គ្រោះថ្នាក់​ដល់​ខុស​ភាព​! បង្ក្រាប​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ខ​ប​ភើ​រេ​សិន ហ្វា​ម៉ា នាំចូល​ឱសថ​ខុសច្បាប់​ជាង​៤០​តោន​

683
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម បានធ្វើ​សន្និសីទកាសែត​ស្តីពី​លទ្ធផល នៃ​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នាំចូល​រក្សាទុក​ឱសថ​ខុសច្បាប់​ចំនួន ៧៥០០​កេស មាន​ទម្ងន់​ប្រមាណ​ជាង ៤០​តោន​។
​ករណី​បង្ក្រាប​ឱសថ​ក្លែងក្លាយ​នេះ បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ តែ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​ទើប​ធ្វើ​សន្និសីទ​បង្ហាញ​កាលពី​រសៀល ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

​លោកមៀ​ច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ថា ការបង្ក្រាប​ឱសថ​ខុសច្បាប់​នេះ បានធ្វើ​ឡើង​កាល​លពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ក្រុម​ប្រតិបត្តិការ​បាន​បង្ក្រាប​ការ​នាំចូល​ផលិតផល​ឱសថ​ខុសច្បាប់ ១៣៨​មុខ ស្មើនឹង​១០៤៦៥​ប្រអប់ ជាង​៤០​តោន និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។ ដោយ​លោក​បាន​បញ្ជាក់ថា ឱសថ​ទាំងនេះ​នាំ​មកពី​ប្រទេស​បារាំង អាល្លឺម៉ង់ ឥណ្ឌា កូរ៉េ ប៉ា​គី​ស្ថាន បង់​ក្លា​ដេ​ស …​។ ហើយ​ការនាំ​ចូល​តាម​ច្រក​កំពង់ផែ ដោយ​ការត្រួតពិនិត្យ​មិនបាន​ដិតដល់ និង​មិនបាន​សុំ​បញ្ជី​ការ សុំ​ការអនុញ្ញាត​ចែកចាយ​ឲ្យ​ប្រើប្រាស់​ពី​ក្រសួងសុខាភិបាល​។​

​លោក​បញ្ជាក់ថា គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​កោះហៅ​ម្ចាស់​ផលិតកម្ម​មក​សាកសួរ ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​នាំចូល និង​អ្នកណាខ្លះ​ពាក់ព័ន្ធ​។ “​ក្រុមហ៊ុន​ដែល​នាំចូល​ឱសថ​ខុសច្បាប់​នេះ គឺ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ខ​ប​ភើ​រេ​សិន ហ្វា​ម៉ា​។ សូម​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​គោរព​តាមច្បាប់ និង​គោរព​ទៅតាម​ផលប្រយោជន៍​នៃ​អ្នកប្រើប្រាស់ ពុំនោះសោត គឺ​ច្បាប់​នឹងមិន​លើកលែង​”​។​

​យោងតាម​របាយការណ៍​បាន​បង្ហាញថា ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ខ​ប​ភើ​រេ​សិន ហ្វា​ម៉ា ដែល​នាំចូល រក្សាទុក​ឱសថ​ខុសច្បាប់ ក្រុម​ប្រតិបត្តិការ​ពិសេស​បាន​រកឃើញ​នូវ​ឱសថ​ចំនួន ១៣៨​មុខ មានដូចជាៈ ១.​ឱសថ​នាំចូល​ដោយ​គ្មាន​ចុះបញ្ជី​កា មាន​២៤​មុខ ស្មើនឹង ២០៤៣​ប្រអប់​
២.​ឱសថ​គ្មាន​បរិយាយ​ប័ណ្ណ​ជា​ភាសា​ខ្មែរ ១៣៨​មុខ ស្មើនឹង ១០៤៦៥​ប្រប់​
៣.​ឱសថ​ហួស​សុពលភាព​ប្រើប្រាស់ ៣៦​មុខ ស្មើនឹង ២២៩៨​ប្រអប់​។

​តាម​លទ្ធផល​ត្រួតពិនិត្យ ក្រុមការងារ​ពិសេស​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​សន្និដ្ឋាន​បឋម​ដូចតទៅៈ ការដឹកជញ្ជូន​មិនមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។ ឱសថ​ចំនួន​២៤​មុខ គ្មាន​វិញ្ញាបនបត្រ​ចុះបញ្ជី​កា​។ ឱសថ​ចំនួន​៣៦​មុខ ផុត​សុពលភាព​ប្រើប្រាស់ និង​ឱសថ​ចំនួន​១៣៨​មុខ មិនមាន​សរសេរ​លិខិត​ណែនាំ​ជា​ភាសា​ខ្មែរ​៕