ឃាត់ខ្លួន​ជនសង្ស័យ​ករណី​លួច​ម៉ូតូ​ពី​ស្ទឹងត្រែង​ទៅ​លក់​នៅ​រតនគិរី​

846

(​ស្ទឹងត្រែង​)៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​រតនៈគីរី ធ្វើការ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ខេត្តរតនគិរី បន្ទាប់ពី​ជនសង្ស័យ​រូបនោះ យក​ម៉ូតូ​មួយគ្រឿង​ដែល​លួចបាន​ទៅ​លក់​។​

​សមត្ថកិច្ច​បាន​និយាយ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧ កន្លងទៅ នៅ​ចំណុច​ក្រោមផ្ទះ​របស់​ប្រជាពលរដ្ឋ ស្ថិតក្នុង​ភូមិ​ហាង​ខូ​សួន​សង្កាត់​សាមគ្គី ក្រុង​ខេត្តស្ទឹងត្រែង​។ ចោរ​បានធ្វើ​សកម្មភាព​ដោយ​កាច់​សោក​យកទៅ​បាត់​។​

​បន្ទាប់ពី​មាន​ករណី​ខាងលើនេះ មក​ម្ចាស់​ម៉ូតូ​ក៏បាន​ដាក់ពាក្យ​បណ្តឹង​នៅ​កន្លែង​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ​។ ក្រោយពី​ទទួល​ពាក្យបណ្តឹង​ខាងលើ នគរ​បាន​បាន​ចុះ​ស៊ើបអង្កេត និង​ក្តាប់​មុខសញ្ញា​តាម​រហូត​ចាប់បាន​ដល់​ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បាន​ប្រាប់ថា ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ហម ថង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង ខេត្តស្ទឹងត្រែង​។ ចំណែក​ម៉ូតូ​ដែល​ជននេះ លួច​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៦ មួយគ្រឿង​។​

​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៧ ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ត្រូវ​សមត្ថកិច្ច​នាំទៅ​ចង្អុលបង្ហាញ ទីតាំង​កន្លែង​ធ្វើ​សកម្មភាព​។ នៅ​ថ្ងៃ​ដដែល​នេះ​ផងដែរ មន្ត្រី​ជំនាញ​កំពុង​សាកសួរ​បន្ថែម ទៅលើ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ជា​បន្តទៀត​៕L ដោយ​៖​ សុខុម​