គ្រោះធម្មជាតិ កាន់តែ​កើនឡើង​

1054
ចែករម្លែក

គ្រោះធម្មជាតិ ពិសេស​ខ្យល់​កន្ត្រាក់ និង​រន្ទះបាញ់​ក្នុង​រដូវភ្លៀង​នេះ បាន​បំផ្លាញ​ផ្ទះ សម្បែង​ប្រជាពលរដ្ឋ ទ្រព្យសម្បត្តិ និង​សម្លាប់​មនុស្ស​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹង​គ្រោះធម្មជាតិ​នេះ អាជ្ញាធរ​សមត្ថកិច្ច ពិសេស​កាកបាទ ក្រហម​កម្ពុជា នៅ​ថ្នាក់ជាតិ និង​នៅ តាម​សាខា​ខេត្ត​រាជធានី ក៏បាន​ចូលរួម​ជួយសង្គ្រោះ​បន្ទាន់​ដល់​ប្រជា ពលរដ្ឋ​រងគ្រោះ ផងដែរ​។​

របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ មហន្តរាយ​បាន​ឲ្យ​ដឹងថា ផ្ទះ​តូចធំ និង​អគារ​ផ្សេងៗ ប្រមាណ ៧.០០០​ខ្នង បាន​ទទួលរង​ការខូចខាត ដោយសារ បាតុភូតធម្មជាតិ ក្នុង​រយៈ​ប្រាំ​ខែ ចាប់ពី​ខែមករា ដល់​ខែឧសភា​នេះ​។ បើ​ប្រៀបធៀប រយៈពេល​ដូចគ្នា ទៅនឹង​ឆ្នាំ​២០១៨ ឃើញ​មានការ​កើនឡើង​បី​ដង​។ បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅតែ​បន្ត​មាន​ឥទ្ធិពល​ខ្លាំង ក្នុង​ខែមិថុនា​ដោយសារ​ភ្លៀង​មិនទាន់ ធ្លាក់​បាន​ជោកជាំ​គ្រប់​ទីកន្លែង​។​

​បាតុភូតធម្មជាតិ នៅក្នុង​ខែឧសភា កើតមាន​ច្រើនជាង​នៅក្នុង​ខែមេសា​ដោយបាន បំផ្លាញ​ផ្ទះសម្បែង​ប្រជាពល រដ្ឋ​អស់​ច្រើនជាង​ឆ្នាំ​ណាៗ​ទាំងអស់ តែ​ជនរងគ្រោះ​ដល់ ថ្នាក់​បាត់បង់​ជីវិត ដោយសារ​បាតុភូត​រន្ទះ មានការ​ថយចុះ​បន្តិច​វិញ​។​
​ ​
​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​លើកឡើងថា បាតុភូត​ខ្យល់​កន្ត្រាក់ កើតមាន​ចំនួន ១៨៦​លើក បណ្តាល​ឲ្យ​ដួលរលំ​ខូច​ផ្ទះ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​នៅ​ទូទាំង ប្រទេស​ចំនួន ៨៥៦ ខ្នង ខូច​ជា​មធ្យម ដូចជា​របើក​ជញ្ជាំង របើក​ដំបូល​ចំនួន ៦.១០២​ខ្នង របើក​ដំបូល​អគារ​សាលារៀន​ចំនួន ៤៨​ខ្នង និង​អគារ​ផ្សេងៗ ចំនួន ២៤​ខ្នង ស្លាប់​មនុស្ស ពីរ​នាក់ និង​របួស ៥១​នាក់​។​

​រីឯ​បាតុភូត​រន្ទះ ក្នុង​រយៈពេល​ប្រាំ​ខែ ចាប់ពី​ខែមករា ដល់​ខែឧសភា បានសម្លាប់​មនុស្ស ៤៦​នាក់ និង​របួស ៤៤​នាក់ ខណៈដែល​រយៈពេល ប្រាំ​ខែ ក្នុង​ឆ្នាំ​២០១៨ រន្ទះបាញ់ បានសម្លាប់​មនុស្ស​រហូត​ដល់ ៦៥​នាក់ និង​របួស ៤៦​នាក់ ។​

