គ​.​ជ​.​ប​. បោះពុម្ព​សន្លឹកឆ្នោត​ជាង​១០​លាន​សន្លឹក​សម្រាប់​បម្រើ​ឲ្យការបោះឆ្នោត​

1035
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ដូច​អ្វីដែល​បាន​គ្រោងទុក​សន្លឹកឆ្នោត​ជាង​១០​លាន​៥​សែន​សន្លឹក​សម្រាប់​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ត្រូវបាន​បោះពុម្ព​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា នេះ នៅ​រោង​ពុម្ព លី វ៉ាន់​ហុង​ដែល​ស្ថិតនៅក្នុង​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ​ទាំង​២០ និង​ភាគី​ពាក់ព័ន្ធ​ទៅពិនិត្យ​មើល​ការបោះពុម្ព​សន្លឹក​។​

​លោក​ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.)​បាន​ប្រាប់​ឲ្យ​ដឹងថា ការពិនិត្យ​មើ​ការបោះពុម្ព​សន្លឹកឆ្នោត​គឺជា​ដំណើរការ​បោះពុម្ព​សន្លឹកឆ្នោត​គឺ​ពិនិត្យ​ចាប់តាំងពី​ចង្វាក់​រហូត​ទៅដល់​ចេញ​ជា​សន្លឹកឆ្នោត​ចុងក្រោយ ដែល​អាច​យកទៅ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោត​បាន​។​

​លោក​បាន​បន្តថា គណបក្សនយោបាយ​ទាំង​២០ បាន​ស្រុះស្រួល​គ្នា និង​ឯកភាព​ឲ្យ​បោះពុម្ព​សន្លឹកឆ្នោត បន្ទាប់​ពី​គណបក្ស​និ​មួយៗ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ​គណបក្ស អក្សរ រូប​សញ្ញា​គណបក្ស​រប​ស់​ខ្លួន​រួចរាល់​។
​អ្នកនាំ​​ពាក្យ​គ​.​ជ​.​ប បានបញ្ជាក់​ទៀតថា ចំពោះ​កា​រិ​យា័​យ​បោះឆ្នោត​នៅ​ទូទាំងប្រទេស​មាន​ជិត ២​ម៉ឺន ៣​ពាន់​ការិយាល័យ​។ ក្នុង​ការិយាល័យ​និ​មួយៗ អាចមាន​សន្លឹកឆ្នោត​ប​ម្រុ​ង​ពី​២៥​សន្លឹក​ទៅ​៧៤​សន្លឹក ដើម្បី​ត្រៀម​លក្ខណៈ​ការ​គូស​ខុស និង​ដោយ​កត្តា​ផ្សេងៗ​មួយចំនួនទៀត​។​

​គួរ​បញ្ជាក់ថា អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ផ្លូវការ សរុប​ចំនួន​ជាង ៨ ៣៨០ ២១៧​នាក់ គិត​ជា​ភាគរយ ៨៤,៨០% បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​ប៉ាន់ស្មាន​អ្នកមាន​អាយុ ១៨​ឡើងទៅ ចំនួន ៩,៨៨២,៧៤៦​នាក់​។ ក្នុង​នោះ​​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ​២០១៧ ជា​ស្រី ៤,៤៧០,៨៦៤​នាក់ គិត​ជា​ភាគរយ ៥៣,៣៥%​។ ការិយាល័យ​បោះឆ្នោត​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២២.៩៦៧​ការិយាល័យ​៕​មន​