គ​.​ជ​.​ប ចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​

436
ចែករម្លែក

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ហើយ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ១,៦៤៦ នៅ​ទូទាំងប្រទេស​ត្រូវបាន​បើក​ព្រមៗ​គ្នា​ក្នុង​ថ្ងៃ​តែមួយ​នេះដែរ​។ ការចុះឈ្មោះ​នេះ បាន​ចាប់​ផ្តល់​ដំណើរ​ការ​នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័​ត៍​មាន​រប​ស់គ​.​ជ​.​ប ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩​។​

ការចុះឈ្មោះ​បោះឆ្នោត​នេះ បានចាប់ផ្តើម​ពីថ្ងៃ​ទី​០៤ ដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ (​មាន​រយៈពេល ១៣​ថ្ងៃ ដោយ​មិន​រាប់​ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ផ្លូវការ​)​។​

​គ​.​ជ​.​ប បាន​បញ្ជាក់ថា អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅក្នុង​មុខតំណែង ដែលមាន​សមាជិក សរុប​ចំនួន ១១,៥៧២ នាក់ ទូទាំងប្រទេស ។ ការចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ត្រូវ​អនុវត្ត​តាមរបៀប​ស្រង់​ឈ្មោះ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​បញ្ចូល​ទៅក្នុង​បញ្ជី​បោះឆ្នោត និង​បញ្ជូន​តាម​លំដាប់​ឋានានុក្រម​មក គ​.​ជ​.​ប ឱ្យបាន​តាម​កាលបរិច្ឆេទ​កំណត់​។

ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខ​តំណែង រួច​ប្រធាន​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ជា​មេឃុំ ចៅសង្កាត់​ត្រូវ​ចុះហត្ថលេខា និង​​បោះត្រា​រដ្ឋបាល​ឃុំ សង្កាត់ ដែលមាន​ការបញ្ជា​ក់ឯ​ក​ភាព​ពី​អភិបាល​នៃ​គណៈ​អភិបាលក្រុង ស្រុក ខណ្ឌ និង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ពាក់ព័ន្ធ រួច​បញ្ជូនមក គ​.​ជ​.​ប ឱ្យបាន​តាម​កាលបរិច្ឆេទ​កំណត់ ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ ។​

ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​មួយ ត្រូវ​បានកំណត់​សម្រាប់​ក្រុមប្រឹក្សាឃុំ សង្កាត់ នីមួយៗ​។ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង​មុខតំណែង​ត្រូវមាន​ទីតាំងនៅ​សាលាឃុំ សង្កាត់ ឬ​ទីតាំង​ណាមួយ​សមស្រប​ក្នុង​ឃុំ សង្កាត់​។​

អ្នក​ដែល​ត្រូវបាន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​នៃ​ការិយាល័យ​បោះឆ្នោត​ក្រុង ស្រុក ខណ្ឌ ណាមួយ​ត្រូវបំពេញ​លក្ខខណ្ឌ​ដូចជា ៖ ជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ក្នុង​មុខតំណែង​នៃ​ការិយាល័យ​បោះឆ្នោត​ក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធ​។ មិនចាំបាច់​បង្ហាញ​ខ្លួន ឬ​អាច​ទៅ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​ប្រធាន​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ទទួល​ព័ត៌មាន​ឱ្យបាន​គ្រប់គ្រាន់​អំពី​ការិយា​ល័យ​បោះឆ្នោត និង​អំពី​តម្រូវការ​ឯកសារ​នៅពេល​បោះឆ្នោត៕​B/

#