​យ៉ាងណាក៏ដោយ រដូវវស្សា នៅ​ឆ្នាំនេះ បាន​ចូលមក​ដល់​ហើយ​។ ប៉ុន្តែ​ពេលនេះ​ភ្លៀង ធ្លាក់​មិនទាន់បាន​ជោកជាំ​គ្រប់កន្លែង រីឯ​សីតុណ្ហភាព​នៅ​តំបន់​ខ្លះ​នៅ​ខ្ពស់​ធ្វើ​ឲ្យ​បាតុភូត ខ្យល់​កន្ត្រាក់​នៅមាន​ឥទ្ធិពល​ខ្លាំង អាច​រហូតដល់​ពាក់កណ្តាល​ខែមិថុនា​បាន​ថយ ឥទ្ធិពល​ទៅវិញ​។ បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅក្នុង​ខែឧសភា​នេះ កើតមាន​ច្រើន និង​ខ្លាំង​ដោយសារ​ជា​ពេល​អន្តរកាល​រវាង​រដូវ​ប្រាំង និង​រដូវវស្សា​។​
​ ​
​បាតុភូតធម្មជាតិ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ត្រូវបាន​មន្ត្រី​ជំនាញ រួមទាំង​ក្រសួង​អប់រំ បាន​ផ្សព្វផ្សាយ ណែនាំ​ជា​បន្តបន្ទាប់​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ឲ្យ​ប្រុង ប្រយ័ត្ន និង​ការពារ​។ នោះ​គឺ នៅពេល​សង្កេតឃើញ​មាន​ពពក ដែលមាន​ទំហំ​ធំ និង​កម្ពស់​ខ្ពស់ ឈរ​ត្រង់​ពីលើ និង​មាន​ពណ៌​ខ្មៅ ដែល​ក្នុង​ពពក​នោះ អាចមាន​ជា រន្ទះ ភ្លៀង ព្រិល ( កូន​ដុំ​ទឹកកក ) និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​។​
​ ​
​ដោយឡែក វិធានការ​ការពារ​ខ្លួន​ពី​ភ្លៀង ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ នា​រដូវវស្សា​នេះ​មាន​ដូច ជា ចៀសវាង​ពេល​មាន​ផ្លេកបន្ទោរ ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ គឺ​មិនត្រូវ​ជិះ​កង់​ម៉ូតូ​មិនត្រូវ និយាយ​ទូរស័ព្ទ​ពេលលឺ​សំឡេង​ផ្គរ មិនត្រូវ​អង្គុយ​នៅក្រោម​ដើមឈើ ឬ​ត្រូវ​អង្គុយ​បន្ទន់ ខ្លួន​ដោយ​រក្សា​ចម្ងាយ​៤​ម៉ែត្រ ពី​មែកឈើ មិនត្រូវ​អង្គុយ​ក្នុង​តង់ ត្រូវ​បន្ទន់ខ្លួន​ដោយ បញ្ឈរ ជង្គង់​ទាំងពីរ​ជិតគ្នា និង​យកដៃ​ខ្ទប់​ត្រចៀក​ទាំងសងខាង​ត្រូវ​រត់​ចេញពី​កន្លែង មានទឹក ឬ​វាស​ស្រែ សម្ងំ​នៅ​ខាងក្នុង​ផ្ទះ ឬ​រត់​ចូល​ក្នុងផ្ទះ​ជា​ប្រញាប់ ត្រូវ​បន្ទន់ខ្លួន ឱបក្បាលជង្គង់ និង​បិទ​ត្រចៀក​ទាំង សងខាង ខណៈពេល​នៅក្រោម​បង្គោល​ភ្លើង រក្សា​គ្រឿងអគ្គិសនី ឬ​ទូរស័ព្ទ នៅ​ចម្ងាយ ១​ម៉ែត្រ ពី​ប្រភព​អគ្គិសនី​មិនត្រូវ​ប្រើ​ឧបករណ៍ អគ្គិសនី និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ ដូចជា ទូរស័ព្ទ វិទ្យុ ទូរទស្សន៍ កុំ​ព្យួ​ទ័​រ ជាដើម​។​
​ ​
