ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពីបទ​រក្សាទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន បញ្ជូនទៅ​តុលាការ​

450

​ដោយ​: គូលែន / សៀមរាប​: ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប ដោយមាន​ការចូលរួម​សហការ​ពី​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម និង​កម្លាំង​ប្រជា​ការពារ​ភូមិ បានធ្វើការ​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប ករណី​រក្សាទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ភូមិ​បន្ទាយ​ចាស់ រួមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួនធំ​។​

​ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​រក្សាទុក​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់ ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បាន​និយាយថា ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​ខាងលើនេះ សមត្ថកិច្ច​យើង​បាន​ដកហូត​បាន​វត្ថុតាង​រួមមាន ម្សៅ​តា​មីន​(​ខេ​)​ចំនួន​១១​កញ្ចប់ ស្មើនឹង​ទំងន់​៣,២​ក្រាម​(​ទំងន់​សុទ្ធ​), ថ្នាំ​គ្រាប់​កេ​តា​មីន (​គ្រវី​) ចំនួន​២២​គ្រាប់​និង​០១​កំណាត់ ស្មើនឹង​ទំងន់ ៧,១​ក្រាម​(​ទំងន់​សុទ្ធ​), ក្រដាស​វេរ ប្រាក់​វី​ង​ចំនួន ០៥​សន្លឹក​, ទូរស័ព្ទដៃ ចំនួន​៣​គ្រឿង និង​ម៉ូតូ​ចំនួន​១​គ្រឿង​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺមាន​ឈ្មោះ ម៉ៅ ហៀ​ង ហៅ ហេង ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៨ មុខរបរ​បុគ្គលិក​ដឹក​ហ្គាស​ទីលំនៅ ភូមិ​ក្រាំង​តា​យ៉ង ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​និង​ម្នាក់ទៀត​ឈ្មោះ អ៊ួ​ន សីហា ហៅ​កូ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៦ មុខរបរ​បុគ្គលិក​ដឹក​ហ្គាស ទីលំនៅ ភូមិ​៤ សង្កាត់​អូរឫស្សី​ទី​២ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ សព្វថ្ងៃ​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សុំ​ណុំ​រឿង​បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី​៤​ខែ មេសា ឆ្នាំ​២០១៨​នេះ ដើម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