បីនាក់​បាន​ស្លាប់ និង​របួសធ្ងន់​ស្រាល ១៥ នាក់ ដោយ​គ្រោះថ្នាក់​ចរាចរ នៅលើ​ផ្លូវជាតិ​លេខ​៥

969
ចែករម្លែក

ដោយ​៖ ព ស​ /
​ពោធិ៍សាត់​៖ មនុស្ស​ចំនួន បីនាក់ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ចំនួន ១២ នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ស្រាល ដោយសារតែ​គ្រោះថ្នាក់​ចរាចរ យ៉ាង​រន្ធត់ ចំនួន ៤ ករណី ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​៩ និង​ទី​១០ ខែមេសា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ។​

​មន្ត្រីនគរបាល ផ្នែក​សណ្ដាប់ធ្នាប់ នៃ​អធិការដ្ឋាន នគរបាល ក្រុង​ពោធិ៍សាត់ បានឱ្យដឹង តាម​ទូរស័ព្ទ នា​ល្ងាច​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ នេះ​ថា នៅវេលា​ម៉ោង ៨:៣០ យប់ ថ្ងែ​ទី​៩ ខែមេសា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ទួល​ម្កាក់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ បានកើត​ឡើង រវាង​ម៉ូតូ និង​រថយន្ត នៅ​គ្រា​ដែល​កំពុង​ធ្វើចរាចរ បញ្ច្រាសទិស​គ្នា បណ្ដាលឱ្យ​ភាគី​ម៉ូតូ ស្លាប់​ម្នាក់ របួស​ម្នាក់​។

លោកបានបន្តថា ​លុះ​នៅវេលា​ម៉ោង ១១ យប់ ថ្ងៃ​ដដែល នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ដែរនោះ ស្ថិត​ក្នុងភូមិ​ស្ថានីយ៍ សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ មាន​ករណី​គ្រោះថ្នាក់ កើតឡើង​ម្តងទៀត រវាង​អ្នកបើក​ម៉ូតូ បុក​គូថ​រថយន្ត​ធុន​ធំ បណ្ដាលឱ្យ​ស្លាប់ ខ្លួនឯង​ភ្លាមៗ​។​

​ដោយឡែក លោក​វរសេនីយ៍ឯក ឯម រុន អធិការ នៃ​អធិការដ្ឋាន នគរបាល ស្រុក​ក្រគរ បានឱ្យដឹងថា នៅវេលា​ម៉ោង ៣:៣០ រសៀល​ថ្ងៃទី​៩ ខែ​ឆ្នាំ​ដដែល នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​តាកែវ​លើ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ក៍មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ដែរ រវាង​ម៉ូតូ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បណ្ដាលឱ្យ​រងរបួស​ធ្ងន់ ស្រាល​ទាំងសងខាង ទាំងពីរ​នាក់​។

​លោក ឯម រុន ​បាន​បន្តថា លុះ​នៅវេលា​ម៉ោង ១២:៤៥ ថ្ងៃត្រង់ ថ្ងៃទី​១០ ខែ​ឆ្នាំ ដដែល​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ដដែល ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៨-១៣៩ ស្ថិតក្នុង​ភូមិ​អា​រ៉ង​ព្រួច ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ មាន​រថយន្ត​មួយគ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ស លាយ​កណ្ដុរ​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AS 0350 ធ្វើដំណើរ ក្នុងទិសដៅ​ពី​លិច ឆ្ពោះទៅ​ទិសខាងកើត លុះ​មកដល់ ចំណុចកើតហេតុ បាន​ផ្ទុះ​កង់​ក្រោយ ផ្នែក​ខាងឆ្វេង រួច​រេ​ចង្កូត​ក្រឡាប់ ធ្លាក់ចូល​ស្រែ ផ្នែក​ខាងស្ដាំ បណ្ដាលឱ្យ​មនុស្ស​ស្រី​ម្នាក់ ស្លាប់​ម្នាក់​ភ្លាមៗ នៅ​កន្លែងកើតហេតុ និង​របួសធ្ងន់​ស្រាល ចំនួន ប្រាំបួន​នាក់​។​

​ប្រភព​ដដែល បាន​បន្តទៀតថា ករណី​គ្រោះថ្នាក់​ចរាចរ ទាំង​ចំនួន ៤ ករណី ជា​បន្តបន្ទាប់​នេះ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល និង​ស្លាប់​ខាងលើ សមត្ថកិច្ច​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ បាន​ចាត់ចែង បញ្ជូន​ជន​រងរបួស ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ​ភ្លាមៗ​ផងដែរ​។ ចំណែក​វត្ថុតាង មន្ត្រី​ជំនាញ បាន​យកទៅ​រក្សាទុក ជា​បណ្ដោះអាសន្ន រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា តាម​នីតិវិធី​ជា​ក្រោយ​៕V

ទិដ្ឋភាពនៃគ្រោះថ្នាក់ចរាចរ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣៨-១៣៩ ស្ថិតក្នុង​ភូមិ​អា​រ៉ង​ព្រួច ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