គ​.​ជ​.​ប ប្រកាសថា មាន​ពលរដ្ឋ ២​លាន​នាក់ នឹងត្រូវ​ចុះឈ្មោះ​បោះឆ្នោត

773
ចែករម្លែក

(​ភ្នំពេញ​)៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅថា គ​.​ជ​.​ប បាន​ប៉ាន់​ស្មានថា មាន​ពលរដ្ឋ​ប្រមាណ ២​លាន​នាក់​ទៀត​នឹងត្រូវ​​ចុះឈ្មោះ​បោះឆ្នោត នៅ​ឆ្នាំ​២០១៧​នេះ​។ ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ប្រចាំឆ្នាំ​២០១៧ នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី គ​.​ជ​.​ប និង​ភាគី​ពាក់ព័ន្ធ​ស្ដីអំពី​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​រាជធានី​ភ្នំពេញ លោក គួ​យ ប៊ុន​រឿន អនុប្រធាន គ​.​ជ​.​ប បានលើកឡើង​ថា​មាន​​ពលរដ្ឋ​បី​ក្រុម ដែល គ​.​ជ​.​ប កំណត់​ជា​អ្នក​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧​នេះ​។ នោះ​គឺ​ក្រុម​ពលរដ្ឋ ទើប​គ្រប់​អាយុ​បោះឆ្នោត គិតដល់​ថ្ងៃ​បោះឆ្នោត ពលរដ្ឋ​គ្រប់​អាយុ​ហើយ តែ​មិនបាន​ចុះឈ្មោះ​កាលពី​ឆ្នាំ​២០១៦ និង​ពលរដ្ឋ​បាន​ចុះឈ្មោះ​ហើយ​តែ​ចង់​ចុះឈ្មោះ​​ម្ដងទៀត បន្ទាប់ពី​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​។

​លោក គួ​យ ប៊ុន​រឿន ក៏បាន​លើកឡើងថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ទូទាំងប្រទេស​ឡើងវិញ​កាលពី​ឆ្នាំ​២០១៦ គជប​បាន​ប៉ាន់​ប្រ​​មាណ​ថា មាន​ពលរដ្ឋ​គ្រប់​អាយុ តែ​មិនបាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន​ប្រហែល ១​លាន​នាក់ ដែល​ក្នុងនោះ ជា​ប្រជាពលរដ្ឋ​ទើប​គ្រប់​​អាយុ​គិត​ត្រឹម​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់ ថ្ងៃទី​៤​មិថុនា ឆ្នាំ​២០១៧ ប្រហែល​ជិត ៥០​ម៉ឺន​នាក់​និង​ប្រជាពលរដ្ឋ​ផ្លាស់ប្ដូរ​ទីលំនៅ​មាន​ប្រហែល​ជាង ៦០​ម៉ឺន​នាក់​។​

​ប្រតិទិន​របស់​គ​.​ជ​.​ប បង្ហាញថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​អ្នកបោះឆ្នោត ប្រចាំឆ្នាំ​២០១៧​ដើម្បី​ឈានដល់​ការបោះឆ្នោត​តំណាង​​រាស្ត្រ អាណត្តិ​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។

​សូមបញ្ជាក់ថា បញ្ជី​បោះឆ្នោត កាលពី​ឆ្នាំ​២០១៦ ត្រូវ​បានគ​.​ជ​.​ប ប្រកាសថា មាន​អ្នក​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ដែល​ចុះ​ដោយ​កុំ​ព្យួ​ទ័​រ ចំនួន​សរុប ៧.៨៦៥.០៣៣ នាក់​។

​យ៉ាងណាក៏ដោយ កាលណោះ ក៏​មានការ​លើកឡើងថា ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​មួយចំនួន មិនបាន​ចុះឈ្មោះ​បោះឆ្នោត​ហើយ ដោយសារតែ​ភាគច្រើន បានធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​បរទេស​៕ម៉េងឆៃ

លោក គួ​យ ប៊ុន​រឿន អនុប្រធាន គ​.​ជ​.​ប(រូប៖វេបសាយ)