គ្រោះថ្នាក់​ចរាចរ​មិន​ថមថយ​!

678
ចែករម្លែក

ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​២០១៩ ពោលគឺ​ចាប់ពី​ខែមករា ដល់​ខែមីនា គ្រោះថ្នាក់ ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេសបានកើត​ឡើង ១០៧៦ ករណី បាន​ផ្តាច់​យក​ជីវិតមនុស្ស ៥១៣ នាក់ និង​របួស ១៥៩២​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាននគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ប្រចាំថ្ងៃ​របស់​នាយកដ្ឋាន​ន​គ​របាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ បង្ហាញថា នៅ​ខែមករា ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក កើតឡើង​ចំនួន ៣៣១ លើក បណ្តាល​ឲ្យ​ស្លាប់ ១៤៨ នាក់ និង​របួស ៥១៧ នាក់​។ នៅ​ខែកុម្ភៈ គ្រោះថ្នាក់​ចរាចរផ្លូវគោកកើតឡើង ៣៦២ លើក ស្លាប់ ១៦២​នាក់ និង​របួស ៥៦០​នាក់​។ ចំណែក​ខែ មីនា​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក បានកើត​ឡើង ៣៨៣ លើក បណ្តាល​ឲ្យ​ស្លាប់ ២០៣​នាក់ និង​របួស ៥១៥​នាក់​។​

​របាយការណ៍​ដដែលបង្ហាញថា ក្នុងចំណោម​អ្នកស្លាប់ទាំង ២០៣ នាក់ នៅក្នុង​រយៈ ពេល​បី​ខែ​នេះ មាន ២០៣ នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន ១១២​នាក់​។ រីឯ​មូលហេតុ​គ្រោះថ្នាក់ ច្រើនជាងគេ បង្កឡើង​ដោយ​ការបើកបរ​លឿន ល្មើស​ល្បឿន​កំណត់ បើកបរ​មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ ប្រជែង បត់​គ្រោះថ្នាក់ ស្រវឹង ងងុយ និង​កត្តា​ផ្លូវ​។​

​ដោយឡែក រាជធានី​-​ខេត្ត ដែល​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើនជាងគេ ក្នុង​រយៈពេល ៣​ខែ​នេះ រួមមាន រាជធានី​ភ្នំពេញ កំពង់ស្ពឺ ព្រះសីហនុ បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ និង​ខេត្តកំពង់ធំ​។

​កាលពី​ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក បានសម្លាប់​មនុស្ស ១.៧៦១ នាក់ និង​របួស ៤.៧៧១​នាក់​។ ចំនួន​អ្នកស្លាប់ និង​របួស នៅក្នុង​ឆ្នាំ​២០១៨ បាន​ថយ​ចុះបើ​ធៀប​នឹង​ឆ្នាំ ២០១៧​។ ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានសម្លាប់​មនុស្ស ១៧៨០ នាក់ និង​របួស ៥៥៣៩ នាក់​។​

​យោងតាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក រយៈពេល​បី​ខែ ដើមឆ្នាំ​នេះ យើង​ឃើញថា គ្រោះថ្នាក់​ចរាចរ ដូចជា​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗ មិន​ថមថយ​សោះ ជាពិសេស​នៅ​ផ្លូវជាតិ​លេខ​៤ លេខ​៦ និង​ផ្លូវជាតិ​លេខ​១ ជាដើម ដែល​ស្លាប់​ច្រើន និង​របួស ហើយ​មួយ​ករណី ស្លាប់​លើសពី ២​នាក់ ក៏​កើតមាន​កាន់តែ​មាន​ច្រើន​។ ក្នុងនោះ អ្នកជិះ​ម៉ូតូ​រងគ្រោះ​ដោយ​រថយន្ត បុក​ប៉ះ មាន​ច្រើនជាងគេ​។

