ឃាតករ​លាក់​មុខៈ មនុស្ស​ស្លាប់​៣២​នាក់ និង​របួស​៦៩​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ​រយៈពេល​៧​ថ្ងៃ​

1264
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៧​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨ បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣២​នាក់​ស្លាប់ និង​៦៩​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ ដែល​ផ្សព្វផ្សាយ​នៅ​រសៀល​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៨​នេះ​។​

រូបភាពគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក (រូបឯកសារ)

​របាយការណ៍​បាន​បន្តថា នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រយៈពេល​៧​ថ្ងៃ កើតឡើង​ចំនួន​៦០​លើក មាន​អ្នកស្លាប់​ចំនួន​៣២​នាក់ របួសធ្ងន់​៤៨​នាក់ និង​របួសស្រាល​២១​នាក់​។ មូលហេតុ​ដោយសារ ល្បឿន ស្រវឹង ប្រជែង មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ បត់​គ្រោះថ្នាក់ កត្តា​យានយន្ត ងងុយដេក​។​

​ចំណែក​គ្រោះថ្នាក់​ចរាចរ​សម្រាប់​ថ្ងៃទី​៧ ខែមេសា នេះ គ្រោះថ្នាក់​ចំនួន​១៤​លើក មាន​អ្នកស្លាប់​ចំនួន​១១​នាក់ (​ស្រី​៣​នាក់​) និង​របួសធ្ងន់​ស្រាល​ចំនួន​១៤​នាក់​។ មូលហេតុ​គ្រោះថ្នាក់ ដោយសារ​បើកបរ​លើស​ល្បឿន​កំណត់ មិន​គោរព​សិទ្ធិ មិន​ប្រកាន់ ប្រជែង បត់​គ្រោះថ្នាក់ និង​កត្តា​ផ្សេងៗ​៕ ល​/មន