គ្រោះរាំងស្ងួត​កំពុង​គំរាម​គំហែង​ដល់​ដំណាំ​ស្រូវ​រដូវវស្សា​ចំនួន​ប្រាំមួយ​ឃុំ​

2347
ចែករម្លែក
  • 7
    Shares

ដោយ​: គង់​ហេង / កំពង់ចាម​: មន្ត្រី​ធនធានទឹក និង​អាជ្ញាធរ​ខេត្តកំពង់ចាម បាននិងកំពុង​ប​ញ្ជួ​ន​គ្រឿងចក្រ​ម៉ាស៊ីនបូមទឹក រួមទាំង​ឧបករណ៍​ជាច្រើន​ផ្សេងទៀត ទៅកាន់​តំបន់​ជា​ប្រភពទឹក​នានា​របស់​ខេត្ត​មួយ​នេះ​។ ដើម្បី​បូមទឹក​ជួយសង្គ្រោះ ដំណាំ​ស្រូវ​រដូវវស្សា​ចំនួន ប្រាំមួយ ឃុំ​ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត គឺ​បណ្តាលមកពី​អាកាសធាតុ​ភ្លៀង មិន​បង្អោរ​ប្រហែល​ជាង​មួយខែ កន្លងទៅនេះ​។​

គ្រោះរាំងស្ងួត​កំពុង​គំរាម​គំហែង ដំណាំ​ស្រូវ​រដូវវស្សា ក្នុង​ឃុំ​ចំនួន ប្រាំមួយ បន្ទាប់ពី​ទឹកភ្លៀង​មិន​បង្អោរ​ប្រហែល​ជាង​មួយខែ​។​

​លោក អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ថា ក្នុងនោះ​ផ្ទៃដី​ស្រែ​កំពុង​ដាច់ទឹក ក្នុង​ឃុំ​ទាំង ប្រាំមួយ ដែល​យើង​បានដាក់​ពង្រាយ​ម៉ាស៊ីន បូមទឹក​សង្គ្រោះ​ដំណាំ​ស្រូវ​នៅ​ចំពោះមុខ​នេះ​មាន​: ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម , ឃុំ​សំរោង ស្រុក​ព្រៃឈរ , ឃុំ​ព្រៃ​ចារ និង​ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ , ឃុំ​ជើងព្រៃ ស្រុក​បាធាយ និង​ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ប៉ុន្តែ​បញ្ហា​ប្រឈម គឺ​ឃុំ​សំពង​ជ័យ ស្រុក​ជើងព្រៃ គឺ​គ្មាន​ប្រភពទឹក​ដើម្បី​បូមទឹក​មក​សង្គ្រោះ បានទេ​។ ចំណែក​ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម បូម​ពី​ស្ថានីយ យក​ប្រភពទឹក​ពី​បឹង​ធំ​។ ឃុំ​សំរោង ស្រុក​ព្រៃឈរ បូម​តាម​ស្ថានីយ​សម្តេច ហ៊ុន សែន ប្រភពទឹក​ពី​បឹង​។ ឃុំ​ព្រៃ​ចារ​ស្រុក​ជើងព្រៃ បូម​តាម​ស្ថានីយ ប្រភពទឹក​ពី​បឹង , ឃុំ​ជើងព្រៃ ស្រុក​បាធាយ បូម​តាម​ប្រភពទឹក​ពី​បឹង និង​ឃុំ​ព្រែក​ពោធិ ស្រុក​ស្រី​សន្ធរ បូម​តាម​ស្ថានីយ ប្រភពទឹក​ទន្លេមេគង្គ​។​

​លោក ជួង ស្រ៊ី​ម មេឃុំ​វិហារ​ធំ​បាន​លើកឡើងថា គិត​មកដល់​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ យើង​បាន​សហការ​ជាមួយ​ខាង​មន្ទីរ​ធនធានទឹក ដំណើរការ​បូមទឹក​ពី​បឹង​ធំ ចំនួន​បី​ថ្នាក់ ម៉ាស៊ីន ប្រើប្រាស់​ម៉ាស៊ីន​ចំនួន បី គ្រឿង ទើប​អាច​នាំ​ទឹក​ឡើង​ចូល​ប្រឡាយ​មេ ដើម្បី​ប្រជាពលរដ្ឋ​បូម​ចេញពី​ប្រឡាយ​នេះ ទៅ​ស្រោចស្រព​លើ​ផ្ទៃ​ដីស្រែ​កំពុង​ប្រឈម​ខ្វះ​សរុប​ចំនួន​ជាង ៦០០ ហិកតា​។​

​លោក​មេឃុំ​បាន​ឲ្យ​ដឹង​ទៀតថា ដំណើរការ​បូមទឹករ​យ​:​ពេល​ជាង មួយ សប្តាហ៍​នេះ គឺ​បាន​ស្រោចស្រព​លើ​ផ្ទៃដី​ដំណាំ​ស្រូវ កណ្តាល និង​ស្រូវធ្ងន់ កំពុង​មូល​ដើម និង​ចេញ​ផ្កា នៅជាប់​ស្ថានីយ ក្នុងភូមិ​ក្តី​បឹង​ជិត ៣០ ហិកតា​។ ប៉ុន្តែ​បើ​ស្ថានភាព​អាកាសធាតុ នៅតែ​បន្ត​គ្មាន​ភ្លៀង​ប្រហែល ១០ ថ្ងៃ​ទៀត​នោះ គឺ​ទំនងជា ម៉ាស៊ីន​ទាំងបី គ្រឿង​នោះ​មិនអាច​ផ្គត់ផ្គង់​ទឹក មក​សង្គ្រោះ​ដំណាំ​ស្រូវ​ទាំងនោះ​បានទេ​។​

​លោក អ៊ឹម ណា អាយុ ២៨ ឆ្នាំ​ដែល​កំពុង​ចូលរួម​សហការគ្នា​យក​ម៉ាស៊ីន​មក​បូមទឹក​ចេញពី​ប្រឡាយ​មេ​ដែល​ខាង​អាជ្ញាធរ និង​មន្ត្រី​ធនធានទឹក​ផ្តល់​ឲ្យ​នោះ បាន​និយាយថា ខណ​:​នេះ​គ្រួសារ​លោក និង​ចំនួន បួន គ្រួសារ​ផ្សេងទៀត​ដែលមាន​ដំណាំ​ស្រូវ កំពុង​អត់​ទឹក​ស្ទើរ​ងាប់​ដើម នៅជាប់ៗ​គ្នា បាន​បូមទឹក​ចេញពី​ប្រឡាយ​មេ បន្ត​ដាក់​ប្រឡាយ​មួយទៀត​ទៅកាន់​ស្រែ​របស់លោក​ទំហំ ០,៥០ ហិកតា នៅ​ឃ្លាត​ពី​ប្រឡាយ​មេ​ចម្ងាយ​ប្រហែល ១.០០០ ម៉ែត្រ​។​

​ប៉ុន្តែ​មកទល់​ព្រឹក​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ពុំទាន់​ទទួលបាន​ពី​ប្រភព​ណា​អាច​បញ្ជាក់​ពី​ចំនួន​តួលេខ​ផលប៉ះពាល់ ដំណាំ​ស្រូវ​រដូវវស្សា ដែល​កំពុង​រង​ការវាយប្រហារ ដោយ​អាកាសធាតុ​រាំងស្ងួត ខាងលើ​បាន​នោះទេ​៕