​ចំពោះ​វិធានការ​សង្គ្រោះ​បឋម​ជនរងគ្រោះ​ដោយ​រន្ទះបាញ់ ក៏ត្រូវ​បាន​ក្រសួង​អប់រំ ផ្សព្វផ្សាយ​ថា យើង​ត្រូវ​ពិនិត្យមើល​ចង្វាក់​ដង្ហើម និង​បេះដូង​បើ​ជនរងគ្រោះ​មិន​ដក ដង្ហើម ត្រូវ​ផ្លុំ​ខ្យល់​ចូល​ដោយ​ប្រើ​មាត់ និង​មាត់​ជាមួយ​ជនរងគ្រោះ​រហូតដល់​ជន រងគ្រោះ ដកដង្ហើម​វិញ បើ​ជនរងគ្រោះ​គ្មាន​ជីពចរ ត្រូវ​សង្កត់​ដៃ​ទាំងពីរ លើ​សន្ទះ​ទ្រូង រហូតដល់​បេះដូង​កម្រើក​ឡើងវិញ ដោយ​ស្ទាប​ជីពចរ និង​ត្រូវ​ក្រាលកន្ទេល ឬ​បាវ​ឆ្នូត កុំ​ឲ្យ​អ្នកជំងឺ​នៅ​ផ្ទាល់​ដី ឬ​ត្រាំ​ទឹក និង​កុំ​ឲ្យ​ជនរងគ្រោះ​ត្រជាក់​ខ្លួន​ពេក​។ ក្នុងករណី ឃើញ​មាន​បាក់ឆ្អឹង ឬ​ហូរឈាម សូម​ចល័ត​ជនរងគ្រោះ ដោយ​ប្រុងប្រយ័ត្ន​ខ្លាចក្រែង បង្ក​គ្រោះថ្នាក់​បន្ថែម ហើយក៏​ត្រូវបញ្ជូន​ជនរងគ្រោះ ទៅកាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ជាដើម​។​
​ ​
​ក្រៅពី​ការផ្សព្វផ្សាយ​អប់រំ ណែនាំ​ពី​វិធានការ​ការពារ និង​សង្គ្រោះ​បឋម​ខាងលើនេះ ជំនួយ​សង្គ្រោះបន្ទាន់​ជាច្រើន ដល់​ជនរងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ទាំងនេះ​ក៏ត្រូវ​បាន កាកបាទក្រហមកម្ពុជា ទាំង​នៅ​ថ្នាក់ជាតិ ទាំង​នៅតាម​សាខា​ខេត្ត​រាជធានី ព្រមទាំង អាជ្ញាធរ​សមត្ថកិច្ច មិនបាន​ព្រងើយកន្តើយ​ទេ​។ មិន​ថា នៅទីណា និង​មិន​ថា​នៅ ពេលណា​ទេ កាកបាទក្រហម និង​អាជ្ញាធរ​សមត្ថកិច្ច​តែងតែ​ចូលរួម​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដូចជា ជួយ​ជួសជុល សាងសង់​ផ្ទះ​ឡើងវិញ ព្រមទាំង​ចែក​អំណោយ​សង្គ្រោះ​ដល់ ប្រជាពលរដ្ឋ ក៏ដូចជា​ថវិកា ជាដើម​។​
​ ​
​សរុបទៅ ប្រជាពលរដ្ឋ ក៏ដូចជា​សិស្សានុសិស្ស គួរតែ​អនុវត្ត​នូវ​វិធានការ​ការពារ​នូវ គ្រោះធម្មជាតិ ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ហើយ​បើ​ជួប​បញ្ហា​ជាយថាហេតុ ក៏ត្រូវ​ប្រើ​នូវ វិធានការ​សង្គ្រោះ​បឋម និង​បញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​។ រីឯ​អាជ្ញាធរ​សមត្ថកិច្ច ក៏ដូចជា​កាកបាទក្រហម និង​មន្ត្រី​ជំនាញ សូមមេត្តា​បន្ត​ផ្សព្វផ្សាយ អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​រដូវភ្លៀង​នេះ ហើយក៏​សូមមេត្តា​បន្តសកម្មភាព មនុស្សធម៌ ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ ដូច​អ្វីដែល​ធ្លាប់ធ្វើ​កន្លងមក​៕ ដោយ​៖ ម៉េង​ឆៃ​

#