គ្រោះទឹកជំនន់​ទន្លេមេគង្គ ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង​ប្រាំបី​ម៉ឺន​គ្រួសារ ,​ស្លាប់ ២១​នាក់​

1499
ចែករម្លែក

ដោយ​: ម៉េង​ឆៃ​/​ភ្នំពេញ​: គ្រោះទឹកជំនន់​ទន្លេមេគង្គ បាន​បង្ក​ការខូចខាត និង​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សរុប​ជាង​ប្រាំបី​ម៉ឺន​គ្រួសារ និង​មាន​អ្នកស្លាប់ ២១​នាក់ គិត​ត្រឹម​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨​។ ក្រៅពី​ទឹកជំនន់ នៅតាម​បណ្តា​ខេត្ត​មួយចំនួន ជួបប្រទះ​គ្រោះរាំងស្ងួត បណ្តាល​ឲ្យ​ប៉ះពាល់​ស្រូវ​ជាច្រើន​ហិកតា​។ នេះ​បើតាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

​ទិដ្ឋភាព​ជំនន់​ទឹក​ទន្លេសេសាន កំពុង​វាយលុក​ឃុំ​តា​ឡា​តរបស់​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង (​រូបថត​ក្រសួង​ធនធានទឹក​)

លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​២៣ ខែសីហា​ថា ទឹកជំនន់​ទន្លេមេគង្គ ដែល​កំពុង​ហក់​ឡើងជា​លើក​ទី​ពីរ នាពេលនេះ បាន​បន្ត​កើតឡើង​នៅ​ខេត្ត​ចំនួន ៦ តាម​ដង​ទន្លេមេគង្គ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និង​ខេត្តកណ្ដាល​។ ក្នុងនោះ ប៉ះពាល់​ដល់ ៤០ ស្រុក​-​ក្រុង និង​ឃុំ​-​សង្កាត់ ចំនួន ២២៦ ឃុំ​សង្កាត់ ហើយ​ប្រជាពលរដ្ឋ ដែល​ទទួល រង​ការប៉ះពាល់ មាន​ចំនួន ៨៦៣៤០ គ្រួសារ ហើយ​ក្នុងនោះ មាន​ប្រជាពលរដ្ឋ ៧៥៥៥២ គ្រួសារ ត្រូវបាន​ជម្លៀស ទៅ​ទីទួល​សុវត្ថិភាព ចំនួន ៩៦​កន្លែង​។

​លោក​បន្តថា ទឹកជំនន់​ទន្លេមេគង្គ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ កើន​ដល់​ចំនួន ២១​នាក់ និង​របួស ៦​នាក់​។ ក្រៅពីនេះ ផ្ទះ​ប្រជាពលរដ្ឋ ដែល​រុះរើ​ដោយសារ​ការបាក់​ច្រាំងទន្លេ មាន​ចំនួន ១៣១​ខ្នង សាលារៀន​លិច​ទឹក​មាន​ចំនួន ២៥៤​កន្លែង វត្ត​អារាម​លិច​ទឹក ១១២ វត្ត មណ្ឌល​សុខភាព​រង​ការ​លិច​ទឹក មាន​ចំនួន ១៤​កន្លែង ជម្លៀស​សត្វពាហនៈ មក​ទីទួល​សុវត្ថិភាព​មាន​ចំនួន ២៨៧១០ ក្បាល​។

​ផលប៉ះពាល់​ក្នុង​វិស័យ​កសិកម្ម ក៏ត្រូវ​បាន​លោក កែវ វី លើកឡើងថា សន្ទូង​ពង្រោះ លិច​ទឹក​ចំនួន ៣៩៤១៣ ហិកតា ក្នុងនោះ រង​ការខូចខាត ចំនួន ១៤៣៥១ ហិកតា ព្រមទាំង​ដំណាំ​រួមផ្សំ និង​ដំណាំ​ចំការ​លិច​ទឹក ៩១៤៥ ហិកតា រង​ការខូចខាត​ចំនួន ២៥៨០ ហិកតា​។ ចំពោះ​ផ្លូវលំ ដែល​លិច​ទឹក​នៅក្នុង​ខេត្ត​ទាំង ៦ មាន​ចំនួន​ជាង ១០០០ គីឡូម៉ែត្រ​។​

