គ​.​ជ​.​ប បង្កើត​ក្រុម​ប្រតិកម្ម​ព័ត៌មាន​ពិសេស ដើម្បី​វាយបក​លើ​ព័ត៌មាន​អវិជ្ជមាន​ ​ ​

283

(​ភ្នំពេញ​) ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បានសម្រេច​បង្កើត​ក្រុម​ប្រតិកម្ម​ព័ត៌មាន​ពិសេស​មួយ ដែលមាន​តួនាទី​ក្នុងការ​ឆ្លើយបំភ្លឺ ឬ​លើក​យោបល់​ជូន​ប្រធាន គ​.​ជ​.​ប ក្នុងករណី​ដែលមាន​ការផ្សាយ​ព័ត៌មាន​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង គ​.​ជ​.​ប ឬ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ទាំងមូល​។

​នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចុះ​ថ្ងៃទី ០៤ ធ្នូ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៦ ធ្នូ​។​

លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត

​ ​
​បើតាម​សេចក្ដីប្រកាស​បានបញ្ជាក់​ថា ក្រុម​ថ្មី​នេះ មាន​សមាសភាព​ចំនួន​៧​រូប ប៉ុន្តែ​មិនមាន​តួនាទី​ដូច​អ្នកនាំពាក្យ គ​.​ជ​.​ប នោះទេ ពោលគឺ ត្រូវបាន​បង្កើតឡើង ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិ​ក ប៊ុន​ហុក នឹង​ធ្វើជា​សេនាធិការ​របស់​ប្រធាន គ​.​ជ​.​ប រូបនេះ សម្រាប់​ទប់ស្កាត់ និង​វាយបក រាល់​ព័ត៌មាន​អវិជ្ជមាន មកលើ​ប្រធាន គ​.​ជ​.​ប និង គ​.​ជ​.​ប ទាំងមូល​។
​ ​
​សមាសភាព​ចំនួន​៧​រូប ដែលមាន​លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប ជា​ប្រធាន លោក ឡេង សុជា ទីប្រឹក្សា​លោក ស៊ិ​ក ប៊ុន​ហុក ជា​អនុប្រធាន និង​អមដោយ​សមាជិក​ចំនួន​៥​រូប​ទៀត ដែល​សុទ្ធសឹង​ជាទី​ប្រឹក្សា និង​ប្រធាន​នាយកដ្ឋាន​សំខាន់ៗ​របស់ គ​.​ជ​.​ប​។
​ ​
​បើ​យោងតាម​សេចក្តីសម្រេច​នេះ “​ក្រុម​ប្រតិកម្ម​ព័ត៌មាន​” ថ្មី​នេះ នឹងមិន​ដើរតួនាទី​ជំនួស​អ្នកនាំពាក្យ គ​.​ជ​.​ប របស់លោក ហង្ស ពុទ្ធា នោះទេ តែ​ក្រុម​ថ្មី​នេះ នឹង​ជួយ​សហការ​ផ្តល់ព័ត៌មាន​ជូន​ដល់​អ្នកនាំពាក្យ គ​.​ជ​.​ប ក្នុងករណី​ដែលមាន​ព័ត៌មាន​អវិជ្ជមាន​ណាមួយ ពាក់ព័ន្ធ​នឹង គ​.​ជ​.​ប ឬ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​ទាំងមូល​។ ក្រុម​ថ្មី​នេះ ក៏មាន​ភារកិច្ច និង​ការទទួលខុសត្រូវ​ក្នុងការ​ប្រមូល​ព័​ត៌​​មាន​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ពី​គ្រប់​នាយកដ្ឋាន​ពាក់ព័ន្ធ និង​ប្រមូល​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​តាមរយៈ​សារព័ត៌មាន​ជា​សាធារណៈ ដើម្បី​ធ្វើការ​វិភាគ​នូវ​ព័ត៌មាន​អវិជ្ជមាន ការ​បង្ខូច​កិត្តិយស គ​.​ជ​.​ប ឬ​ធ្វើ​ឲ្យ​មានការ​យល់ច្រឡំ បំភ័ន្ត​សាធារណៈមតិ ដែល​ធ្វើ​ឲ្យ​អាប់ឱន​ដល់ គ​.​ជ​.​ប ឬ​ធ្វើ​ឲ្យ​មហាជន​មានការ​សង្ស័យ ឬ​មិន​ទុកចិត្ត​លើ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ជាដើម​៕​ដោយៈ​វិបុល​/sn