របាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា នៅខែមករា ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ ចរាចរផ្លូវគោក នៅទូទាំងប្រទេសបានកើតឡើង ៣៣១ លើកបណ្តាលឲ្យស្លាប់ ១៤៨នាក់ និងរបួសសរុប ៥១៧នាក់។ ក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់នេះចំនួន ១៤៨នាក់ គឺមាន ១១៣ នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ និងមិនពាក់មួកសុវត្ថិភាព ៨៧នាក់។ បើធៀបនឹងខែធ្នូ ឆ្នាំ២០១៨ គឺគ្រោះថ្នាក់ចរាចរ នៅខែមករា ឆ្នាំ២០១៩នេះ កើនឡើងទាំងចំនួនគ្រោះថ្នាក់ កើនឡើងទាំងចំនួនអ្នកស្លាប់ និងកើនឡើងទាំងចំនួនអ្នករបួស។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា ក្នុងចំណោមអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរ នៅខែមករា ឆ្នាំ២០១៩ ដែលមានចំនួន ១៤៨នាក់ គឺមាន ១១៣ នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ និងមិនពាក់មួកសុវត្ថិភាព ៨៧នាក់។ អ្នកធ្វើដំណើរតាមរថយន្តតូចស្លាប់ ១៥នាក់ រថយន្តធំ ៣នាក់ ថ្មើរជើង ១១នាក់ និងយានផ្សេងៗ ស្លាប់ ៦នាក់។
រីឯមូលហេតុគ្រោះថ្នាក់ចរាចរ នៅខែមករា ឆ្នាំនេះ ត្រូវបានប៉ូលិសចរាចរណ៍កត់ត្រាថា បង្កឡើងច្រើនជាងគេ ដោយសារការបើកបរលឿនល្មើសល្បឿនកំណត់ មានចំនួន ១៣១លើក មិនគោរពសិទ្ធិ ៧៤លើក មិនប្រកាន់ស្តាំ ៥២លើក ប្រជែង ២៨លើក បត់គ្រោះថ្នាក់ ២២លើក ស្រវឹង ៩លើក ងងុយ ៥លើក និងកត្តាយាន ១០លើក។ ចំណែករាជធានីខេត្ត ដែលគ្រោះថ្នាក់ និងរងគ្រោះច្រើនជាងគេ គឺនៅភ្នំពេញ ៨២លើក ព្រះសីហនុ ២២លើក ព្រៃវែង ៧លើក កំពង់ចាម ១៩លើក ខេត្តស្វាយរៀង ១៣លើក កំពង់ស្ពឺ ១៥លើក និងខេត្តកណ្តាល ១៩លើក។
របាយការណ៍ដដែលបង្ហាញថា នៅខែធ្នូ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរផ្លូវគោក នៅទូទាំងប្រទេស បានកើតឡើង ២៩៣លើក បណ្តាលឲ្យស្លាប់ ១៤០នាក់ និងរបួស ៤២៥នាក់។ ដោយឡែក នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរផ្លូវគោក បានសម្លាប់មនុស្ស ១.៧៦១ នាក់ និងរបួស ៤.៧៧១នាក់។ ចំនួនអ្នកស្លាប់ និងរបួសនៅក្នុងឆ្នាំ២០១៨ បានថយចុះ បើធៀបនឹងឆ្នាំ២០១៧។ ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរផ្លូវគោក នៅទូទាំងប្រទេស បានសម្លាប់មនុស្ស ១.៧៨០ នាក់ និងរបួស ៥.៥៣៩ នាក់។