លោក កែវ វី បាន​បន្ថែមថា ក្រៅពី​ទឹកជំនន់​ទន្លេមេគង្គ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក៏​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​ផងដែរ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ កំពត រតនគិរី កំពង់ស្ពឺ និង​ខេត្តកំពង់ធំ​។ ក្នុងនោះ មានការ​ជម្លៀស​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តរតនគិរី ចំនួន ៥៧៩​គ្រួសារ ទៅ​ទីទួល​សុវត្ថិភាព​។ ចំណែក​ដំណាំ​ស្រូវ​លិច​ទឹក​មាន​ចំនួន ១៤៣៧០ ហិកតា ខូច ៥៥៧០ ហិកតា ដំណាំ​រួមផ្សំ​លិច​ទឹក ១៦០១ ហិកតា និង​ខូចខាត ៣១៥ ហិកតា​។

​លោក​បន្តថា ទន្ទឹមនឹង​ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹកភ្លៀង នាពេលនេះ ក្នុងប្រទេស​កម្ពុជា​យើង ក៏​ជួប​គ្រោះរាំងស្ងួត​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ផងដែរ​។ ក្នុងនោះ កាលពីដើម​សប្តាហ៍​នេះ លោក ញឹម វណ្ណដា អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ចុះ​ពិនិត្យ​ផលប៉ះពាល់​ដោយផ្ទាល់ នៅតាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ពី​ផលប៉ះពាល់​ដោយ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​។​

​ពាក់ព័ន្ធ​នឹង​កម្ពស់​ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង ត្រូវបាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ប្រកាសថា នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ ទឹកបាន​ស្រក​ចុះ​បន្តិច​វិញ​ហើយ ក៏ប៉ុន្តែ​នៅលើ​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន​ដដែល​។

​ ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ បង្ហាញថា ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង ក្រចេះ និង​ខេត្តកំពង់ចាម បន្ត​ស្ថិតនៅលើ​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​។ ក្នុងនោះ នៅ​ខេត្តក្រចេះ និង​ខេត្តកំពង់ចាម ទឹក​ឡើង​បន្តិចបន្តួច បើ​ធៀប​នឹង​ថ្ងៃទី​២២​សីហា​។

​ដោយឡែក នៅ​ទន្លេបាសាក់​-​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ ទន្លេមេគង្គ​-​អ្នក​លឿង ក្នុង​ខេត្តព្រៃវែង ទន្លេបាសាក់​-​កោះ​ខែល ក្នុង​កណ្តាល ទន្លេសាប​-​ព្រែក​ក្តាម និង​បឹង​ទន្លេសាប​-​កំពង់​លួង ទឹក​បន្ត​ឡើង នៅ​ម៉ោង ៧ ព្រឹក ថ្ងៃទី​២៣​សីហា​នេះ​។ ក្នុងនោះ នៅ​ទន្លេបាសាក់​-​កោះ​ខែល ក្នុង​ខេត្តកណ្តាល ទឹក​បន្ត​ស្ថិតនៅ​លើស​កម្រិត​ប្រុងប្រយ័ត្ន​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាស​ពី​កម្ពស់​ទឹក​ព្យាករណ៍ សម្រាប់​ថ្ងៃទី​២៤-២៦ ខែសីហា ឆ្នាំ​២០១៨ ទឹកទន្លេ​មេគង្គ​-​ស្ទឹងត្រែង ក្រចេះ និង​នៅ​ខេត្តកំពង់ចាម ទឹកនឹង​បន្ត​ស្រក​ចុះ ក្នុង​រយៈពេល ៣​ថ្ងៃនេះ​។ តែ​នៅ​ខេត្តក្រចេះ នៅ​ថ្ងៃទី​២៤​សីហា កម្ពស់​ទឹក​នៅ​បន្ត​លើ​កម្រិត​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​។ រីឯ​នៅ​ខេត្តកំពង់ចាម កម្ពស់​ទឹក​ព្យាករណ៍ នៅ​បន្ត​ស្ថិតនៅលើ​កម្រិត​ប្រុងប្រយ័ត្ន​ដដែល​។​

​ដោយឡែក នៅ​ទន្លេបាសាក់​-​ចតុមុខ នៅ​ភ្នំពេញ ទន្លេមេគង្គ​-​អ្នក​លឿង ព្រៃវែង ទន្លេបាសាក់​-​កោះ​ខែល ខេត្ត កណ្តាល និង​ទន្លេសាប​-​ព្រែក​ក្តាម ចាប់ពី​ថ្ងៃទី​២៤-២៦ ខែសីហា ឆ្នាំ​២០១៨ ទឹកនឹង​បន្ត​ឡើង​ថែមទៀត​៕SRN

​ទឹក​លិច​នៅ​ក្រុង​កំពង់ចាម នា​យប់​ថ្ងៃទី ២១ ខែសីហា​ដោយសារ​ជំនន់​ទឹកភ្លៀង​(​រូបថត​ក្រសួង​ធនធានទឹក​)
#