ផាកពិន័យ ដោយ​គ្មាន​ការយោគយល់ ហើយ​ឃាត់​ម៉ូតូ​ឡាន ដែល​ល្មើស​យកទៅ​ទុកតា​មកាល​កំណត់ដោយ​គ្មាន​ការលើក លែង​ឡើយ​។ សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​ថ្ងៃនេះ ថ្ងៃស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរ​៕ ដោយៈ​ម៉េង​ឆៃ​