គ​.​ជ​.​ប​. បញ្ជូន​បញ្ជី​ឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា ទៅកាន់​គណៈកម្មការ​រាជធានី ខេត្ត​

112

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប​. បាន​ឲ្យ​ដឹងថា​តាម​ប្រតិទិន​នៃ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​​ព្រឹទ្ធសភា នីតិកាល​ទី ៤ នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បញ្ជូន​បញ្ជី​បោះឆ្នោត​ដំបូង សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ គណៈ​ការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​ទាំង​២៥ ហើយ​បញ្ជី​បោះឆ្នោត​ដំបូង​នេះ នឹងត្រូវ​បាន​បិទ​ផ្សាយ​នៅតាម​ការិយាល័យ​បោះឆ្នោត​ក្នុង​រាជធានី​ខេត្ត នៅ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ ២០១៧​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់ គ​.​ជ​.​ប ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​។

​គ​.​ជ​.​ប​. បាន​ឲ្យ​ដឹង​ទៀតថា ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ មាន​ការិយាល័យ​ចំនួន​៣៣ ការិយាល័យ​នៅក្នុង​២៥​រាជធានី ខេត្ត និង​អង្គ​បោះឆ្នោត​សរុប​ចំនួន​១១៦៩៥ ក្នុងនោះ​រួមមាន ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​តំណែង​ចំនួន​១១៥៧២​អ្នកដំណាង​​រាស្ត្រ​ក្នុង​តំណែង​មាន​ចំនួន​១២៣​នាក់​។ បញ្ជី​បោះឆ្នោត​ដំបូង​ត្រូវ​បិទ​ផ្សាយ​ជា​សាធារណៈ​រយៈពេល ១០​ថ្ងៃ​។

​ក្នុង​រយៈពេល​កំណត់​នេះ​ជន​ណាក៏ដោយ ក៏មាន​សិទ្ធិ​ប្ដឹងតវ៉ា ឬ​ប្ដឹង​ជំទាស់​ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​ដំបូង​នេះ​បានដែរ​ហើយ​ការដាក់​ពាក្យ​ប្ដឹង​ត្រូវធ្វើ​នៅ គណៈ​ការ​រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​)​។

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អំពាវនាវ​ដល់​អង្គ​បោះឆ្នោត​ទាំងអស់ ទៅ​មើល​ឈ្មោះ និង​ទិន្នន័យ​ពាក់ព័ន្ធ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​នៅតាម​ការិយាល័យ​បោះឆ្នោត​។​

​សូមជម្រាបថា នៅក្នុង​ការបោះឆ្នោត​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នឹងធ្វើ​ឡើង នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានសម្រេច​ទទួលស្គាល់​ការចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា របស់​គណបក្សនយោបាយ​ចំនួន​៤ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា ជា​ផ្លូ​ការ​ហើយ​។​

​ការបោះឆ្នោត​ព្រឹទ្ធសភា គឺជា​ការបោះឆ្នោត​អសកល ពោលគឺ មានតែ​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ ក្នុង​តំណែង​ប៉ុណ្ណោះ ជា​អ្នកបោះឆ្នោត​។ តាម​ប្រតិទិន​របស់ គ​.​ជ​.​ប​. ការបោះឆ្នោត​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នឹងធ្វើ​ឡើង នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​។ គ​.​ជ​.​ប គ្រោង​ប្រើប្រាស់​ថវិកា ២​លាន​ដុល្លារ​អាមេរិក សម្រាប់​ការរៀបចំ​ការបោះឆ្នោត​ព្រឹទ្ធសភា​នេះ​៕​ដោយៈ មុនី​រ័ត្ន​/sn