គ​.​ជ​.​ប​បញ្ជាក់​សាជាថ្មីៈ ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ កក្កដា ២០១៨

1707
ចែករម្លែក
ទិដ្ឋភាពនៃការរៀបចំបោះឆ្នោតព្រឹទ្ធសភាកាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះ(រូបថតគន្ធា)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប បានបញ្ជាក់សាជាថ្មី​ថា ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខនេះ ដោយមាន​អាសនៈ​ចំនួន​១២៥​។ ការបញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​សេចក្តីប្រកាស​ព័​ត៌​មាន​កាលពី​រសៀល​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ​។​

នៅក្នុង​សេចក្តីប្រកាស​ព័​ត៌​មាន បាន​បញ្ជាក់ថា អនុលោម​តាមច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ និង​ច្បាប់​ស្តីពី​វិសោធនកម្ម នៃ​ច្បាប់​នេះ និងសេចក្តីសម្រេច​លេខ​៥៩ ចុះ​ថ្ងៃទី​២៧ខែកក្កដា ឆ្នាំ​២០១៧ របស់​រាជរដ្ឋាភិបាល​ស្តីពី​ការប្រកាស​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៃ​រដ្ឋសភា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត សូម​ជូនដំណឹងជា​សាធារណៈ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ គណបក្សនយោបាយ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ និង​ប្រជាព​ល​រដ្ឋ​ខ្មែ​ថ​ទូទាំងប្រទេស​ជ្រាបថា កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ត្រូវបាន​កំណត់​យក​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​គ​.​ជ​.​ប. បាន​បញ្ជាក់ថា អាសនៈ​នៅក្នុង​រដ្ឋសភា​មាន​ចំនួន​១២៥ ដែល​បែងចែក​នៅតាម​មណ្ឌល​រាជធានី ខេត្ត ដូចខាងក្រោម​៖
១.​មណ្ឌល​ខេត្តបន្ទាយមានជ័យ មាន ៦​អាសនៈ​។ ២.​មណ្ឌល​ខេត្តបាត់ដំបង មាន ៨​អាសនៈ​។​៣.​មណ្ឌល​ខេត្តកំពង់ចាម មាន ១០​អាសនៈ​។ ៤.​មណ្ឌល​ខេត្តកំពង់ឆ្នាំង មាន ៤​អាសនៈ​។៥.​មណ្ឌល​ខេត្តកំពង់ស្ពឺ មាន ៦​អាសនៈ​។ ៦.​មណ្ឌល​ខេត្តកំពង់ធំ មាន ៦​អាសនៈ​។ ៧.​មណ្ឌល​ខេត្តកំពត មាន ៦​អាសនៈ​។ ៨.​មណ្ឌល​ខេត្តកណ្តាល មាន ១១​អាសនៈ​។ ៩.​មណ្ឌល​ខេត្តកោះកុងមាន ១​អាសនៈ​។ ១០.​មណ្ឌល​ខេត្តក្រចេះ មាន ៣​អាសនៈ​។ ១១. មណ្ឌល​ខេត្តមណ្ឌលគិរី មាន១​អាសនៈ​។ ១២.​មណ្ឌល​រាជធានី​ភ្នំពេញ មាន ១២​អាសនៈ​។ ១៣.​មណ្ឌល​ខេត្តព្រះវិហារ មាន១​អាសនៈ​។ ១៤.​មណ្ឌល​ខេត្តព្រៃវែង មាន ១១​អាសនៈ​។ ១៥.​មណ្ឌល​ខេត្ត​ពោធិ៍សាត់ មាន៤​អាសនៈ​។ ១៦.​មណ្ឌល​ខេត្តរតនគិរី មាន ១​អាសនៈ​។ ១៧. មណ្ឌល​ខេត្តសៀមរាប មាន៦​អាសនៈ​។ ១៨.​មណ្ឌល​ខេត្ត​ព្រះសីហនុ មាន ៣​អាសនៈ​។ ១៩.​មណ្ឌល​ខេត្តស្ទឹងត្រែង មាន១​អាសនៈ​។ ២០.​មណ្ឌល​ខេត្តស្វាយរៀង មាន ៥​អាសនៈ​។ ២១.​មណ្ឌល​ខេត្តតាកែវ មាន ៨​អាសនៈ​។២២.​មណ្ឌល​ខេត្ត​កែប មាន ១​អាសនៈ​។ ២៣.​មណ្ឌល​ខេត្ត​ប៉ៃលិន មាន ១​អាសនៈ​។ ២៤. មណ្ឌល​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន ១​អាសនៈ​។ ២៥.​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ មាន ៨​អាសនៈ​។​

លោកហង្សពុទ្ធា(រូបឯកសារ)

លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ.ជ.ប. បាន​ប្រាប់​រស្មី​កម្ពុជា ថា ចំនួន​អាសនៈ​ដែល​ឡើង គឺ​ខេត្ត​ព្រះសីហនុ ពីមុន​តែមួយ​អាសនៈ ឥឡូវ​ឡើងដល់​ទៅ​៣​អាសនៈ (​កើន​ពីរ​អាសនៈ​)​។ ​ការ​កើន​អាសនៈ​នេះ ដោយ​បញ្ហា​ប្រជាសាស្ត្រ​ជា​រឿង​សំខាន់ ដែល​ក្រសួងមហាផ្ទៃ​គណនា​ទៅតាម​អ្វីដែល​អាច​ឡើង​ទៅបាន​ហើយ​អាសនៈ​នៅក្នុង​រដ្ឋសភា អាណត្តិ​នេះ ឡើងដល់​១២៥​អាសនៈ​៕មន

#