ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ជាមួយ​ថ្នាំញៀន​បាន​ចំនួន ២០​ថង់​ធំ នៅ​កណ្តាល​ក្រុងភ្នំពេញ​

443

(​ភ្នំពេញ​)៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ រួមទាំង​វត្ថុតាង​ថ្នាំញៀន​ជាច្រើន​កញ្ចប់​កាលពី​រសៀល ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះជួល​លេខ​២០ ផ្លូវ​លេខ​១៣៦ ភូមិ​១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​នោះ មានឈ្មោះ Tsal Janko ភេទ​ប្រុស អាយុ​ជាង ៤០​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​លេខ​២០ ផ្លូវ​លេខ​១៣៦ ភូមិ​១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។​

​ក្រោយ​ការឃាត់ខ្លួន​សួរនាំ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក្រុង ដែលមាន​ទាំង​ស្ថាប័ន​តុលាការ​ផង​នោះ បាន​ចុះមក​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​៣ ចុះទៅ​ឆែកឆេរ​កន្លែង​ស្នាក់នៅ​របស់​ជនជាតិ​ចិន​រូបនោះ នៅ​រសៀល​ថ្ងៃ ដដែល​នោះ ​ដោយបាន​រកឃើញ​ថ្នាំញៀន​គ្រាប់​ពណ៌​ទឹកសមុទ្រ ចំនួន ២០​ស្បោង​ធំ និង ៣​ស្បោង​តូច ថ្នាំ​គ្រាប់​ពណ៌​ក្រហម ចំនួន ៦​កញ្ចប់ ថ្នាំញៀន​ពណ៌​ស​ថ្លា ៦​កញ្ចប់ (៤​កញ្ចប់​ធំ និង ២​កញ្ចប់​តូច​) ថ្នាំ​គ្រាប់​ពណ៌​ផ្កាឈូក Wy ចំនួន ៧​កញ្ចប់ និង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន ចំនួន ១ ស្បោង​ផ្លា​ស្ទិ​ក សម្រាប់​ច្រក​គ្រឿងញៀន​មួយចំនួន លិខិតឆ្លងដែន ១​ច្បាប់ ។​

​ជនសង្ស័យ​ជា​ជាតិចិន​រូបនេះ ត្រូវបាន​នាំខ្លួន​ទៅកាន់​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន នៃ​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕​ដោយ​៖​វាសនា​