ឃាត់ខ្លួន​ជនជាតិ​ឡាវ​ប្រាំមួយ​នាក់​ពីបទ​ឆ្លងដែន​កាប់​ឈើ​ខុសច្បាប់​

1034
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: ជនជាតិ​ឡាវ​ចំនួន​៦​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឈរជើង នៅ​ស្រុក​សៀម​ប៉ាង​ឃាត់ខ្លួន ពាក់ព័ន្ធ​ឆ្លងដែន​ខុសច្បាប់​និង​បាន​បញ្ជូន មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​នៅ​ល្ងាច​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​។​

ឃាត់ខ្លួន​ជនជាតិ​ឡាវ​ប្រាំមួយ​នាក់​ពីបទ​ឆ្លងដែន​កាប់​ឈើ​ខុសច្បាប់​

​លោក ជឹម អេ​ន អធិការនគរបាល​ស្រុក​សៀម​ប៉ាង​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រលប់​ថ្ងៃទី​១៨​ខែកញ្ញា​ថា ជនជាតិ​ឡាវ​ចំនួន​៦​នាក់ ត្រូវបាន​បញ្ជូន មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​រួចហើយ​។​

​លោក​ជឹម​អេ​ន​បាន​បញ្ជាក់ថា ករណីនេះ​កម្លាំង​នគរបាល​វីរ​ការពារ​ព្រំដែន​លេខ​៧០១ និង​យោធា​សឹក​រង​ស្រុក​សៀម​ប៉ាង​គឺជា​អ្នក​ឃាត់ខ្លួន នៅ​ចន្លោះ​បង្គោល​លេខ​០៥១-០៥៦ ស្ថិតក្នុង​ឃុំ​ស្រែ​សម្បូរ​ស្រុក​សៀម​ប៉ាង កាលពី​យប់​ថ្ងៃទី​១៤​ខែកញ្ញា និង​បាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សៀម​ប៉ាង​។ នៅក្នុង​នោះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន​រួមមាន​រណា​អារឈើ​កាំបិត​និង​ពូថៅ​។ ពេល​សាកសួរ​ទៅ​ពួកគេ​ឆ្លើយថា ចូលមករ​កកាប់​ឈើ​ដោយ​មិនដឹង​ពី​ទឹកដី​កម្ពុជា​នោះឡើយ​។​

​បន្ទាប់ពី​ឃាត់ខ្លួន​ភ្លាមៗ ខាង​សមត្ថកិច្ច​កម្ពុជា​បាន​ជូនដំណឹង ទៅ​ភាគី​ឡាវ​ដើម្បី​មក​ទទួលយក​ជនជាតិ​របស់ខ្លួន​ត្រឡប់​ទៅ​ស្រុក​វិញ ពាក់ព័ន្ធ​ឆ្លងដែន​និង​ប្រព្រឹត្ត​បទល្មើស នៅក្នុង​ស្រុក​សៀម​ប៉ាង​។ ប៉ុន្តែ​មិនឃើញ​មានការ​ឆ្លើយតប​។​ក្រោយមក ទើប​កម្លាំង​នគរបាល​ស្រុក​សៀម​ប៉ាង សម្រេចចិត្ត​បញ្ជូន​មនុស្ស​ទាំង​ប្រាំមួយ​នាក់ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជា​បន្ត​។​

​នៅ​ល្ងាច​ថ្ងៃទី​១៨​ខែកញ្ញា​នេះ កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង កំពុង​ទំនាក់ទំនង​ជាមួយ​អគ្គ​កុងស៊ុល​ឡាវ​ប្រចាំ​នៅ​ខេត្តស្ទឹងត្រែង ដើម្បី​ទទួលយក​ជនជាតិ​ឡាវ ទាំង​ប្រាំមួយ​នាក់​ទៅ​ប្រទេស​របស់ខ្លួន​វិញ​៕ ល​