គ្រោះថ្នាក់​ចរាចរ ឆ្នាំ​២០១៨ ថយចុះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧ នៅតែ​ច្រើន​!

628
ចែករម្លែក

​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ប្រជុំ​បូកសរុប​លទ្ធផល​ចរាចរណ៍ ប្រចាំឆ្នាំ​២០១៨​និង​បាន​បិទ​បញ្ចប់ កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៩ ដោយ​លើកឡើងថា គ្រោះថ្នាក់​ចរាចរ​ប្រចាំឆ្នាំ​២០១៨ កើតឡើង ចំនួន ៣.២៦៧ លើក បណ្តាល​ឲ្យ​ស្លាប់ ១.៧៦១ នាក់ និង​របួស ៤.៧៧០ នាក់ ។ ភាគច្រើន កើតឡើង នៅ​រាជធានី​ភ្នំពេញ ដែលមាន​អ្នកស្លាប់ ចំនួន ២១៧ នាក់ ខេត្តកណ្តាល ចំនួន ១៤៨ នាក់ និង​ខេត្ត​ព្រះសីហនុ ១៣២ នាក់​។​

​របាយការណ៍​បង្ហាញថា នៅ​ឆ្នាំ​២០១៨ ចំនួន​ជនរងគ្រោះ​ជា​មធ្យម ក្នុង​មួយថ្ងៃ ស្លាប់​ចំនួន ៤,៨​នាក់ និង​របួស ១៣​នាក់​។ រីឯ​មូលហេតុ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ រួមមាន បើកបរ​ហួស​ល្បឿន​កំណត់ ៣៧​ភាគរយ​, មិន​គោរព​សិទ្ធិ ១៩​ភាគរយ​, មិន​ប្រកាន់​ស្តាំ ១៣​ភាគរយ​, វ៉ា​ជែង ១១​ភាគរយ​, បត់ ១០​ភាគរយ​, ស្រវឹង ៥​ភាគរយ​,​កត្តា​យានយន្ត ៣​ភាគរយ និង​ងងុយដេក ២​ភាគរយ​។​
​ ​
​របាយការណ៍​ដដែល​ក៏បាន​លើកឡើងថា ស្ថានភាព​គ្រោះថ្នាក់​ចរាច​រ​ផ្លូវគោក ប្រចាំឆ្នាំ​២០១៨ ធៀប​នឹង​ឆ្នាំ​២០១៧ គឺ​នៅ​ឆ្នាំ​២០១៨ ចំនួន​គ្រោះថ្នាក់ ថយ ២៦៤ លើក ស្មើនឹង ៧​ភាគរយ​។ ចំនួន​អ្នកស្លាប់ ថយ ១៩​នាក់ ស្មើនឹង ១​ភាគរយ និង​ចំនួន​អ្នករបួស ថយ ៧៦៩ នាក់ ថយ ១៤​ភាគរយ​។ ក្នុង​ប្រជាជន​មួយ​សែន​នាក់ មាន​អ្នកស្លាប់ ចំនួន ១០,៨​នាក់ និង​ក្នុង​យានយន្ត មួយ​ម៉ឺន​គ្រឿង មាន​អ្នកស្លាប់ ៣,៧​នាក់​។​

​អ្នកស្លាប់​ភាគច្រើន​ដោយសារ​គ្រោះថ្នាក់​ចរាចរ នៅ​ឆ្នាំ​២០១៨ គឺជា​អ្នកជិះ​ទោចក្រយានយន្ត ឬ​ម៉ូតូ ហើយ​មិន​ពាក់មួក​សុវត្ថិភាព មាន​ចំនួន ៧៨​ភាគរយ ដែល​ស្មើគ្នា បើ​ធៀប​នឹង​ឆ្នាំ​២០១៧​។​ បើ​យើង​ពិនិត្យមើល​ពី​មូលហេតុ ដែល​បង្ក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ច្រើនជាងគេ នៅ​ឆ្នាំ​២០១៨ គឺ​បង្កឡើង​ដោយ​ការបើកបរ​ហួស​ល្បឿន​កំណត់​។ បន្ទាប់មក​គឺ​មិន​គោរព​សិទ្ធិ និង​បើកបរ​មិន​ប្រកាន់​ស្តាំ​។ កត្តា​ចម្បង​ទាំងបី​នេះ បង្កឡើង​ដោយ​មនុស្ស​ជា​អ្នកបើកបរ យានយន្ត​។​

