រសៀលនេះគ​.​ជ​.​ប. ប្រជុំ​ពិនិត្យ​សម្រេច​លើ​បញ្ជី​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ចំនួន​បី​

1026
ចែករម្លែក

ដោយ: មុន្នីរ័ត្ន / ​ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ខែឧសភានេះលោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​សម្រេច​លើ​ការចុះឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ របស់​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា និង​ប្រកាស​ចុះបញ្ជី​ជា​ផ្លូវការ​។​

​ការ​ពិនិត្យមើល​ការចុះឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ គឺ​បន្ទាប់​ពី​គណបក្ស​ទាំងបី​នេះ បានដាក់​ពាក្យ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​កាលពី​ថ្ងៃទី​៣០ និង​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៨​។​

​ការចុះឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ និង​ការប្តឹងតវ៉ា និង​ដោះ​ស្រាយ​ពាក្យបណ្តឹង​ទាក់ទង​និង​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ចាប់ផ្តើម​ពីថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​។​

​គណបក្សនយោបាយ​ទាំងអស់ ដែល​បាន​ចុះបញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ត្រូវ​ត្រៀម​រៀបចំ​សំណុំ​ឯកសារ​នានា ស្របតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បទបញ្ជា នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដើម្បី​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់ខ្លួន​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។

​លោក​នុត សុខុម អនុប្រធាន គ​.​ជ​.​ប បាន​បញ្ជាក់ថា ចំពោះ​ការសុំ​ចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត គ​.​ជ​.​ប ត្រូវ​ពិនិត្យ​សម្រេច​ជូន​ក្នុង​រយៈពេល​យ៉ាងយូរ​៧​ថ្ងៃ បន្ទាប់ពី​ទទួលបាន​ពាក្យសុំ​។ ក្នុងករណី​ដែល​ពាក្យសុំ​ចុះបញ្ជី​របស់​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ដែល​មិនបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​នោះ គ​.​ជ​.​ប នឹង​ចេញ​លិខិត​ជូនដំណឹង​ទៅ​គណបក្សនយោបាយ​ដែល​បាន​ស្នើសុំ ដើម្បី​កែតម្រូវ​ឬ​បំពេញ​ចំណុច​ខ្វះខាត​យ៉ាងយូរ​៥​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ដែល​ទទួលបាន​លិខិត​ជូនដំណឹង​។ ប្រសិនបើ​ក្នុង​រយៈ​កំណត់ គណបក្សនយោបាយ​មិនបាន​បំពេញ​លក្ខខណ្ឌ​ដែល​គ​.​ជ​.​ប បានកំណត់​ចាត់ទុកថា គណបក្សនយោបាយ​នោះ បាន​បោះបង់​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត តាម​សេចក្តីសម្រេច​បដិសេធ​លើ​ពាក្យសុំ​ចុះឈ្មោះ​របស់​គណបក្សនយោបាយ​នោះ​។ គណបក្សនយោបាយ​អាចធ្វើ​ការប្តឹងតវ៉ា​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុង​រយៈពេល​យ៉ាងយូរ​៥​ថ្ងៃ បន្ទាប់​ពីថ្ងៃ​បានទទួល​សេចក្តី សម្រេច​បដិសេធ​ ៕