​ករណីដែល​កើនឡើង​នេះ គួរតែ​មន្ត្រី​ជំនាញ​ចរាចរណ៍ លើក​វិធានការ​ថ្មី ជាក់ស្តែង ដាក់​ឲ្យ​ខេត្ត​រាជធានី អនុវត្ត​ន៍ថែមទៀត ដើម្បី​ខិតខំ​រក​វិធី​កាត់បន្ថយ​គ្រោះមហន្តរាយ​នេះ​។​

​កន្លងមក​ទាំង​ប៉ូលិស​ចរាចរណ៍ ក៏ដូចជា​គណៈកម្មាធិកា​រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម សខេង និង​មាន​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អនុប្រធាន ព្រមទាំង​អង្គការ​ជំនាញ​នានា ក៏ដូចជា​អាជ្ញាធរ​រាជធានី​ខេត្ត បាន​រួមគ្នា​យ៉ាងសកម្ម អប់រំ ផ្សព្វផ្សាយ ថែមទាំង​ថែម​មួកសុវត្ថិភាព​ដល់​អ្នក​បើកបរ​ម៉ូតូ ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះ​ថ្នាក់លើ​ដងផ្លូវ ដែល​បានសម្លាប់​មនុស្ស​ជា​មធ្យម ៦​នាក់ និង​របួស​ប្រមាណ ១៨ នាក់ ក្នុង មួយថ្ងៃៗ​។​

​យ៉ាងណាក៏ដោយ សំខាន់​ជាងគេ គឺ​អ្នកបើកបរ មិន​ថា ម៉ូតូ និង​រថយន្ត​នោះទេ គឺ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ បើកបរ​ដោយ​អធ្យាស្រ័យ ប្រកបដោយ​ការប្រុងប្រយ័ត្ន​។ កុំ​បើកបរ​លឿនៗ ពិសេស​មិនត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ឬ​ងងុយដេក​នោះទេ ព្រោះថា ការធ្វេសប្រហែស​តែមួយ​ប៉ព្រិចភ្នែក​សោះ នឹង​កើត​បញ្ហា​ហើយ​បើសិនជា​កើត ហេតុ​គ្រោះថ្នាក់​ចរាចរ​គឺ​មិនមែន​រងគ្រោះ​តែម្នាក់ឯង​ឡើយ​គឺ​បង្ក​មហន្តរាយ​ដល់​អ្នកដំណើរ​ដទៃទៀត រក​ស្មាន​មិនត្រូវ​ទេ​។​

​អ្នកបើកបរ​ម៉ូតូ និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ត្រូវ​ពាក់មួក​សុវត្ថិភាព​ជាប់​ជាប្រចាំ​។ រីឯ​អ្នកបើកបរ​រថយន្ត ក៏ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព ហើយ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន គោរព​ច្បាប់ និង​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។ កុំ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ពិសេស​អ្នកបើកបរ​រថយន្ត​ធុន​ធំ ដូចជា កុងតឺន័រ និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ជាដើម ត្រូវតែ​ត្រួតពិនិត្យ​យានយន្ត ជាប្រចាំ​។​

​ចូរ​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​លើ​ដងផ្លូវ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន និង​ការទទួលខុសត្រូវ ពិសេស​​បង្កើន​សីលធម៌ យោគយល់​អធ្យាស្រ័យ​គ្នា កុំ​ឲ្យ​យើង​រងគ្រោះច្រើនជាង​នេះ​។ នៅពេលនេះ រដូវ​ឆេង​ម៉េង​ចូលមក​ដល់ ការធ្វើដំណើរ​ក៏​មមាញឹកជាង​មុន​។ នៅ​ពាក់កណ្តាល​ខែមេសា​ខាង​មុ​នេះ ក៏​ចូលដល់​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយ​ការធ្វើដំណើរ​តាមផ្លូវ ក៏​កាន់តែ​មមាញឹក ដូច្នេះ​មានតែ​យើង​ម្នាក់ៗចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យោគយល់ អធ្យាស្រ័យ ក្នុងពេល​ដំណើរ ដើម្បី​កុំ​ឲ្យសប្បាយ​ក្លាយជា​ទុក្ខ​៕ ដោយៈ​ម៉េង​ឆៃ​/Ha