គ​.​ជ​.​ប នៅតែ​ដំណើរការ​ទោះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​ ​ ​

227

(​ភ្នំពេញ​) ៖ សល់​តែមួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែល​តុលាការ​កំពូល​នឹង​បើកសវនាការ ដើម្បី​ជម្រះ​លើ​បណ្ដឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ចំពោះ​ការរំលាយ​គណបក្សប្រឆាំង​នេះ ក៏​ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​បង្ហាញ​ពី​ក្ដីបារម្ភ​អំពី​ដំណើរការ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀប​​ចំការ​បោះឆ្នោត (​គ​.​ជ​.​ប​) ដែល​ត្រូវ​បង្កើតឡើង​រវាង​កូតា​គណបក្ស​ធំៗ​២​នៅ​កម្ពុជា​។ ប៉ុន្ដែ​ចំពោះ​បញ្ហា​នេះ ត្រូវបាន​មន្ដ្រី​គ​.​ជ​.​ប បញ្ជាក់ថា គ​.​ជ​.​ប នឹង​នៅតែ​ដំណើរការ និង​អនុវត្ត​តាមច្បាប់​ជា​ធរមាន បើទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​។​
​ ​
​លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប និង​ដែល​គេ​ដឹងថា ជាម​ន្ដ្រី​គ​.​ជ​.​ប មាន​កូតា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ក្ដី បាន​អះអាងថា គ​.​ជ​.​ប បាន​ត្រៀមខ្លួន​រួចហើយ​ក្នុងការ​អនុវត្ត​ច្បាប់​ក្រោយពី​តុលា​កំពូល​សម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ​២០១៧ នាពេលខាងមុខ​។​
​ ​
​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ លោក ហង្ស ពុទ្ធា បាន​លើកឡើងថា គ​.​ជ​.​ប ដើរតួនាទី​យ៉ាងសំខាន់​ចំនួន​ពីរ គឺ គឺជា​អ្នកអនុវត្ត​ច្បាប់ និង​ជា​អ្នក​ធ្វើតាម​បច្ចេកទេស​ដែល គ​.​ជ​.​ប បានរៀបចំ និង​អនុវត្ត​ទៅតាម​អ្វីដែល​តុលាការ​កំពូល​បានសម្រេច តែ​ក្នុងដំណាក់កាល​ពេលនេះ គ​.​ជ​.​ប នៅតែ​រក្សា​ការងារ​ដដែល​មិនមាន​អ្វី​ប្រែប្រួល​នោះទេ ។​
​ ​
​លោក​បញ្ជាក់ទៀតថា គ​.​ជ​.​ប នឹង​នៅតែ​ដំណើរការ​ដដែល បើទោះបី​តុលាការ​កំពូល​សម្រេច​រំ​លាយ ឬ មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ពុំមាន​រុះរើ សមាជិក​ឡើយ ព្រោះ​សមាជិក​ទាំងអស់​របស់ គ​.​ជ​.​ប បាន​លាលែង​ពី​សមាជិក​គណបក្សនយោបាយ​និង​អង្គការ​សង្គម​​ស៊ីវិល​អស់ហើយ ជាពិសេស គ​.​ជ​.​ប បាន​ប្រកាន់​ជំហរ​ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែងថា ប្រទេស​កម្ពុជា​ដើរ​តាម​សេរី និង​ពហុបក្ស អោយ​តែមាន​គណបក្សនយោបាយ​ចំនួន ពីរ​ឡើង​ចូលរួម​ប្រកួតប្រជែង ប្រាកដ​ណាស់ គ​.​ជ​.​ប​នឹង​ដំណើរការ​របស់​​ខ្លួន​ដដែល​។​
​ ​
​គួរ​បញ្ជាក់ដែរថា តុលាការ​កំពូល​នឹង​បើកសវនាការ​លើ​សំណុំរឿង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​នឹង​ថ្ងៃទី​១៦ ខែ វិច្ឆិកា ឆ្នាំ​២០១៧ ដែល​ជាប់​ពាក់ព័ន្ធ​លើ​ករណី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលា​ចោទ​ពីបទ​ក្បត់ជាតិ ដោយ​ឃុបឃិត​ជាមួយ​បរទេស​ក្នុងការ​ផ្តួលរំលំ​រាជ​រដ្ឋា​បាល​កម្ពុជា​ស្របច្បាប់ ក្នុងន័យ​ធ្វើ​បដិវត្តន៍​ពណ៌​៕ដោយ៖វិបុល/sn