ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​លាក់​គ្រឿងញៀន​ដោយ​រុំ​ជាប់​នឹង​ខ្លួន​ជិត​២​គីឡូ​នៅ​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ​

836
ចែករម្លែក

​ដោយ​៖​កញ្ញា​រស្មី​
​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នា​ក់បាន​លួចលាក់​គ្រឿងញៀន​ក្នុង​កញ្ចប់​ស្បោង ដោយ​រុំ​ជាប់​នៅ​នឹង​ភ្លៅ​ទាំងសងខាង និង​ដងខ្លួន​ប្រមាណ​ជិត​២​គីឡូក្រាម​គោលបំណង​បម្រុង​នាំចេញ​ទៅ​ក្រៅប្រទេស​មិនទាន់​បានចេញ​ផង​ក៏ត្រូវ​កម្លាំង​នគរបាល​អន្ដោប្រវេសន៍​ប្រចាំការ​នៅ​ព្រលានយន្តហោះ​អន្ដរជាតិ​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​គយ​ប្រចាំ​នៅ​ព្រលានយន្តហោះ​ឃាន់​ខ្លួន​បានតែ​ម្ដង​។​
​ពាក់ព័ន្ធ​ករណី​ឃាត់ខ្លួន​ជនជាតិ​ចិន​ខាងលើនេះ​មន្ដ្រីនគរបាល​ជំនាញ បានបញ្ជាក់​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​នេះ ឲ្យ​ដឹងថា បុរស​ជនជាតិ​ចិន​នេះ មានឈ្មោះ YU WEI YI កាន់​លិខិតឆ្លងដែន​លេ​ខៈ​462923​។​
​មន្ដ្រីនគរបាល​បាន​បន្ថែមថា​៖​មុនពេល​កើតហេតុ​ជនសង្ស័យ​ខាងលើនេះ​បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុជា​គោលបំណង​ចេញ​ក្រៅប្រទេស តែ​ត្រូវ​កម្លាំង​នគរបាល​អន្ដោប្រវេសន៍​ប្រចាំការ​នៅ​ព្រលានយន្តហោះ​អន្ដរជាតិ​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​គយ សង្ស័យថា មាន​សារធាតុ​ញៀន​នាំចេញ​ខុសច្បាប់​ក៏ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាមៗ​។​
​មន្ដ្រីនគរបាល​ជំនាញ​បាន​បញ្ជាក់ថា​៖ ក្រោយពេល​ត្រួតពិនិត្យ​ជាក់ស្ដែង ឃើញ​មាន​សារធាតុ​ញៀន​លាក់ ក្នុង​កញ្ចប់​ស្បោង​រុំ​ជាប់ នៅ​នឹង​ភ្លៅ​ទាំងសងខាង និង​ដងខ្លួន សរុប​ចំនួន​៤​កញ្ចប់ ជា​គ្រឿងញៀន​ប្រភេទ METHAMPHETAMINE ដែលមាន​ទម្ងន់​ចំនួន​១,៩៩៤.៧២ ក្រាម (​មួយ​ពាន់​ប្រាំបួន​រយ​កៅសិប​បួន​ក្បៀស​ចិតសិប​ពីរ​ក្រាម​)៕