គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៥​មាន​១០​លើក​ស្លាប់​៤​នាក់​របួស​១៦​នាក់​

672
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា គិតពី​ម៉ោង​២​រសៀល​ថ្ងៃទី​២៤​ដល់​ម៉ោង​២​រសៀល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១០​លើក​(​យប់​៣​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់​(​ស្រី​២​នាក់​) រងរបួស​ធ្ងន់ ៦​នាក់​(​ស្រី​១​នាក់​) រងរបួស​ស្រាល​១០​នាក់​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៦​គ្រឿង ក្នុងនោះ មាន​ម៉ូតូ​១០​គ្រឿង រថយន្ត​ធុន​តូច​៤​គ្រឿង រថយន្ត​ធុន​ធំ​២​គ្រឿង​។ មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៧​នាក់ (​យប់​២​នាក់​)​។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ល្បឿន ២​លើក​(​ស្លាប់​២​នាក់​), មិន​គោរព​សិទ្ធិ ៣​លើក​(​ស្លាប់​១​នាក់​), បត់​គ្រោះថ្នាក់ ៣​លើក និង​កត្តា​យាន ២​លើក​(​ស្លាប់​១​នាក់​)​។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​២៥​នាក់ គិត​ចាប់ពី​ថ្ងៃទី​១-២៥ ខែកក្កដា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ១៨០​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ១០៤​នាក់ របួស​សរុប ២៨៧​នាក់ របួសធ្ងន់ ១៦៨​នាក់ របួសស្រាល ១១៩​នាក់​៕ ល​