គ​.​ជ​.​ប​. អនុញ្ញាត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​-​ធម្មាធិបតេយ្យ តម្កល់​ប្រាក់​១៥​លាន​រៀល​

1172
ចែករម្លែក

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប​. នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨​នេះ បានចេញ​លិខិតអនុញ្ញាត​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​ធម្មាធិបតេយ្យ តម្កល់​ប្រាក់ ១៥​លាន​រតនាគារជាតិ មុននឹង​ដាក់​បញ្ជី​បេក្ខជន​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈ្មោះ ដើម្បី​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​តាម​របាយការណ៍​រប​ស់ គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​ថ្ងៃទី​៣០ ខែមេសា រហូតមកដល់​ថ្ងៃទី​៨ ខែឧសភា មាន​គណបក្សនយោបាយ​ចំនួន​១៣​ហើយ បានដាក់​ពាក្យសុំ​តម្កល់​ប្រាក់ ១៥​លាន​រៀល នៅ​រតនាគារជាតិ នៃ​ធនាគារជាតិ​កម្ពុជា​។ គណបក្សនយោបាយ​ទាំង​១៣ មានដូចជា​៖
១. គណបក្ស​ប្រជាជន​កម្ពុជា​
២. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​
៣. គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​
៤. គណបក្ស​ខ្មែរ​រួបរួម​ជាតិ​
៥. គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​
៦. គណបក្ស​សញ្ជាតិ​កម្ពុជា​
៧. គណបក្ស​យុវជន​កម្ពុជា​
៨. គណបក្ស​ពន្លឺ​ថ្មី
៩. គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​
១០. គណបក្ស​ខ្មែរ​ឈប់​ក្រ​
១១. គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​
១២. គណបក្ស​ធម្មាធិបតេយ្យ​
១៣. គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​៨ ខែឧសភា មាន​គណបក្សនយោបាយ​ចំនួន​២២ បានទទួល​ទម្រង់​បែបបទ​លេខ​១០០៨ ដើម្បី​ដាក់​បញ្ជី​បេក្ខជន​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈ្មោះ ។ ក្នុងចំណោម​គណបក្សនយោបាយ​ចំនួន​២២ គឺមាន​គណបក្ស​ចំនួន​៥ បាន​ចុះបញ្ជី​គណបក្ស​ឈរឈ្មោះ និង​បញ្ជី​បេក្ខជន​ឈ្មោះ​៕ ល​