យ៉ាងណាក៏ដោយចុះ បើយើងពិនិត្យមើលពីគ្រោះថ្នាក់ចរាចរផ្លូវគោកនៅខែមករាឆ្នាំ២០១៩ គឺចំនួនអ្នកស្លាប់ នៅតែស្ថិតនៅអត្រាខ្ពស់នៅឡើយ ពោលគឺក្នុងរយៈពេល ៣១ថ្ងៃ ក្នុងខែមករា មិនមានថ្ងៃណាមួយថា មិនមានអ្នកស្លាប់ និងមិនមានអ្នករបួសទេ។ ជាមធ្យម ក្នុង១ថ្ងៃៗ មានអ្នកស្លាប់ដល់ទៅជាង ៤ នាក់ និងរបួសជាង ១៦នាក់។ ភាគច្រើននៃអ្នកស្លាប់ និងអ្នករបួស គឺជាអ្នកធ្វើដំណើរតាមម៉ូតូ និងមិនពាក់មួកសុវត្ថិភាព។ រីឯមូលហេតុបង្កគ្រោះថ្នាក់ច្រើនជាងគេ គឺការបើកបរលឿនល្មើសល្បឿនកំណត់។
គ្រោះថ្នាក់ចរាចរ ដែលបង្កឡើងដោយសារកត្តាមនុស្ស គឺអ្នកបើកបរ នៅតែជាកត្តានាំមុខគេ។ ផ្លូវស្អាតហើយ តែអ្នកបើកបរ ពិសេសអ្នកធ្វើដំណើរតាមម៉ូតូ ខ្វះការប្រុងប្រយ័ត្ន បើកបរលឿន មិនគោរពសិទ្ធិ និងវ៉ាជែងគ្រោះថ្នាក់ បានបង្កគ្រោះថ្នាក់ច្រើនជាងគេ។
ដូច្នេះមានតែការគោរពច្បាប់ចរាចរណ៍ បើកបរកុំលឿនហួសហេតុពេក។ អ្នកបើកបរម៉ូតូ និងអ្នកធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរ។ រីឯអ្នកបើកបរ និងអ្នកជិះឡាន ក៏ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព បើកបរមិនត្រូវលឿនពេកទេ។ នៅពេលបើក បរម៉ូតូ ឡាន យើងត្រូវនឹងគិតដល់ពាក្យថា “សន្សឹមៗ កុំបំបោរ ក្រែងមិនដល់ដូចប្រាថ្នា”។ ម្យ៉ាងទៀត អ្នកបើកបរ និងអ្នកធ្វើដំណើរតាមម៉ូតូទាំងឡាយ ក៏ត្រូវនឹកគិតថា យើងត្រូវគោរព ច្បាប់ ស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ពិសេសយើងត្រូវពាក់មួកសុវត្ថិភាព នៅពេលធ្វើ ដំណើរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ដោយមិនត្រូវគិតថា ពាក់មួកសុវត្ថិភាព ឬក៏គោរពច្បាប់ ចរាចរណ៍ គោរពស្លាកសញ្ញា និងគោរពភ្លើងសញ្ញាចរាចរណ៍ តែពេលណាមានប៉ូលិសឈរជើង នៅចំណុចភ្លើងស្តុបនោះឡើយ ព្រោះថា ជីវិតរបស់យើង ហើយបើជួបគ្រោះថ្នាក់អ្វីគឺយើងខ្លួនឯង នេះហើយ ជាអ្នករងគ្រោះ របួស ពិការ ហើយបើធ្ងន់ធ្ងរ គឺរហូតដល់ស្លាប់ទៀតផង។
គួរតែចំណាយលុយទិញមួកសុវត្ថិភាព ឬមួកការពារ តម្លៃត្រឹមតែ ១០ដុល្លារជាជាងគ្រោះថ្នាក់ កើតឡើង គឺយើងខាតបង់ច្រើនលើសពី ១០ដុល្លារ ឬក៏បើប៉ូលិសចាប់ផាកពិន័យ ក៏នាំឲ្យខាតពេល ហើយពិន័យម្តង ១៥០០០ រៀល តែពីរបីដង គឺស្មើនឹងតម្លៃមួកសុវត្ថិភាពមួយ ដែលយើងអាចប្រើ ប្រាស់បានដល់ទៅរាប់ឆ្នាំ។ សូមចូលរួមទាំងអស់គ្នា ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការ គោរពច្បាប់ចរាចរណ៍ និងពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមម៉ូតូ ហើយបើតាមឡាន ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និងត្រូវមានការយោគយល់អធ្យាស្រ័យគ្នា ក្នុងពេលធ្វើដំណើរ។
ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ សូមប្រុងប្រយ័ត្ន ក្នុងការបើកបរ។ ពោលគឺ ស្រវឹងមិនបើកបរ។បើកបរដោយការទទួលខុសត្រូវ៕ ដោយ: ម៉េងឆៃ