ឃាតកម្ម​លើ​សង្សារ​មួយគូ​ខាង​ស្រី​ស្លាប់​ខាង​ប្រុស​របួសធ្ងន់ នៅក្នុង​សាលារៀន​ស្រុក​ស្ទឹងត្រង់​

704
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: អំពើ​ឃាតកម្ម​មួយ​ដែល​បង្កឡើង ដោយ​ជន​មិន​ស្គាល់មុខ បានធ្វើ​សកម្មភាព​វាយប្រហារ​លើ​ជនរងគ្រោះ​ប្រុស ស្រី​ជា​គូសង្សារ បាន​បណ្តាល​ឲ្យ​នារី​ជា​សង្សារ​ស្លាប់ និង​បុរស​រងរបួស​ធ្ងន់​ក្នុង​ថ្លុកឈាម នៅក្នុង​បរិវេណ​សាលារៀន​មួយកន្លែង​ក្នុង​ទីរួមស្រុក​ស្ទឹងត្រង់ កាលពី​យប់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​សាលាបឋមសិក្សា​ហ៊ុន ណេង ស្រុក​ស្ទឹងត្រង់​បាន​និយាយថា នារី​ជា​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ ហ៊ី ធា​វីន អាយុ ២៤ ឆ្នាំមាន​ទីលំនៅ​ភូមិ​អណ្តូងច្រុះ ឃុំ​អម្ពិល ស្រុក​កំពង់សៀម ខេត្តកំពង់ចាម គឺ​ត្រូវរបួស​ផ្នែក​ក្បាល​ធ្ងន់​បាន​ស្លាប់​នៅ​កន្លែង​។ មានមុខរ​បរជា​គ្រូបង្រៀន​ភាសា​កូរ៉េ ភូមិ​ព្រែក​បារាំង ឃុំ​ព្រេ​កក​ក់ ស្រុក​ស្ទឹងត្រង់​។​

​ប្រភព​នោះបាន​ឲ្យ​ដឹង​ទៀតថា ចំណែក​ឯកបុរស​រងគ្រោះ​ដែល​រងរបួស​ធ្ងន់​ប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​នោះ​ឈ្មោះ ម៉ៅ សុខ​មិញ អាយុ ២១ ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រែកកក់ ឃុំ​ព្រែកបាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ បុរសរងគ្រោះ​បាន​រងរបួស​ថ្ព​ល់ និង​ក្បាល​ផ្នែក​ខាងឆ្វេង​ធ្ងន់ធ្ងរ ត្រូវបាន​ក្រុមគ្រួសារ​ប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​។​

​ប្រភព​ដដែល​បាន​និយាយថា នៅមុន​កើតហេតុ​ឃាតកម្ម​ខាងលើ​ជនរងគ្រោះ​ទាំងពីរ​បាន​ទៅ​ចូលរួម​មង្គលការ​មិត្ត​ភក្តី​នៅ​ភូមិ​បែក​អន្លូង ឃុំ​អារក្ស​ត្នោត ស្រុក​ស្ទឹងត្រង់​ដែរ ចម្ងាយ​ពី​កន្លែង​រងគ្រោះ​ប្រមាណ ២០ គីឡូម៉ែត្រ​។ ដោយបាន​វិលត្រឡប់​មកវិញ​ក្នុង​សាលា​កើតហេតុ​ម៉ោង​ប្រហែល​៩ យប់​ថ្ងៃទី ២០ ឧសភា​ដដែល​នោះ គឺមាន​អ្នករួមដំណើរ​សរុប​ចំនួន បួន នាក់​។ ប៉ុន្តែ​ពីរ​នាក់​ផ្សេងទៀត​នោះបាន​ទៅ​ដេក​សម្រាក​មុន​។ លុះ​ព្រឹក​ថ្ងៃទី ២១ ឧសភា ដដែល​នេះ​បាន​ជួប​ហេតុការណ៍​អាក្រក់​បែបនេះ​។​

​ជុំវិញ​ករណី​ខាងលើ​មកដល់​រសៀល​ថ្ងៃទី ២១ ឧសភា​នេះ នៅ​មិនទាន់​ទទួល​ព័ត៌មាន​ពី​ខាង​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនដៃដល់​ដែល​បង្ក​ករណីនេះ​នោះទេ​។ ដោយ​គ្រាន់តែ​ទទួល​ព័ត៌មាន​មិន​ផ្លូវការ​ថា ករណីនេះ​អាច​ផ្តើម​ពី​ស្នេហា​ត្រីកោណ​៕ ល​