គ​.​ជ​.​ប​.​ប្រជុំ​ពិនិត្យ​សម្រេច​លើ​ការចុះឈ្មោះ​គណបក្ស​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ចំនួន​បី​នៅ​ព្រឹកស្អែក​

1362
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.)​នឹង​ដឹកនាំ​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​៧​ខែឧសភា​ស្អែក​នេះ​ដើម្បី​ពិនិត្យ​សម្រេច​លើ​ការចុះឈ្មោះ​គណបក្សនយោ​បាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា និង​ប្រកាស​ចុះបញ្ជី​ជា​ផ្លូវការ​។​

លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប.ដែលនឹងដឹកនាំកិច្ចប្រជុំនៅថ្ងៃ៧ខែឧសភា(រូបឯកសារ)

ការ​ពិនិត្យមើល​ការចុះឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​គឺ​បន្ទាប់​ពី​គណបក្ស​ទាំងបី​នេះ​បានដាក់​ពាក្យ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​កាលពី​ថ្ងៃទី​៣០ និង​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៨​។​

​ការចុះឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​និង​ការប្តឹង តវ៉ា​និង​ដោះស្រាយ​ពាក្យបណ្តឹង​ទាក់ទង​និង​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ចាប់ផ្តើម​ពីថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។​

​គណបក្សនយោបាយ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ត្រូវ​ត្រៀម​រៀបចំ​សំណុំ​ឯកសារ​នានា ស្របតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បទបញ្ជា នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​ដើម្បី​ចុះបញ្ជី គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់ខ្លួន​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

​លោក​នុត​សុខុម​អនុប្រធាន​គ​.​ជ​.​ប​បាន​បញ្ជាក់ថា​ចំពោះ​ការសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត​គ​.​ជ​.​ប​.​ត្រូវ​ពិនិត្យ​សម្រេច​ជូន​ក្នុង​រយៈពេល​យ៉ាងយូរ​៧​ថ្ងៃ​បន្ទាប់ពី​ទទួលបាន​ពាក្យសុំ​។ ក្នុងករណី​ដែល​ពាក្យសុំ​ចុះបញ្ជី​របស់​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ដែល​មិន បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​នោះ​គ​.​ជ​.​ប​នឹង​ចេញ​លិខិត​ជូនដំណឹង​ទៅ​គណបក្សនយោបាយ​ដែល​បាន​ស្នើសុំ​ដើម្បី​កែតម្រូវ​ឬ​បំពេញ​ចំណុច​ខ្វះ​ខាត​យ៉ាងយូរ​៥​ថ្ងៃ​បន្ទាប់​ពីថ្ងៃ​ដែល​ទទួលបាន​លិខិត​ជូនដំណឹង​។ ប្រសិនបើ​ក្នុង​រយៈ​កំណត់ គណបក្ស​នយោបាយ​មិនបាន​បំពេញ​លក្ខខណ្ឌ​ដែល​គ​.​ជ​.​ប បានកំណត់​ចាត់ទុកថា​គណបក្សនយោបាយ​នោះបាន​បោះបង់​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​តាម​សេចក្តីសម្រេច​បដិសេធ​លើ​ពាក្យសុំ​ចុះឈ្មោះ​របស់​គណបក្សនយោបាយ​នោះ​។ គណបក្សនយោបាយ​អាចធ្វើ​ការប្តឹងតវ៉ា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុង​រយៈពេល​យ៉ាងយូរ​៥​ថ្ងៃ បន្ទាប់​ពីថ្ងៃ​បានទទួល​សេចក្តីសម្រេច​បដិសេធ​។​

​លោក​បាន​បញ្ជាក់ថា កាលពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ មាន​គណបក្ស​នយោបាយ​ចំនួន​៨ បាន​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​។

​ដោយឡែក​ចំពោះ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ខាងមុខ យោងតាម​របាយការណ៍​ដែល​គ​.​ជ​.​ប​. ទទួលបាន​ពី​ក្រ​សួ​មហាផ្ទៃ មកទល់ពេលនេះ​មាន គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​ផ្លូវការ​មាន​ចំនួន​៣៧៕​មន

#