គ​.​ជ​.​ប នឹង​ហៅ​តំណាង​ក្រុមហ៊ុន​ផលិត​ទឹកខ្មៅ​ពី​ឥណ្ឌា​មក​បង្ហាញ​ពី​គុណភាព​ទឹកខ្មៅ

758
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា គ​.​ជ​.​ប នឹង​អញ្ជើញ​តំណាង​ក្រុមហ៊ុន Mysore paints and varnish limited ផលិត​ទឹកខ្មៅ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មកជួប​ជាមួយ​តំណាង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បង្ហាញ​ពី​គុណភាព​ទឹកខ្មៅ​នេះ​។​

​គ​.​ជ​.​ប បាន​បញ្ជា​ទិញ​ទឹក​ថ្នាំ​ជ្រលក់​ដៃ​ចំនួន ៥១០០០​ដប ពី​ក្រុមហ៊ុន​របស់​ឥណ្ឌា​មួយ​ឈ្មោះ Mysore paints and varnish limited​។ ទឹក​ថ្នាំ​នេះ​នឹង​បញ្ជូន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨​។​

​ការអញ្ជើញ​តំណាង​ក្រុមហ៊ុន​ផលិត​ទឹកខ្មៅ​ជ្រលក់​ដៃ​មក​កម្ពុជា ដើម្បី​បញ្ជាក់​អំពី​គុណភាព​នៃ​ទឹកខ្មៅ គឺ​បន្ទាប់ពី​មាន​មជ្ឈដ្ឋាន​អគតិ​មួយចំនួន​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​លើកឡើងថា ទឹកខ្មៅ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន​។​

​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ឃើញ​មានការ​ផ្សព្វផ្សាយ​ព័​ត៍​មាន​ចេញពី​ក្រៅប្រទេស និង​ក្នុងប្រទេស​មួយចំនួន​ពាក់ព័ន្ធ​ការប្រើប្រាស់​ទឹកខ្មៅ​ជ្រលក់​ដៃ​ថា លាង​ជ្រះ និង​អាចធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន គឺជា​ការមិនពិត​ទេ ហើយ​ទឹកខ្មៅ​នេះ មិនមាន​ការប៉ះពាល់​ដ​ល់​សុខភាព​ប្រជាពលរដ្ឋ​ទេ​។ លោក​បាន​បញ្ជាក់ថា ការប្រើប្រាស់​ទឹកខ្មៅ​មិនមែនជា​ការប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​នៅក្នុង​ប្រទេស​ជាច្រើន​មានការ​ប្រើប្រាស់​ទឹកខ្មៅ​នេះដែរ​។ ហើយ​សម្រាប់​ការសម្រេចចិត្ត​របស់​គ​.​ជ​.​ប ក្នុងការ​ប្រើប្រាស់​ទឹកខ្មៅ​នេះ គឺ​ស្របតាម​ច្បាប់​។ ជាមួយនឹង​អង្គការ​បរទេស​ពីមុនមក ទាំង​អង្គការ​អាយ​ហ្វេ​ស បាន​យក​ទឹកខ្មៅ​ជាច្រើន​ប្រទេស​មក ហើយគ​.​ជ​.​ប ក៏បាន​ធ្វើការ​ស្រាវជ្រាវ​អំពី​ទឹកខ្មៅ​នឹង​ដែរ ប៉ុន្តែ​ជារួម​អាចធ្វើ​ការសន្និដ្ឋាន​បាន​ថា កន្លែង​ដែល​ផលិត​ទឹកខ្មៅ​មិន​លើសពី​៥​កន្លែង​ទេ ហើយ​ទឹកខ្មៅ​នេះ​ផលិត​ដោយ​ក្រុមហ៊ុន​នៅ​ប្រទេស​ឥណ្ឌា​ឈ្មោះ Mysore paints and varnish limited។ ហើយ​ក្រុមហ៊ុន​នេះ ផលិត​ទឹកខ្មៅ​តាំងពី​ឆ្នាំ​១៩៣៨ គឺ​ស្តេច​នៅ​ប្រទេស​ឥណ្ឌា គឺជា​អ្ប​ក​ផ្តួច​ផ្តើមគំនិត​ក្នុង​ការផលិត​ទឹកខ្មៅ​នេះ​។ គ​.​ជ​.​ប បានសម្រេច​ចិត្ត​ប្រើ​ទឹកខ្មៅ​ទិញ​ពី​ឥណ្ឌា​នេះ និង​គ្មាន​ចេតនា​អាក្រក់​ណា​ធ្វើ​ឲ្យ​បាត់បង់​សន្តិសុខ​សុវត្ថិភាព ឬក៏​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ទេ​។ ក្រុម​មួយ​ក្តាប់​តូច​បាន​ប្រើប្រាស់​ភាសា​ទឹកខ្មៅ​នេះ ទៅជា​ភាសា​រារាំង​ការបោះឆ្នោត និង​ប្រកាសថា ទឹកខ្មៅ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន​។

​លោក​ហង្ស ពុទ្ធា បាន​បញ្ជាក់ថា គ​.​ជ​.​ប សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដើម្បី​ចាត់វិធានការ​ទៅលើ​ជន​ដែលមាន​បំណង​ប្រើប្រាស់​មធ្យោបាយ​ទុច្ចរិត​រារាំង​ដល់​ការបោះឆ្នោត​៕

#