គ​.​ជ​.​ប ជូនដំណឹង​អំពី​ថ្ងៃ​ផុតកំណត់​នៃ​ការដាក់​ពាក្យ​សំរាប់​សង្កេតការណ៍​បោះឆ្នោត​ព្រឹទ្ធសភា

231

(​ភ្នំពេញ​) ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ចេញ​សេចក្ដីប្រកាស​ព័ត៌មាន អំពី​ការ​ផុតកំណត់​នៃ​ការដាក់ និង​ការទទួល​ពាក្យសុំ​ចុះឈ្មោះ ភ្នាក់ងារ​គណបក្សនយោបាយ អ្នកសង្កេតការណ៍​ជាតិ​និង​អន្ដរជាតិ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨​។​

​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប បាន​បញ្ជាក់ថា សម្រាប់​ភ្នាក់ងារ​គណបក្សនយោបាយ ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧៖៣០​នាទី ។

អ្នកសង្កេតការណ៍​ជាតិ ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨​វេលា​ម៉ោង​១៧៖៣០​នាទី​។ និង​អ្នកសង្កេតការណ៍​អន្ដរជាតិ ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧៖៣០​នាទី​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បង្ហាញ​ក្តី​សង្ឃឹមថា គ្រប់​គណបក្សនយោបាយ សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល អន្តរជាតិ នឹង​យកចិត្តទុកដាក់ សហ​ការល្អ​ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨​នេះ ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ​៕​ដោយ​៖​វិបុល​/sn