ឃាតក​ដែល​បាញ់សម្លាប់​បងថ្លៃ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត

253
ចែករម្លែក

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ឃាតក ដែល​បាន​បាញ់សម្លាប់​បងថ្លៃ​ជា​គ្រូបង្រៀន ដោយ​ភ្ជាប់​នឹង​រឿង​គំនុំ​គុំ​គួ​ន​អស់​រយៈពេល​១០​ឆ្នាំ​កន្លងមកហើយ ត្រូវបាន​នគរបាល​ខ​ណ្ឌ​ទួលគោក បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​រឿងក្ដី​ឃាតកម្ម​នេះ ត្រូវបាន លោកស្រី​ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​សាកសួរ​ជនដៃដល់​។​

​តាម​របាយការណ៍​រប​ស់​នគរបាល​បាន​សន្មត​អំពើ​ឃាតកម្ម​នេះ ជាការ​សម្លាប់​មនុស្ស​ដោ​យ​គិតទុក​ជាមុន (​ផ្ដើមចេញពី​ករណី​គំនុំ​ផ្ទាល់ខ្លួន​)​។ តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ បទល្មើស​មនុស្សឃាត​គិតទុក​ជាមុន បានកំណត់​ឲ្យ​ផ្ដន្ទាទោស​ជន​ត្រូវ​ចោទ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​។​

​ជនដៃដល់​ឈ្មោះ មាស ណា​រ៉ា អាយុ​៣០​ឆ្នាំ មុខរបរ​ជា​សន្តិសុខ ស្នាក់​នៅផ្ទះ​លេខ N77H ផ្លូវលំ ភូមិ​១១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក​។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ ជួប រតនា អាយុ​៤៦​ឆ្នាំ មុខរបរ​ជា គ្រូបង្រៀន​នៅ​វិទ្យាល័យ​ពងទឹក ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​ជាមួយ​ប្អូនថ្លៃ​។​

​អំពើ​ឃាតកម្ម​ជននេះ ជនដៃដល់​ដែលជា​ប្អូនថ្លៃ បាន​បាញ់សម្លាប់​បងថ្លៃ​ខ្លួនឯង នៅក្នុង​ផ្ទះ​ដែល​រស់នៅ​ជុំ​គ្រួសារ ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង​ជិត​១១​ព្រឹក ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​បាញ់សម្លាប់​ប​ង​ថ្លៃ​ខ្លួន​រួចហើយ ជនដៃដល់​បាន​ជិះ​ម៉ូតូ​ទៅ​សារភាព នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​

​នៅ​ចំពោះ​សមត្ថកិច្ច​ដោយ​អះអាងថា មូលហេតុ​ដែល​ខ្លួន​បាញ់​បងថ្លៃ​បែបនេះ ព្រោះ​មាន​គំនុំ​ពាក្យសម្តី​ជាង ១០​ឆ្នាំ​មកហើយ និង​មាន​សម្ពាធ​ពី​ខាង​គ្រួសារ មិនអោយ​តមាត់​ជាមួយ​បងថ្លៃ​ដែល​តែងតែ​មាត់ធំ មាត់​តូច​ដាក់ខ្លួន ។

​ឃាតក​និយាយថា​នៅ​ថ្ងៃកើតហេតុ​ខ្ញុំ​ហៅ​គាត់​ហូប​ស្រា​បៀរ​មួយ​កំប៉ុង​ជាមួយ​ខ្លួន ដោយ​ខ្លួន​និយាយ​ថាបើ​គាត់​និយាយ​ល្អជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​លើកលែង​ឲ្យ​គាត់​ឈប់​រំលឹក​រឿង​អតីតកាល​ទាំងអស់ ។ ប៉ុន្ដែ​គាត់​នៅតែ​និយាយ​ពាក្យ​មិន​សមគួរ ពាក្យ​អគតិ​ចំពោះ​ខ្ញុំ​ទៀត ទើប​ខ្ញុំ​ដាច់ចិត្ត​បាញ់សម្លាប់​គាត់​ចោល​អោយ​បាត់​ពី​ផែនដី​នេះ​តែម្ដង​៕ ល​