ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ប្រមាណ​១០០​នាក់​នៅក្នុង​ខុន​ដូរ​មួយ​ក្នុង​ខណ្ឌទួលគោក​

1089
ចែករម្លែក

​(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កម្លាំង​ទ្រង់ទ្រាយ​ធំ​ជាច្រើន​នាក់ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការ​ស្នាក់នៅ និង​ការបំពេញ​ការងារ​រប​ស់ជន​បរទេស ដោយ​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន ចំនួន​១០០​នាក់ ក្នុងនោះ មាន​ស្រី​១៩​នាក់ យកមក​ធ្វើការ​សាកសួរ​។​

​ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ខុន​ដូ អគារ​៩៩ ផ្លូវ​លេខ​៣៣៦ កែង​ផ្លូវ​លេខ​៣៧៥ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រាប់​ឱ្យដឹងថា ប្រតិបត្តិការ​នេះ ធ្វើឡើង​ក្រោម​ការសម្របសម្រួល​ពី​លោក សៀង សុខ ព្រះ​រា​អាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក ឃុន សំបូរ អគ្គនាយករង​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ និង​រូបលោក​ផ្ទាល់ ដោយ​សហការ​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួម​នឹង​នគរបាល​ខណ្ឌទួលគោក​ផងដែរ​។​

​បើតាម​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ក្នុង​ប្រតិបត្តិការ​រយៈពេល​ប្រមាណ​ជាង​២​ម៉ោង សមត្ថកិច្ច​បាន​ពិនិត្យឃើញ​មាន​ជនជាតិ​ចិន ចំនួន​១០០​នាក់ ក្នុងនោះ​មាន​ស្រី​១៩​នាក់​បាន​លួច​ចូលមក​ស្នាក់នៅ​ខុន​ដូ​អគារ​៩៩ ដើម្បី​ប្រព្រឹត្ត​បទល្មើស VoIP និង Game Online សង្ស័យ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត និង​ធ្វើការ​ដោយ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន និង​ប័ណ្ណ​ការងារ​ត្រឹមត្រូវ​។​

​ក្រោយ​បញ្ចប់​ប្រតិបត្តិការ​ត្រួតពិនិត្យ សមត្ថកិច្ច​បញ្ជូន​ជនជាតិ​ចិន ចំនួន​១០០​នាក់ ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​អនុវត្តតាម​នីតិវិធី​ច្បាប់​៕S/​ដោយៈ​កា​ម៉ាច​

រូប​ថ​តៈ​សមត្ថកិច្ច​រកឃើញ​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​សង្ស័យ​ខុសច្បាប់​១០០​នាក់​នៅ​ខុន​ដូ​មួយ​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​(​រូបៈកា​ម៉ាច​)