​ដូច្នេះ​ដើម្បី​រក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គឺ​កម្លាំង​សមត្ថកិច្ច​ជំនាញ គួរ​បន្ត​កិច្ចការ​សំខាន់ៗ ជាច្រើន​ទៀត រួមមាន ការកែលម្អ​យុទ្ធសាស្ត្រ នៃ​ការផ្សព្វផ្សាយ​អប់រំ​លើកកម្ពស់​ការយ​ល់​ដឹង ដល់​មុខសញ្ញា ដែល​ងាយ​រងគ្រោះ​។ ការកែលម្អ​យុទ្ធសាស្ត្រ​នៃ​ការ​រឹតបន្តឹង​អនុវត្ត​ច្បាប់ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដោយ​ផ្តោតលើ មូលហេតុ​បង្ក​គ្រោះថ្នាក់​។ ការគ្រប់គ្រង​លក្ខណៈ បច្ចេកទេស​យានយន្ត និង​យានដ្ឋាន​ជួសជុល កែច្នៃ​យានយន្ត​។ ការកែទម្រង់​វិធានការ​បង្រៀន និង​ផ្តល់​ប័ណ្ណបើកបរ​។ ការ​សាសង​សង់ និង​ជួសជុល​ផ្លូវថ្នល់​ថ្មី​ពិសេស​បង្កើតជា​ផ្លូវ ឯកទិស​ជាដើម​។​

​ឯ​អ្នកបើកបរ​យានយន្ត​វិញ ក៏​គួរ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន បើកបរ​កុំ​ធ្វេសប្រហែស និង​កុំ​បំពាន ច្បាប់​ចរាចរណ៍ ។​ពិសេស​កុំ​បើកបរ​លឿន ហើយ​យោគយល់​អធ្យាស្រ័យ ដូច​ពាក្យ​ថា លោក​ពោលថា “​សន្សឹមៗ កុំ​បំបោល ក្រែង​មិន​ដល់ ដូច​ប្រាថ្នា​”​។ អ្នកបើកបរ​យានយន្ត ក៏ត្រូវ​គោរព​សិទ្ធិ​ត្រូវ​ប្រកាន់​ស្តាំ ហើយ​មិនត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង មិនត្រូវ​ដឹក លើស​ចំណុះ និង​ត្រូវ​ពាក់មួក​សុវត្ថិភាព​ព្រមទាំង​ខ្សែក្រវាត់​សុវត្ថិភាព ជាប្រចាំ​ផងដែរ​។ ម្យ៉ា​ទៀត​ការបើកបរ​ដោយ​ប្រើ​ទូរស័ព្ទ​ផ្ទាល់​មិន​ប្រើ​ឧបករណ៍​បន្ត​គឺ​បាន​បំពាន​ទៅលើ​ច្បាប់​ចរាចរណ៍​ដែល​គួរ​បញ្ឈប់​។​

​ជាងនេះទៅទៀត អ្នកបើកបរ និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ត្រូវ​ស្វែងយល់​ពី​ច្បាប់ ដោយ​ត្រូវមាន ស្មារតី​គោរព​ច្បាប់​ពោលគឺ​មិនត្រូវ​ខ្លាច​ប៉ូលិស​ជាង​ខ្លាច​ច្បាប់​នោះទេ​។ អ្នកធ្វើដំណើរ​តាម​ម៉ូតូ ទាំងអស់ ទាំង​ក្មេង​ទាំងចាស់ ត្រូវ​ពាក់មួក​សុវត្ថិភាព​ជាប្រចាំ​នៅពេល​ធ្វើដំណើរ​តាម​ម៉ូតូ មិនមែន នៅ​ផ្លូវ​ខាងមុខ មាន​ប៉ូលិស ទើប​ពាក់មួក​សុវត្ថិភាព ដោយ​ខ្លាច​ប៉ូលិស​ចាប់​នោះទេ​។​

​រីឯ​ប៉ូលិស​ចរាចរណ៍​ទៀតសោត គួរ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍ ហើយ​ចាប់ ផាកពិន័យ និង​ណែនាំ​ឲ្យ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ឬក៏​តាម​ឡាន គោរព​ច្បាប់ ពាក់មួក​សុវត្ថិភាព និង​ខ្សែក្រវាត់​សុវត្ថិភាព​ត្រឹមត្រូវ មិនមែន​ចាប់​ឃាត់ ដើម្បី​តែ​លុយ ហើយ​បណ្តោយ​ឲ្យ​អ្នកធ្វើ ដំណើរ​តាម​យានយន្ត បន្ត​ល្មើសច្បាប់​នោះឡើយ​។​

​សរុបមក ទាំង​ប៉ូលិស​ចរាចរណ៍ ទាំង​អ្នកប្រើប្រាស់​ផ្លូវ ធ្វើដំណើរ​តាម​យានយន្ត​គ្រប់​ប្រភេទ ត្រូវតែ​ចូលរួម​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ព្រោះថា គ្រោះថ្នាក់​ចរាចរ​មិន​ត្រឹម តែ​ខាតបង់​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ តែបើ​គ្រោះថ្នាក់ គឺ​រហូតដល់​របួស ហើយ​អាច​នឹង​ឈាន ដល់​ពិការ ឬក៏​បាត់​បង់ជីវិត ថែម​ទៀតផង​៕ ដោយ​: ម៉េង​ឆៃ​