គ​.​ជ​.​ប បោះពុម្ព​សន្លឹកឆ្នោត​បាន​ជាង​៥០​ភាគរយ ស្មើ​១៤​ខេត្ត​

1353
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: សន្លឹកឆ្នោត​ជាង ១០​លាន ៥​សែន​សន្លឹក សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ត្រូវបាន​បោះពុម្ព​ហើយ នៅ​ព្រឹក​ថ្ង​ទី​១៥ ខែមិថុនា នេះ នៅ​រោង​ពុម្ព លី វ៉ាន់​ហុង ដែល​ស្ថិតនៅក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​តំណាង​គណបក្សនយោបាយ និង​ភាគី​ពាក់ព័ន្ធ​ទៅពិនិត្យ​មើល​ការបោះពុម្ព​សន្លឹក​។ ការបោះពុម្ព​សន្លឹក​ឆ្នាំនេះ ចំណាយ​ថវិកា​ប្រមាណ​ជាង​២​លាន​ដុល្លារ​។​

​លោក​ឌឹ​ម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ថ្លែងប្រាប់​ក្រុមអ្នកកាសែត​ថា គ​.​ជ​.​ប ត្រូវ​បោះពុម្ព​សន្លឹកឆ្នោត​នៅលើ​ក្រដាស​ដោយមាន​លក្ខណៈ​ច្បាស់លាស់ មាន​គល់បញ្ជី​ត្រឹមត្រូវ​។ ការបោះពុម្ព​នៅលើ​សន្លឹកឆ្នោត​ត្រូវ​មានឈ្មោះ​គណបក្សនយោបាយ ជា​អក្សរ​ពេញ និង​អក្សរ​កាត់ ទៅតាម​លំដាប់​លេខ​រៀង​។ ហើយ​រៀបចំ​បោះពុម្ព​សន្លឹកឆ្នោត​ទៅតាម​ទម្រង់​ជា​ពីរ​លំដាប់ (​ពីរ​ជួរ​) និង​មាន​លេខ​រៀង​គណបក្សនយោបាយ​។

លោក​បន្តថា ការផ្គត់ផ្គង់​នៅតាម​មណ្ឌល​នីមួយៗ គឺ​ផ្គត់ផ្គង់​សន្លឹកឆ្នោត​មាន​លក្ខណៈ​ដោយឡែកៗ ពីព្រោះ​មណ្ឌល​នីមួយៗ មិនមាន​សន្លឹកឆ្នោត​ដូចគ្នា​ទេ​។ ដោយ​លោក​បាន​បញ្ជាក់ថា នៅក្នុង​២៥​មណ្ឌល​រាជធានី ខេត្ត មាន​គណបក្សនយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​មាន​៩​គណបក្ស​ន​យោ បាយ​ចូលរួម ទាំង​២៥​រាជធានី​ខេត្ត ប៉ុន្តែ​គណបក្សនយោបាយ​ចំនួន​១១​ទៀត គឺ​មិនបាន​ចូលរួម​គ្រប់​២៥​រាជធានី ខេត្ត​ទេ​។​

​អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​បញ្ជាក់ថា “​ការបោះឆ្នោត​នៅថ្ងៃនេះ យើង​បាន​បោះពុម្ព​សម្រេចបាន​១៤​ខេត្តហើយ ដូចជា ខេត្តកំពត កែប ប៉ៃលិន កោះកុង បន្ទាយមានជ័យ ក្រចេះ កំពង់ឆ្នាំង ព្រះវិហារ រតនគីរី បាត់ដំបង សៀមរាប កំពង់ស្ពឺ ត្បូងឃ្មុំ និង​ខេត្តតាកែវ មានន័យថា បោះ​សម្រេចបាន​៥០​ភាគរយ​ហើយ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨”​។ ហើយ​ក្នុងចំណោម​សន្លឹកឆ្នោត​ជាង ១០​លាន ៥​សែន​សន្លឹក គឺ​បោះពុម្ព​សន្លឹក​គំរូ​សម្រាប់​យកទៅ​បណ្តុះបណ្តាល​ជាង ៣​សែន​សន្លឹក​។ ហើយ​សន្លឹកឆ្នោត​សម្រាប់​ត្រៀម​បម្រុង​នៅតាម​មណ្ឌលបោះឆ្នោត គឺ​បាន​ត្រៀម​សន្លឹកឆ្នោត​៨៣០​កញ្ចប់ ក្នុង​មួយកញ្ចប់​មាន ៨០០​សន្លឹក ស្មើនឹង ៦៦៤០០០​សន្លឹក​។ ហើយ​បាន​ត្រៀម​សន្លឹកឆ្នោត​បម្រុង​ពី​២៥ ទៅ​៧៤​សន្លឹក ក្នុង​មួយ​ការិយាល័យ​៕